អានតួអត្ថបទ
កម្ពុជា

លោក​ស​ម រង្ស៊ី​ ៖ ​ហ្វេ​ស​ប៊ុ​ក​បាន​​ជួយ​​រក​​សំឡេង​ឆ្នោត​​ឲ្យ​​បក្ស​ប្រឆាំង​

នៅ​រសៀល​ថ្ងៃ​អង្គារ​ទី១៦ ធ្នូ​នេះ លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បានធ្វើ​សន្និសីទកាសែត​មួយ​នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស ធ្វើការ​ប្រកាស​ពី​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក​ទទួលបាន​អ្នកគាំទ្រ​ដល់​ទៅមួយ​លាន​នាក់។ ប្រធាន​គណបក្សប្រឆាំង បាន​ថ្លែង​បញ្ជាក់ថា ដោយសារតែ​បណ្តាញ​ទំនាក់ទំនង​សង្គម​នេះហើយ បានធ្វើ​គណបក្ស​សង្គ្រោះ​ជាតិ​ទទួលបាន​សំឡេងឆ្នោត និង​ការគាំទ្រ​ច្រើន​ដូច​បច្ចុប្បន្ននេះ។

ទំព័រហ្វេសប៊ុក​របស់​លោកសម រង្ស៊ី​ ទទួល​បាន​អ្នក​Like ​មួយ​លាន​នាក់​
ទំព័រហ្វេសប៊ុក​របស់​លោកសម រង្ស៊ី​ ទទួល​បាន​អ្នក​Like ​មួយ​លាន​នាក់​ @ Sam Rainsy Facebook
ផ្សាយពាណិជ្ជកម្ម

មិន​ដល់​រយៈពេល២ឆ្នាំ​ផង ទំព័រ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ មាន​ចំនួន​អ្នកគាំទ្រ​ឫ​ចុច​Like ដល់​ទៅមួយ​លាន​នាក់។ ចំនួន​មួយ​លាន​នាក់​នេះ គឺ​ចាប់​គិតពី​ថ្ងៃទី១៤ ធ្នូ កន្លងទៅ។

លោក​សម រង្ស៊ី បាន​ចាត់ទុកថា នេះ​ជា​ជោគជ័យ​មួយ​សម្រាប់​រូបលោក ដែលជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។ ជោគជ័យ​ព្រោះថា ចំនួន​គាំទ្រ​នេះ បានធ្វើ​ឲ្យ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក ក្លាយជា​ទំព័រ​ហ្វេ​ស​ប៊ុ​ក​អ្នកនយោបាយ​ទទួលបាន​ការគាំទ្រ​ច្រើនជាង​នៅក្នុង​ប្រទេស​កម្ពុជា។ កម្ពុជា ដែល​លោក​សម រង្ស៊ី យល់ថា មិនសូវមាន​អ្នកប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​ច្រើន​ដូច​បណ្តា​ប្រទេស​ផ្សេងទៀត។ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ បាន​លើកឡើងថា ក្នុងចំណោម​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ចំនួន១លាន៤សែន​នាក់​នៅក្នុង​ប្រទេស​កម្ពុជា គឺ​អ្នកប្រើប្រាស់​ចំនួន១លាន​នាក់ ឫ ៧១% បាន​ចុច​Like ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក។

បើតាម​លោក​សម រង្ស៊ី បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក បាន​តួនាទី​សំខាន់​ណាស់​ក្នុង​ដំណើរ​វិវត្តន៍​នៃ​នយោបាយ​នៅក្នុង​ប្រទេស​កម្ពុជា ជាពិសេស​វា​បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​បណ្តាញ​សង្គម​នេះ បាន​ស្គាល់ និង​យល់ដឹងបាន​ច្រើន​អំពី​គណបក្ស​សង្គ្រោះ​ជាតិ។ លោក​សម រង្ស៊ី បាន​បញ្ជាក់ថា បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក បាន​ជួយ​ឲ្យ​គណបក្សប្រឆាំង​រកបាន​សំឡេងឆ្នោត ក៏ដូចជា​ទទួលបាន​កា​រ​គាំទ្រ​ច្រើន​នៅក្នុង​អាណត្តិ​នេះ ។

គួរ​បញ្ជាក់ថា ទំព័រ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់លោក​សម រង្ស៊ី បាន​បង្កើតឡើង​កាលពី​ខែមេសា​ឆ្នាំ ២០១៣ ដោយ​ប្រែក្លាយ​ពី​គណនេយ្យ​ផ្ទា​ល់​ខ្លួន​របស់លោក ហើយ​មកដល់​ចុងឆ្នាំ២០១៤នេះ ទទួលបាន​អ្នកគាំទ្រ​ចំនួន​មួយ​លាន​នាក់។ ជាមួយ​ចំនួន​នេះ លោក​សម រង្ស៊ី បាន​សម្តែង​មោទនភាព​យ៉ាងខ្លាំង ព្រោះថា​ទំព័រ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់លោក ទទួលបាន​ការគាំទ្រ​ច្រើ​ជាង​ទំព័រ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ដែល​ដាក់ឈ្មោះ​ជា ភាសា​អង់គ្លេស​ថា Samdech Hun Sen, Cambodian Prime Minister។ ប៉ុន្តែ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ធ្លាប់បាន​ប្រកាស​នាពេល​កន្លងមក​ថា លោក​មិនមាន​ទំព័រ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​នោះទេ។

យ៉ាងណាក៏ដោយ នៅពេលនេះ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក​សម រង្ស៊ី មាន​ចំនួន​អ្នកគាំទ្រ​មិន​ចាញ់​ទំព័រ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​មេដឹកនាំ​ល្បីឈ្មោះ​ក្នុង​ពិភពលោក ដូចជា លោក Nicolas Sarkozy អតីត​ប្រធានាធិបតី​បារាំង លោកស្រី​Aung San Suu Kyi ប្រមុខ​បក្សប្រឆាំង​ភូមា និង អតីត​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក Kofi Annan ដែល​សុទ្ធ​តែមាន​អ្នកគាំទ្រ​ដល់​ទៅ​ជាង​មួយ​លាន​នាក់​ដូចគ្នា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ