អានតួអត្ថបទ
កម្ពុជា

លោក​​សម រង្ស៊ី​​អះអាង​ថា ​នឹង​​ចូល​មក​​ស្រុក​​វិញ​​នៅ​ពេល​​​អឺរ៉ុប​​សម្រេច​​ដក​​ប្រព័ន្ធ​​អនុគ្រោះ​​ពន្ធ​​EBA​ពី​​កម្ពុជា​

ប្រធានស្តីទី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក​សម រង្ស៊ី បាន​បង្ហើប​ឱ្យដឹងថា លោក​នឹង​វិល​មក​ប្រទេស​កម្ពុជា​វិញ នៅពេលណា​ដែល​សហភាព​អឺរ៉ុប​សម្រេច​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBAជា​ផ្លូវការ​ពី​កម្ពុជា។ ការអះអាង​របស់លោក​សម រង្ស៊ី​នេះ ធ្វើឡើង​ស្រប​ពេលដែល​អ្នកគាំទ្រ​មួយចំនួន​នៅ​អាមេរិក គ្រោង​រៀបចំ​ពិធី​ប្រសិទ្ធិ​ពរជ័យ​ឱ្យ​លោក​វិល​មកកាន់​កម្ពុជា​វិញ​ដោយ​ជោគជ័យ។ ប៉ុន្តែ​គណបក្សកាន់អំណាច​ហៅ​ការត្រៀម​រៀបចំ​នេះ​ថា ជា​រឿង​ឥត​បានការ ដោយ​ចំអក​ថា លោក​សម រង្ស៊ី ជា​មនុស្ស​កំសាក​មិន​ហ៊ាន​ចូល​ស្រុក​នោះទេ។

លោក សម រង្ស៊ី
លោក សម រង្ស៊ី @RFI
ផ្សាយពាណិជ្ជកម្ម

តាមរយៈ​បទសម្ភាសន៍​មួយ​ជាមួយ​វិទ្យុ​អាស៊ី​សេរី​កាលពី​យប់​ថ្ងៃ​សៅរ៍ លោក​សម រង្ស៊ី បាន​អះអាង​ឱ្យដឹងថា ពេលវេលា​អំណោយផល​សម្រាប់​ការវិលត្រឡប់​ចូល​ស្រុក​របស់លោក គឺ​នៅពេលដែល​សហភាព​អឺរ៉ុប​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA គួបផ្សំ​នឹង​អាមេរិក​អនុវត្ត​វិធាន​ការដែល​រៀបចំ​យ៉ាង​ជាក់ស្តែង​មកលើ​កម្ពុជា។ លោក សម រង្ស៊ី យល់ថា ពេលនោះ កម្ពុជា​នឹងមាន​វិបត្តិ​យ៉ាងធ្ងន់ធ្ងរ តាមរយៈ​ការ​ងើប​បះបោរ​របស់​ប្រជាពលរដ្ឋ ជាពិសេស កម្មករនិយោជិត។ ជាមួយគ្នានេះ លោក​ក៏បាន​អះអាង​ជាថ្មី​ទៀតថា ការចូល​មកវិញ​រប​ស់លោក​នេះ គឺមាន​ការមើល​ការខុសត្រូវ និង ការពារ​ពី​សំណាក់​អន្តរជាតិ។

ការអះអាង​ពី​ការវិល​ត្រឡប់មក​កម្ពុ​ជា​វិញ​របស់លោក​សម រង្ស៊ី​ជាថ្មី​នេះ ធ្វើឡើង​ស្រប​ពេលដែល​អ្នកគាំទ្រ​មួយចំនួន​នៅ​អាមេរិក គ្រោង​នឹង​រៀបចំ​ធ្វើ​ពិធី​ប្រសិទ្ធិ​ពរជ័យ​ដល់​លោក​ឱ្យ​វិល​ចូល​ស្រុក​ខ្មែរ​វិញ​បាន​ដោយ​ជោគជ័យ។ ពិធី​នេះ គ្រោង​រៀបចំ​ធ្វើឡើង​នៅ​ថ្ងៃទី០៧ ខែមិថុនា ខាងមុខនេះ​នៅក្នុង​រដ្ឋ Minnesota សហរដ្ឋអាមេរិក។ អ្នករៀបចំ​ពិធី​ក៏បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ផ្សេងទៀត​ដែល​កំពុង​រស់នៅ​សហរដ្ឋអាមេរិក និង ប្រទេស​កាណាដា ទៅ​ចូលរួម​ក្នុង​ពិធី​នេះ​ផងដែរ។

ក៏ប៉ុន្តែ លោក​សុខ ឥសាន ដែលជា​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ហៅ​ការត្រៀម​រៀបចំ​ពិធី​នេះ​ថា ជា​រឿង​ឥត​បានការ។ ឥត​បានការ គឺ​ដោយសារតែ​លោក​លើកឡើងថា លោក​សម រង្ស៊ី មិន​ហ៊ាន​ចូលមក​ប្រទេស​កម្ពុជា​វិញ​នោះទេ ព្រោះ​ជា​មនុស្ស​កំសាក។

ចំណែក លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​វិញ កន្លងមក​ក៏​ធ្លាប់បាន​ចំអក​ដាក់​លោក​សម រង្ស៊ី​ដែរ ថា​មិន​ហ៊ាន​មក​កម្ពុជា​វិញ​ឡើយ។ ប៉ុន្តែ​ជាមួយនឹង​ការ​ចំអក​នេះ លោកនាយក​រដ្ឋមន្ត្រី​ក៏បាន​ប្រកាស​ដង្ហោយហៅ​លោក​សម រង្ស៊ី​ឱ្យចូល​កម្ពុជា​វិញ​ដែរ ដោយ​លោក​បាន​អះអាងថា អាជ្ញាធរ​បាន​ត្រៀម​ខ្នោះ និង​ពន្ធនាគារ​រួចហើយ​ដើម្បី​ទទួល​វត្តមាន លោក សម រង្ស៊ី ពេលមកដល់​ប្រទេស​កម្ពុជា​វិញ តាម​ដីកា​របស់​តុលាការ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ