ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 19/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 19/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 19/08 12h00 GMT
កម្ពុជា

លោក​​សម រង្ស៊ី ​បបួល​​ពលរដ្ឋ​​ខ្មែរ​​នៅ​ក្រៅ​​ប្រទេស​​ឱ្យ​​ចូល​មក​​កម្ពុជា​​វិញ​​ជាមួយ​​រូប​លោក​

media  
លោក​សម​ រង្ស៊ី ​កាល​នៅ​ក្នុង​ប្រទេស​កម្ពុជា​ @Sam Rainsy Facebook

អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក​សម រង្ស៊ី បាន​បន្តធ្វើ​វេទិកា​ជួបជុំ​នៅក្រៅ​ប្រទេស​ដោយ​លើកឡើង​ពី​គម្រោង​វិល​ចូល​ប្រទេស​កម្ពុជា​វិញ​នៅក្នុង​ឆ្នាំ២០១៩នេះ។ ប៉ុន្តែ​នៅពេលនេះ លោក​សម រង្ស៊ី មិនមាន​បំណង​ចូលមក​កម្ពុជា​តែម្នាក់ឯង​ទេ គឺ​លោក​បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ក្រៅប្រទេស​ចូលមក​ជាមួយនឹង​រូបលោក​ដែរ។ អ្នកនាំពាក្យ​បក្ស​កាន់អំណាច​ថា គ្មាន​នរណា​អើពើ​នឹង​ការអំពាវនាវ​របស់លោក​សម រង្ស៊ី​ឡើយ។

តាមរយៈ​វីដេអូ​ក្លី​ប​ជាង៦នាទី​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​កាលពី​ថ្ងៃទី០៥ ខែកុម្ភៈ លោក​សម រង្ស៊ី បានប្រកាស​ប្រាប់​ទៅកាន់​ក្រុម​អ្នកគាំទ្រ​របស់លោក​នៅ​អាមេរិក​ថា នៅក្នុង​ឆ្នាំ២០១៩នេះ លោក​នឹង​យក​ប្រទេស​កម្ពុជា​ប្រគល់ជូន​ប្រជាពលរដ្ឋ​ខ្មែរ​វិញ។ សម្រាប់​លោក​សម រង្ស៊ី នេះ​គឺជា​បេស​សកម្ម​ដ៏​លំបាក តែ​ចាំបាច់​ត្រូវតែ​ធ្វើ​ហើយ​ធ្វើ​ដោយមាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ​ទាំងអស់គ្នា​ទើបបាន​សម្រេច។ និយាយ​ដល់​ត្រង់ចំណុច​នេះ លោក​សម រង្ស៊ី ក៏បាន​ប្រកាស​បបួល​ព​ល​រដ្ឋ​ខ្មែរ​ដែល​នៅក្រៅ​ប្រទេស ជាពិសេស នៅក្នុង​ប្រទេស​ថៃ​ជាប់​កម្ពុជា​តែម្តង​ឱ្យ​វិល​មកកាន់​ប្រទេស​កម្ពុជា​វិញ​ជាមួយ​រូបលោក​នាពេលខាងមុខ​នេះ។

ប៉ុន្តែ​ការលើកឡើង​របស់លោក​សម រង្ស៊ី ត្រូវបាន​លោក​សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​អះអាងថា គ្មាន​នរណា​អើពើ​ឡើយ។ លោក​ថា ទាំង​ប្រជាពលរដ្ឋ​កម្ពុជា កម្មករនិយោជិត និង​កងទ័ព មិនបាន​គាំទ្រ​លោក​សម រង្ស៊ី​នោះទេ។ ផ្ទុយទៅវិញ បើតាម​លោក​សុខ ឥសាន គឺ​កងទ័ព និង​ប្រជាជន​កម្ពុជា​ភាគច្រើន​លើសលប់​បាន និង កំពុង​ចងកំហឹង​ជាមួយ​លោក​អតីត​ប្រធាន​បក្សប្រឆាំង​រូបនេះ​ដោយ​នឹង​ចាប់​លោក​សម រង្ស៊ី បញ្ចូល​ពន្ធនាគារ​បើ​លោក​សម រង្ស៊ី​មកដល់​កម្ពុជា។

បើទោះជា​បែបនេះ​ក្តី លោក​សម រង្ស៊ី បាន​អះអាង​ម្តង​ជា​ពីរដង​ថា លោក​មិនមែន​មកឱ្យ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ចាប់ខ្លួន​នោះទេ តែ​គឺ​លោក​ទៅវិញ​ទេ​ដែល​មក​ប្រទេស​កម្ពុជា ដើម្បី​ចាប់​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ហើយ​យក​ប្រទេស​កម្ពុជា​ប្រគល់​សង​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​វិញ។ ការចង់​ផ្តួលរំលំ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​នេះ គឺ​លោក​សម រង្ស៊ី ប្រើ​យុទ្ធសាស្ត្រ​គៀងគរ​ប្រជាពលរដ្ឋ​ខ្មែរ​នៅក្រៅ​ប្រទេស​ឱ្យ​ចូលមក ហើយ​បំផុសបំផុល​ប្រជាពលរដ្ឋ​ក្នុងស្រុក​ឱ្យ​ងើបឈរ​ឡើង​រួមគ្នា​តែម្តង។ ប៉ុន្តែ​លោក​សម រង្ស៊ី ក៏បាន​បញ្ជាក់​ឱ្យដឹង​ដែរ​ថា លោក​មិន​ចង់ឱ្យមាន​អំពើហិង្សា ការបង្ហូរ​ឈាម​អ្វី​ទេ គឺអ្វីៗធ្វើឡើង​ដោយ​សន្តិវិធី។

តែ​ទោះជា​យ៉ាងណា ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា ធ្លាប់​បានបញ្ជាក់​យ៉ាងច្បាស់​ហើយ​ថា លោក​ចង់ឱ្យ​លោក​សម រង្ស៊ី​ចូលមក​ប្រទេស​កម្ពុជា​វិញ នឹង​អាល​ចាប់ខ្លួន​បញ្ចូល​ទៅក្នុង​ពន្ធនាគារ។ លោកនាយក​រដ្ឋមន្ត្រី​ក៏បាន​ឱ្យដឹង​ដែរ​ថា អាជ្ញាធរ​ទទួលបាន​ដីកាចាប់ខ្លួន​លោក​សម រង្ស៊ី​ពី​តុលាការ​រួចរាល់ហើយៗលោក​ក៏បាន​ព្រមាន​ដែរ​ទៅកាន់​អ្នកគាំទ្រ​លោក​សម រង្ស៊ី កុំឱ្យ​ចង់​មក​ជាប់ពន្ធនាគារ​ជាមួយ​លោក​សម រង្ស៊ី៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ