លោកសម រង្ស៊ី៖ជប៉ុនអាចបញ្ចុះបញ្ចូលលោកហ៊ុន សែនឲ្យរៀបចំការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ
ក្រោយពីបានជួបពិភាក្សាគ្នាជាមួយក្រុមសមាជិកសភាជប៉ុនកាលពីថ្ងៃទី១២ មេសា នៅថ្ងៃសុក្រម្សិលមិញនេះ លោកសម រង្ស៊ី បានធ្វើសន្និសីទកាសែតមួយ ជាមួយក្លឹបអ្នកកាសែតបរទេសនៅក្នុងប្រទេសជប៉ុន។ នៅក្នុងសន្និសីទកាសែតនោះ លោកសម រង្ស៊ី បានលើកឡើងពីសារៈសំខាន់នៃតួនាទីរបស់ប្រទេសជប៉ុនក្នុងស្តារលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា។ អតីតមេបក្សប្រឆាំងរូបនេះបានអះអាងថា មានតែជប៉ុនទេដែលអាចបញ្ចុះបញ្ចូលលោកហ៊ុន សែន ឲ្យរៀបចំការបោះឆ្នោតនាខាងមុខ តាមលទ្ធិប្រជាធិបតេយ្យ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:០១
ឆ្លើយបតនឹងសំណួរអ្នកកាសែតជុំវិញតួនាទីរបស់ប្រទេសជប៉ុននៅក្នុងស្ថានភាពនយោបាយកម្ពុជាបច្ចុប្បន្ន ជាពិសេសទាក់ទងទៅការបោះឆ្នោត លោកសម រង្ស៊ីបានអះអាងថា ជប៉ុនមានតួនាទីសំខាន់។ សំខាន់ បើតាមលោកសម រង្ស៊ី គឺជប៉ុនកំពុងកាន់ក្នុងដៃនូវកូនសោរដែលផ្តល់ភាពស្របច្បាប់ចំពោះការបោះឆ្នោតនៅកម្ពុជា ហើយបើសិនជាជប៉ុននិយាយថា បោះឆ្នោតនាពេលខាងមុខមិនស្របច្បាប់ នោះរដ្ឋាភិបាលដែលកើតចេញការបោះឆ្នោតនេះក៏មិនស្របច្បាប់ដែរ។ លោកបន្ថែមថា ប្រសិនបើនៅពេលនេះ ជប៉ុនចូលរួមជាមួយប្រទេសប្រជាធិបតេយ្យដទៃទៀត តួយ៉ាងសហរដ្ឋអាមេរិកក៏ដូចសហភាពអឺរ៉ុប ហើយប្រកាសថា ការបោះឆ្នោតដែលគ្មានបក្សប្រឆាំង គឺមិនមានន័យហើយមិនអាចទទូលស្គាល់ នោះវានឹងធ្វើឲ្យមានបញ្ហាកាន់តែខ្លាំងដល់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
ដូច្នេះហើយ សម្រាប់លោកសម រង្ស៊ី ប្រទេសជប៉ុន គឺអាចបញ្ចុះបញ្ចូលលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ឲ្យរៀបចំការបោះឆ្នោតនាពេលខាងមុខនេះ ឲ្យមានភាពសេរីតាមបែបផែនលទ្ធិប្រជាធិបតេយ្យ។ បើតាមលោកសម រង្ស៊ី ដដែល លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក៏បានដឹងពីភាពសំខាន់នៃប្រទេសជប៉ុននេះផងដែរ ហើយលោកគិតថា លោកនាយករដ្ឋមន្ត្រីអាចនឹងស្ដាប់តាមជប៉ុន។
សូមបញ្ជាក់ថា លោកសម រង្ស៊ី បានទៅដល់ប្រទេសជប៉ុនកាលដើមសប្តាហ៍នេះ ហើយលោកក៏បានជួបជាមួយសន្ទនាជាមួយសមាជិកសភាជប៉ុនមួយចំនួនផងដែរកាលពីថ្ងៃទី១២ មេសា។ គោលបំណងនៃដំណើររបស់លោកសម រង្ស៊ីនៅក្នុងប្រទេសជប៉ុននេះ គឺដើម្បីស្នើសុំឲ្យរដ្ឋាភិបាលជប៉ុនជំរុញឲ្យការបោះឆ្នោតនៅកម្ពុជានាចុងខែកក្កដា ធ្វើឡើងដោយសេរី និងយុត្តិធម៌។ នៅមុនវត្តមានរបស់លោកសម រង្ស៊ីនៅជប៉ុននោះ រដ្ឋាភិបាលជប៉ុនក៏បានជំរុញឲ្យលោកហ៊ុន សែន រៀបចំការបោះឆ្នោតនាពេលខាងមុខប្រកបដោយសេរី និងយុត្តិធម៌ផងដែរ។
យ៉ាងណាក៏ដោយ ប្រសិនបើការបោះឆ្នោតជាតិនៅចុងខែកក្កដាខាងមុខនេះ មិនមានវត្តមានគណបក្សសង្គ្រោះជាតិចូលរួមទេនោះ លោកសម រង្ស៊ី ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរធ្វើពហិការការបោះឆ្នោត។ បន្ថែមពីលើនេះ លោកអតីតប្រមុខបក្សប្រឆាំងក៏បានអំពាវនាវកុំឲ្យអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិចូលរួមឃ្លាំមើលការបោះឆ្នោតនេះដែរ ពីព្រោះលោកចាត់ទុកថា ជាការបោះឆ្នោតក្លែងក្លាយដែលរៀបចំឡើងគ្រាន់តែដើម្បីឲ្យគណបក្សកាន់អំណាចសព្វថ្ងៃឈ្នះយ៉ាងងាយប៉ុណ្ណោះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ