អានតួអត្ថបទ
កម្ពុជា

លោក​​​ខៀវ សុភ័គ​៖​អតីត​​តំណាង​រាស្ត្រ​​បក្ស​ប្រឆាំង​​រៀល ​ខេ​ម​រិ​ន្ត្រ​បាន​ដាក់​​ពាក្យ​ស្នើ​សុំ​​សិទ្ធិ​​ធ្វើ​​នយោបាយ​

អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​កម្ពុជា លោក​ខៀវ សុភ័គ បាន​បង្ហើប​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី ១៦ មីនា​នេះ​ថា អតីត​តំណាងរាស្ត្រ​មួយរូប​ទៀត​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក​រៀល ខេ​ម​រិ​ន្ត្រ បានមក​ដាក់ពាក្យ​ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​នៅ​ក្រសួងមហាផ្ទៃ។ ការដាក់​ពាក្យ​នេះ ធ្វើឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ព្រមាន​បិទទ្វារ​លែង​ទទួល​ពាក្យស្នើសុំ​នៅមុន ឫ​ក្រោយ​បុណ្យចូលឆ្នាំ​ខ្មែរ​ខាងមុខនេះ។

លោករៀល ខេមរិន្ត្រ អតីតអ្នកតំណាងរាស្ត្រគណបក្សប្រឆាំង
លោករៀល ខេមរិន្ត្រ អតីតអ្នកតំណាងរាស្ត្រគណបក្សប្រឆាំង @Google
ផ្សាយពាណិជ្ជកម្ម

លោក​រៀល ខេ​ម​រិ​ន្ត្រ អតីត​អ្នកតំណាងរាស្ត្រ​គណបក្សប្រឆាំង បានដាក់​ពាក្យស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​នៅ​ក្រសួងមហាផ្ទៃ​កាលពី​ថ្ងៃទី១៣ មីនា ក្នុង​សប្តាហ៍​នេះ។ នេះ​បើតាម​ការ​បង្ហើប​ឱ្យដឹងពី​លោក​ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ ដោយ​បន្ថែមទៀតថា សំណើ​របស់លោក​រៀល ខេ​ម​រិ​ន្ត្រ​នេះ ត្រូវបាន​ក្រសួងមហាផ្ទៃ​បញ្ជូន​ទៅកាន់​រដ្ឋាភិបាល​កម្ពុជា​ហើយ​នៅ​ព្រឹក​ថ្ងៃទី១៦ មីនា​នេះ។

លោក​រៀល ខេ​ម​រិ​ន្ត្រ មិនអាច​ស្វែងរក​ការទាក់ទង​សុំ​ការបញ្ជាក់​បន្ថែម​ពី​រឿងនេះ​បានទេ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ។ ប៉ុន្តែ​បើសិនជា​លោក​ត្រូវបាន​ព្រះមហាក្សត្រ ផ្តល់​នីតិសម្បទា​ឱ្យធ្វើ​នយោបាយ​ឡើងវិញ នោះ​លោក​នឹង​ក្លាយជា​មន្ត្រី​អតីត​បក្សប្រឆាំង​ទី​បួន​ហើយ​ដែល​បាន​ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា។ មន្ត្រី​ទីមួយ គឺ​លោក​គង់ គាំ អតីត​ទីប្រឹក្សា​ជាន់ខ្ពស់ ទី​ពីរ លោក​គង់ ប៉ូរា អតីត​អ្នកតំណាងរាស្ត្រ និង ទី​បី លោក​ស៊ីម សុវណ្ណនី ហៅ ស៊ីម វ៉ាន់​នី ដែលជា​អតីត​សមាជិក​គណៈកម្មាធិការ​នាយក​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ។

ជាការ​កត់សម្គាល់ ការដាក់​ពាក្យស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​របស់លោក​រៀល ខេ​ម​រិ​ន្ត្រ​នេះ ធ្វើឡើង​ក្រោយពី​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ព្រមាន​បិទ​លែង​ទទួលយក​សំណើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​របស់​មន្ត្រី​អតីត​បក្សប្រឆាំង។ បើតាម​លោកនាយក​រដ្ឋមន្ត្រី បើ​ក្រុម​អតីត​បក្សប្រឆាំង​នៅតែ​ស្ទាក់ស្ទើរ​មក​ស្នើសុំ​ដោយ​ទាមទារ​លក្ខខណ្ឌផ្សេងៗនោះ គឺ​លោក​នឹង​បិទ​លែង​ទទួល​នៅ​អំឡុង​មុន ឬ ក្រោយ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​នា​ខែក្រោយ​ខាងមុខនេះ។ លោក​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ក៏​ថែមទាំង​ប្រាប់​ទៅកាន់​អតីត​អ្នកនយោបាយ​បក្សប្រឆាំង​មួយចំនួន​ថា កុំ​ឈ្លើយ និង ព្រហើន​ដាក់​លោក​ឱ្យសោះ ព្រោះថា អ្វីៗស្ថិតក្នុង​ដៃ​របស់លោក​ដែល​លោក​ចង់​ធ្វើ​យ៉ាងម៉េច​ក៏បាន។

យ៉ាងណាក៏ដោយ ក្រៅពី​មន្ត្រី​អតីត​បក្សប្រឆាំង​ទាំងនេះ ក្រសួងមហាផ្ទៃ​ក៏បាន​បង្ហើប​ឱ្យដឹង​ដែរ​ថា មាន​មន្ត្រី​ប្រហែល ២៥ឫ២៦នាក់​ទៀត​ក៏មាន​បំណង​ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​នេះ​ផងដែរ។ ប៉ុន្តែ​មកដល់ពេលនេះ​នៅតែ​មិនទាន់​មានការ​ដាក់ពាក្យ​ស្នើសុំ​ជា​ផ្លូវការ​នៅឡើយ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ