ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 22/07 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/07 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 22/07 12h00 GMT
កម្ពុជា

លោក​សម រង្ស៊ី​ និង​​លោក​ស្រី​​មួរ សុខ​ហួរ ទៅ​ដ​ល់​​​​កូរ៉េខាងត្បូង​​ដឹក​នាំ​​ធ្វើ​បាតុកម្ម​​ភ្លើងទៀន​​នា​​យ​ប់​នេះ​

media  
លោក​សម រង្ស៊ី ​និង ​លោកស្រី​ មួរ សុខហួរ ​ពេល​ទៅ​ដល់​ប្រទេស​កូរ៉េ​ខាងត្បូង​ @ Mu Sochau

នៅ​យប់​នេះ សកម្មជន និង អ្នកគាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ប្រមូល​ផ្តុំគ្នា​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង ដើម្បី​ធ្វើបាតុកម្ម​ទ្រង់​ទ្រង់​ធំ​មួយ​ឈ្មោះថា “មហា​បាតុកម្ម​ភ្លើងទៀន។ បាតុកម្ម​ជាថ្មី​នេះ នឹង​ដឹកនាំ​ដោយ​លោក​សម រង្ស៊ី និង លោកស្រី​មួរ សុខ​ហួរ ដែលជា​ថ្នាក់ដឹកនាំ​អតីត​បក្ស​សង្គ្រោះ​ជាតិ។ បាតុកម្ម​នេះ ធ្វើឡើង​ទន្ទឹមគ្នា​នឹង​ការប្រគុំ​តន្ត្រី​ច្រៀង​រាំ​សប្បាយ ដែល​រៀបចំឡើង​ដោយ​ក្រុមហ៊ុន​បុរី ឡេង ណា​វ៉ា​ត្រា​នៅ​កូរ៉េខាងត្បូង​ផងដែរ។

បាតុកម្ម​ទ្រង់ទ្រាយ​ធំ​របស់​ក្រុម​អតីត​បក្សប្រឆាំង​នឹងធ្វើ​ឡើង​ចាប់ពី​ម៉ោង៥ រហូតដល់១០យប់​ថ្ងៃទី២០ មេសា​នេះ នៅក្នុង​ទីក្រុង​Gwangju នៃ​ប្រទេស​កូរ៉េខាងត្បូង។ តាម​អ្នករៀបចំ បាតុកម្ម​នេះ​ធ្វើឡើង​ដើម្បី​ទាមទារ​ការស្ដារ​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ​នៅក្នុង​ប្រទេស​កម្ពុជា។ លោក​សម រង្ស៊ី លោកស្រី​មួរ សុខ​ហួរ និង​មន្ត្រីសំខាន់ៗរបស់​អតីត​បក្សប្រឆាំង​ដទៃទៀត​នឹង​ដឹកនាំ​បាតុកម្ម​នេះ​ដោយផ្ទាល់ បន្ទាប់ពី​ពួកគេ​បាន​ទៅដល់​ប្រទេស​កូរ៉េខាងត្បូង​និង​បាន​ចូលរួម​វេទិកា​ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង សន្តិភាព​ដែល​រៀបចំឡើង​ដោយ​អង្គការ​នៃ​វេទិកា​សិទ្ធិមនុស្ស និង សន្តិភាព​អាស៊ី (AHPF) កាលពី​ថ្ងៃ​សុក្រ។

ក៏ប៉ុន្តែ អ្វីជាការកត់សម្គាល់ គឺនៅក្នុងវេទិកានោះ មានតែលោកសម រង្ស៊ី លោកស្រីមួរ សុខហួរ​ សហការី ​អ្នkវិភាគ ​និង ​តំណាង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ប៉ុណ្ណោះ​ដែល​បាន​ចូល​រួម​។ ​ចំណែក ​លោក​​អ៊ូ ច័ន្ទរ័ត្ន ​និង ​លោក ​ជីវ កត្តា​ ដែល​បាន​ទៅ​ដល់​ប្រទេស​កូរ៉េ​ខាង​ត្បូង​តាម​ការ​អញ្ជើញ​របស់​អង្គការ​នៃ​វេទិកា​សិទ្ធិមនុស្ស ​និង ​សន្តិភាព​អាស៊ី ​(AHPF) ​មិន​បាន​ចូលរួម​នោះទេ​ ។​ នេះ ​គឺ​ដោយសារ​​តែ​លោ​កស្រី​មួរ សុខហួរ​ ដែល​ជា​អនុ​ប្រធាន​អតីត​គណបក្ស​សង្គ្រោះជាតិ ​បាន​ប្រកាស​មិន​ស្វាគមន៍​វត្តមាន​របស់​ពួកគេ​ ដោយ​ចោទ​ថា​ ពួកគេ​លែង​ជា​អ្នក​ប្រជាធិបតេយ្យ​ទៀត​ហើយ​ ព្រោះ​បាន​ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ពី​រដ្ឋាភិបាល​កម្ពុជា​។

ដោយឡែក សម្រាប់​ការធ្វើ​បាតុកម្ម​នៅ​យប់​នេះ​វិញ លោក​សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចំអក​ថា នឹង​មិនមាន​មនុស្ស​ចូលរួម​ច្រើន​នោះទេ។ តែ​យ៉ាងណា លោក​ថា នឹង​រង់​ចាំមើល ថា​តើ​មាន​មនុស្ស​ប៉ុន្មាន​ចូលរួម​ការធ្វើ​បាតុកម្ម​នេះ។ ចំណែក លោក​យឹម ស៊ី​ណន ប្រធាន​ចលនា​យុវជន​អតីត​បក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​នៅ​ប្រទេស​កូរ៉េខាងត្បូង​វិញ​រំពឹងថា នឹងមាន​មនុស្ស​ខ្ទង់​ម៉ឺន​នាក់​ចូលរួម​ធ្វើបាតុកម្ម​នេះ។

ក្រៅតែពី​ការធ្វើ​បាតុកម្ម នៅ​យប់​នេះ​ក្នុងប្រទេស​កូរ៉េខាងត្បូង​ក៏​នឹងមាន​ការរៀបចំ​ប្រគុំ​តន្ត្រី​ដែលមាន​ការចូលរួម​ពី​អ្នកចម្រៀង​កម្ពុជា​ជាច្រើនរូប​ផងដែរ។ ការប្រគុំ​តន្ត្រី​នេះ នឹង​ធ្វើឡើង​ចាប់ពី​ម៉ោង៤ រហូតដល់​ម៉ោង១០យប់​នៅក្នុង​ទីក្រុង​ប៊ូសាន។ ក្រុមហ៊ុន​បុរី ឡេង ណា​វ៉ា​ត្រា ដែល​រៀបចំ​ឱ្យមាន​ការប្រគុំ​តន្ត្រី​នេះ បាន​អះអាងថា គោលបំណង​សំខាន់​នៃ​ការប្រគុំ​តន្ត្រី​នេះ គឺ ដើម្បី​ស្វែងរក​មូលនិធិ​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​នៅក្នុង​ប្រទេស​កម្ពុជា៕

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ