អានតួអត្ថបទ
កម្ពុជា

ក្រសួង​​ធនធាន​ទឹក​៖ជំ​នន់​​ទឹកភ្លៀង​​នឹង​​វាយ​លុក​​ខេត្ត​​ព្រះសីហនុ ​និង​​ខេត្តកោះកុង​

ចាប់ពី​ថ្ងៃទី០៣ ខែសីហា​នេះ រហូតដល់​ថ្ងៃទី០៦ ខែសីហា​ខាងមុខ ខេត្ត​ព្រះសីហនុ និង ខេត្តកោះកុង​របស់​កម្ពុ​ជា​អាច​នឹងរង​ជំនន់​ទឹកភ្លៀង។ នេះ​បើតាម​សេចក្តីជូនដំណឹង​ពិសេស​របស់​ក្រសួង​ធនធានទឹក និង ឧតុនិយម​នៅ​ថ្ងៃ​សៅរ៍​នេះ។ ចំពោះ​បញ្ហា​នេះ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​បាន​អះអាងថា ស្ថាប័ន​ពាក់ព័ន្ធ​នៅក្នុង​ខេត្ត​ទាំងពីរ​នេះ​បាន​ត្រៀមលក្ខណៈ​រួចរាល់​អស់ហើយ ដើម្បី​ជួយ​ដល់​ពលរដ្ឋ​ដែល​នឹងរង​គ្រោះ។

ស្ថានភាព​ជំនន់​ទឹក​ភ្លៀង​ក្នុង​ខេត្ត​កំពង់​​ស្ពឺ​​នា​ពេលកន្ល​ងទៅ​
ស្ថានភាព​ជំនន់​ទឹក​ភ្លៀង​ក្នុង​ខេត្ត​កំពង់​​ស្ពឺ​​នា​ពេលកន្ល​ងទៅ​ @​រដ្ឋ​បាល​ខេត្ត​កំពង់​ស្ពឺ
ផ្សាយពាណិជ្ជកម្ម

ក្រសួង​ធនធានទឹក និង ឧតុនិយម បានបង្ហាញ​ឱ្យដឹងថា កម្ពុជា​នឹងរង​ឥទ្ធិពល​នៃ​ខ្យល់មូសុង​និរតី​រយៈពេល៤ថ្ងៃ​ចាប់ពី​ថ្ងៃនេះ​ទៅ​ដែល​ធ្វើឱ្យមាន​ភ្លៀង និង​ខ្យល់​ខ្លាំង​នៅ​តំបន់​មាត់សមុទ្រ ជាពិសេស ខេត្តកោះកុង និង​ខេត្ត​ព្រះសីហនុ។ ស្ថានភាព​នេះ នឹង​បណ្តាលឱ្យមាន​ការលិចលង់​ដល់​ភូមិឋាន​របស់​ប្រជាពលរដ្ឋ និង​ហេដ្ឋារចនាសម្ព័ន្ធ​នានា ហើយ​ជាពិសេស​នោះ គឺអាច​មានការ​លិចលង់​កំណាត់​ផ្លូវជាតិ​លេខ។ ជាមួយគ្នានេះ វា​នាំឱ្យ​ខ្យល់​មាន​ល្បឿនខ្លាំង​ពី ១៥-២០ម៉ែត្រ​ក្នុង​មួយ​វិនាទី ហើយ​រលក​មាន​កម្ពស់​ពី១-២ម៉ែត្រ។

ក្រសួង​ធនធានទឹក និង ឧតុនិយម បាន​អះអាង​បន្ថែមថា ការជូនដំណឹង​ជាពិសេស​តែ​លើ​ខេត្ត​ព្រះសីហនុ និង ខេត្តកោះកុង​នេះ គឺ​ដោយសារតែ​ខេត្ត​ទាំងពីរ​នេះ​កំពុងស្ថិត​ក្នុងស្ថានភាព​រងគ្រោះ គឺ​នឹងមាន​ភ្លៀង​ធ្លាក់​ខ្លាំង​បណ្តាលឱ្យ​កើតជា​ជំនន់ និង មហន្តរាយផ្សេងៗ ជាង​ខេត្ត​ជាប់មាត់​ដ​ដៃ​ទៀត។ បើតាម​ក្រសួង​ធនធានទឹក និង ឧតុនិយម ស្ថានភាព នេះ​ក៏​អាចពាក់ព័ន្ធ​ដល់​អាយុជីវិត​មនុស្ស សត្វ​ថែមទៀត​ផងដែរ។ ហេតុ​ដូច្នេះហើយ ក្រសួង​ធនធានទឹក និង ឧតុនិយម​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឱ្យមាន​ការត្រៀម​លក្ខណៈ​ទុកជាមុន និង បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​បាតុភូតធម្មជាតិ​នេះ។

ចំណែក គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​វិញ​បាន​លើកឡើងថា បញ្ហា​ជំនន់​ទឹកភ្លៀង​នៅក្នុង​ខេត្ត​ជាប់​សមុទ្រ​នេះ​មិនទាន់​ជា​បញ្ហា​ដែល​គួរ​ព្រួយបារម្ភ​ខ្លាំង​នៅឡើយ​ទេ។ តែ​ទោះជា​យ៉ាងណាក៏ដោយ លោក​កែវ វី អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ បាន​អះអាងថា ស្ថាប័ន​ពាក់ព័ន្ធ​នានា​នៅក្នុង​ខេត្ត​ព្រះសីហនុ និង ខេត្តកោះកុង បាន​ត្រៀមលក្ខណៈ​រួចរាល់​អស់ហើយ ដើម្បី​ជួយសង្គ្រោះ​ដល់​ប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ ពោល គឺ​មុន​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង ឧតុ​ម​និយម​មួយថ្ងៃ ជំនន់​ទឹកភ្លៀង​បាន​វាយលុក​ខេត្ត​ព្រះសីហនុ ដោយ​តំបន់​ខ្លះ​នៃ​ខេត្ត​នេះ​បាន​លិចលង់។ ប៉ុន្តែ​អាជ្ញាធរខេត្ត​ព្រះសីហនុ បាន​ដោះស្រាយ​បញ្ហា​នេះ​ដោយ​ប្រើប្រាស់​គ្រឿងចក្រ​កាយ​បើកផ្លូវ​ទឹក និង​ដោះស្រាយ​បញ្ហា​សំណង់​ដែល​សង់​រំលោភ​លើដី​អូរ និង ប្រឡាយ​ជាដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ