ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 22/04 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 21/04 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 21/04 12h00 GMT
កម្ពុជា

ថ្នាក់ដឹកនាំ​​អតីត​​បក្ស​ប្រឆាំង​​ផ្លាស់​​វេន​​គ្នា​​ទៅ​រក​​ជប៉ុន​​ឲ្យ​​ជួយ​​ស្តារ​​លទ្ធិ​​ប្រជា​ធិ​តេ​យ្យ​​នៅ​​កម្ពុជា​

media លោកសម រង្ស៊ី ​ជួបពិភាក្សា​ជាមួយ​សមាជិក​រដ្ឋសភា-​ព្រឹទ្ធ​សភាជប៉ុន​ @Sam Rainsy's Facebook page

បន្ទាប់ពី​កញ្ញា​កឹម មនោ​វិទ្យា ដែលជា​កូនស្រី​លោក​កឹម សុខា នៅពេលនេះ​ដល់​វេន​លោក​សម រង្ស៊ី ដែលជា​អតីត​ប្រធាន​បក្សប្រឆាំង​កម្ពុជា​ម្តង ដែល​បាន​ទៅរក​ប្រទេស​ជប៉ុន​ឲ្យ​ជួយ​ស្តារ​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា។ លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា​ដែល​ពួកគេ​អះអាងថា បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង។ វត្តមាន​របស់លោក​ស​ម រង្ស៊ី​នៅលើ​ទឹកដី​ជប៉ុន​នេះ កើតឡើង​ក្រោយពី​ជប៉ុន​បាន​ជំរុញ​ឲ្យ​មានការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា។

លោក​សម រង្សី និង អតីត​អ្នកតំណាងរាស្ត្រ​បក្សប្រឆាំង៣រូប​ទៀត គឺ​លោកស្រី​ជូ​ឡុង សូ​មួ​រ៉ា លោកស្រី​មួរ សុខ​ហួរ និង​លោក​តុ វ៉ាន់​ចាន់ បាន​ទៅដល់​ប្រទេស​ជប៉ុន​កាលពី​ថ្ងៃទី១០ មេសា ហើយពីរ​ថ្ងៃ​បន្ទាប់មក ពោលគឺ​នៅ​ថ្ងៃទី១២មេសា ពួកគេ​ក៏បាន​ជួបពិភាក្សា​គ្នា​ជាមួយ​សមាជិក​រដ្ឋសភា និង​ព្រឹទ្ធសភា​ជប៉ុន​មួយចំនួន​ដែល​មកពី​គណបក្សកាន់អំណាច និង​គណបក្សប្រឆាំងរ​បស់​ជប៉ុន។ ដូច​កញ្ញា​កឹម មនោ​វិទ្យា​ដែរ គោលបំណង​ដែល​លោក​សម រង្ស៊ី ធ្វើដំណើរ​ទៅកាន់​ប្រទេស​ជប៉ុន​នាពេលនេះ គឺ​ដើម្បី​ស្នើសុំ​ឲ្យ​ប្រទេស​ជប៉ុន​ជួយ​ដល់​ប្រទេស​កម្ពុជា ឲ្យ​រៀបចំ​ការបោះឆ្នោត​មួយ​តាម​បែបផែន​លទ្ធិប្រជាធិបតេយ្យ​នៅ​ខែកក្កដា​ខាងមុខនេះ។

ក្រៅពី​ជួប​ជាមួយ​សមាជិកសភា​ជប៉ុន លោក សម រង្ស៊ី ក៏បាន​ឆ្លៀតឱកាស​នោះ ផ្ដល់​បទ​សម្ភាស​ឲ្យ​ទូរទស្សន៍​ជប៉ុន NHK ផងដែរ។ នៅក្នុង​បទ​សម្ភាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍ លោក​សម រង្ស៊ី បាន​ថ្លែង​រិះគន់​រដ្ឋាភិបាល​កម្ពុជា​ដែល​បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។ លោក​សម រង្ស៊ី ថា ប្រជាពលរដ្ឋ​ខ្មែរ​កំពុងតែ​មើលឃើញ​យ៉ាងច្បាស់​ពី​មរណភាព​នៃ​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា ដោយ​ជំនួស​មកវិញ​នូវ​អត្តា​ធិបតេយ្យ ពោលគឺ​ការប្រមូលផ្តុំ​អំណាច​លើ​គណបក្សនយោបាយ​តែមួយ។ ដូច្នេះ​លោក​សម រង្ស៊ី ចង់​ឲ្យ​ប្រទេស​ជប៉ុន​ជួយ​ដល់​ប្រទេស​កម្ពុជា ដើម្បី​ស្តារ​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ។ តាមរយៈ​ទូរទស្សន៍​NHKដដែល ភាគី​ជប៉ុន​មិនទាន់បាន​ឆ្លើយតប​បែប​ណាមួយ​មកកាន់​លោក​សម រង្ស៊ី នៅឡើយ​ទេ។

ជាការ​កត់សម្គាល់ វត្តមាន​របស់លោក​ស​ម រង្ស៊ី នៅ​ប្រទេស​ជប៉ុន​នេះ ធ្វើឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​កញ្ញា​កឹម មនោ​វិទ្យា កូនស្រី​លោក​កឹម សុខា បានបញ្ចប់​ទស្សនកិច្ច​នៅ​ជប៉ុន ក្នុង​គោលបំណង​ដូចគ្នានេះ។ ហើយ​វត្តមាន​របស់លោក​សម រង្ស៊ី​នេះ​ទៀតសោត ក៏បាន​កើតឡើង​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយពី​រដ្ឋមន្ត្រីការបទេស​ជប៉ុន​បញ្ចប់​ទស្សនកិច្ច​នៅ​កម្ពុជា។ នៅ​កម្ពុជា លោក​រដ្ឋមន្ត្រីការបរទេស​ជប៉ុន​បាន​ជំរុញ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី​ខ្មែរ​ហ៊ុន សែន ធានា​ពី​ការបោះឆ្នោត​នាពេលខាងមុខ​ធ្វើយ៉ាងណា​ប្រកបដោយ​សេរី និង​យុត្តិធម៌។ លោក​ហ៊ុន សែន ក៏បាន​ឆ្លើយ​បត​វិញ​ថា ការបោះឆ្នោត​នៅ​ចុងខែ​កក្កដា​នេះ នឹងធ្វើ​ឡើង​ដោយ​សេរី និង​យុត្តិធម៌។

ប៉ុន្តែ​យ៉ាងណាក៏ដោយ លោក​សម រង្ស៊ី បាន​ថ្លែងប្រាប់​ទូរទស្សន៍​ជប៉ុន​ថា ការបោះឆ្នោត​នាពេលខាងមុខ នឹង​ក្លាយជា​ការបោះឆ្នោត​ក្លែងបន្លំ និង​មិន​ស្របច្បាប់ ប្រសិនបើ​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​បច្ចុប្បន្ន មិនមាន​អ្វី​ប្រែប្រួល​ទេនោះ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ