ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 17/08 12h00 GMT
កម្ពុជា

លោក​​សម រង្ស៊ី ​អះអាង​ថា ​អតីត​​បក្ស​ប្រឆាំង​​ចង់​​បញ្ជៀ​ស​​មិន​ឱ្យ​​មាន​ទណ្ឌ​កម្ម​​អន្តរជាតិ​​មក​លើ​​កម្ពុជា​

media  
លោក សម រង្ស៊ី @RFI

ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​យប់​ថ្ងៃទី១៦ មីនា ត្រូវ​នឹង​ព្រឹក​ថ្ងៃអាទិត្យ​នេះ បានរៀបចំ​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​សហរដ្ឋអាមេរិក បន្ទាប់ពី​បាន​ជួបប្រជុំគ្នា​ពិនិត្យ​លើ​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន និង​រៀបចំ​ផែនការ​សកម្មភាព​បន្ត។ នៅក្នុង​សន្និសីទ​សារព័ត៌មាន​នោះ លោក​សម រង្ស៊ី តាងនាម​ជា​ប្រធានស្តីទី​អតីត​បក្ស​សង្គ្រោះ​ជាតិ​បាន​អះអាងថា អតីត​បក្សប្រឆាំង​មិន​ចង់ឃើញ​សហគមន៍​អន្តរជាតិ​ដាក់ទណ្ឌកម្ម​ណាមួយ​មក​លើ​ប្រទេស​កម្ពុជា​ឡើយ។

“ទណ្ឌកម្ម​អន្តរជាតិ គឺ​មហា​គ្រោះថ្នាក់​មួយ​ធំ​ណាស់” នេះ គឺជា​អ្វីដែល​លោក​សម រង្ស៊ី បាន​និយាយ​ប្រាប់​ទៅកាន់​ក្រុមមន្ត្រី និង​អ្នកគាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ជាច្រើន​នាក់​នៅ​សហរដ្ឋអាមេរិក។ ហេតុ​ដូច្នេះហើយ លោក​ថា អតីត​គណបក្សប្រឆាំង​ចង់​បញ្ជៀ​ស​មិនឱ្យ​ទណ្ឌ​កម្មនេះ​កើតឡើង​នោះទេ។ សម្រាប់​លោក​សម រង្ស៊ី បើទោះបី​រដ្ឋាភិបាល​ក្រុងភ្នំពេញ​អះអាងថា វា​មិន​ប៉ះពាល់​ខ្លាំង​យ៉ាងណាក៏ដោយ ប៉ុន្តែ​បើសិនជា​ទណ្ឌកម្ម​នេះ​កើតឡើង​មែន គឺ​ប្រជារាស្ត្រ​ខ្មែរ​ឯណោះ​ទេ​ដែល​នឹងត្រូវ​រងគ្រោះ រស់នៅ​ជាមួយ​ទុក្ខវេទនា។

ដើម្បី​បញ្ជៀ​ស​នូវ​ទណ្ឌកម្ម​អន្តរជាតិ​ដែល​លោក​អតីត​ប្រមុខ​បក្សប្រឆាំង​ថា កម្ពុជា​កំពុង​ប្រឈមមុខ​នេះ គឺ​រដ្ឋាភិបាល​កម្ពុជា​ត្រូវតែ​យល់ព្រម​តាម​សំណើ​របស់​សហគមន៍​អន្តរជាតិ។ សំណើ​នោះ គឺ​ដោះលែង​លោក​កឹម សុខា និង អនុញ្ញាតឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ដំណើរការ​ឡើងវិញ។ នេះ​បើតាម​លោក​សម រង្ស៊ី។ លោក​សម រង្ស៊ី បានលើកឡើង​ទៀតថា ប្រសិនបើ​រដ្ឋាភិបាល​ក​ម្ពុ​ជា​ស្រឡាញ់​ជាតិ អាណិត​ប្រជាពលរដ្ឋ​នោះ គឺ​នឹង​ធ្វើតាម​សំណើ​របស់​អន្តរជាតិ​ទាំងនេះហើយ។

ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា​ធ្លាប់បាន​ទាត់ចោល​សំណើ​ទាំងនេះ​ម្តង​ជា​ពីរដង​ហើយ ដោយ​អះអាងថា អ្វីៗគឺជា​ការអនុវត្ត​ច្បាប់​របស់​កម្ពុជា​ដែលជា​រដ្ឋ​អធិបតេយ្យ ពោលគឺ​វា​ជា​រឿង​ផ្លូវច្បាប់​មិនមែនជា​រឿង​នយោបាយ​ឡើយ។ ការទាត់ចោល​នេះ​បាន​ក្លាយជា​មូលហេតុ​ឱ្យ​លោក​សម រង្ស៊ី ប្រកាស​ចូលមក​ប្រទេស​កម្ពុជា​វិញ ដើម្បី​មក​ប្រមូល​កម្លាំង​ជំ​រុញឱ្យ​រដ្ឋាភិបាល​កម្ពុ​ជា​ធ្វើតាម​សំណើ​របស់​អន្តរជាតិ ឫ​ឱ្យ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ចុះ​ចេញពី​ដំណែង​តែម្តង។ លោក​សម រង្ស៊ី ថែមទាំង​បាន​ហៅ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន កប់ៗមាត់​ជា ជា​ជន​ផ្តាច់ការ និង​ដឹកនាំ​ប្រទេស​បែប​ផ្តាច់ការ។

ប៉ុន្តែ​លោក​សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បានចាត់ទុក​អ្នក​ដែល​វាយប្រហារ​ថា​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​កាន់អំណាច​ផ្តាច់កា​រថា ជាការ​ឆោតល្ងង់​បំផុត។ ឆោតល្ងង់​បំផុត ព្រោះ​បើតាម​លោក​សុខ ឥសាន គឺ​នៅ​បណ្តា​ប្រទេស​ដែល​ប្រកាន់​របប​នយោបាយ​សភា​និយម នាយករដ្ឋមន្ត្រី​គឺជា​អ្នកមានអំណាច​ខ្ពស់បំផុត​ក្នុងការ​ដឹកនាំ​បញ្ជារ​រាល់​កិច្ចការ​របស់​ប្រទេសជាតិ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ