អានតួអត្ថបទ
កម្ពុជា

ចូល​ឆ្នាំថ្មី​៖​លោក​​សម រង្ស៊ី ​ចង់​ឱ្យ​មាន​​ការ​ផ្លាស់ប្តូ​រ​​ជា​​វិជ្ជមាន​​នៅ​​កម្ពុជា​

ថ្ងៃ​ចន្ទ​នេះ គឺជា​ថ្ងៃទី​ពីរ​ហើយ​នៃ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ។ នៅ​យប់មិញ​នេះ ពី​ក្រៅប្រទេស​លោក​សម រង្ស៊ី អតីត​ប្រធាន​គណបក្សប្រឆាំង​បានចេញ​សារ​តាម​ហ្វេ​ស​ប៊ុ​ក​ជូន​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​នៅ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ។ ជាមួយ​ការ​ជូនពរ លោក​សម រង្ស៊ី ក៏​ឆ្លៀត​បញ្ចេញ​សារ​នយោបាយ​ដោយ​លោក​ចង់ឱ្យមាន​ផ្លាស់ប្តូរ​ជា​វិជ្ជមាន​នៅក្នុង​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​ថ្មី​នេះ​ផងដែរ។

លោក សម រង្ស៊ី
លោក សម រង្ស៊ី Sam Rainsy/ FB Page
ផ្សាយពាណិជ្ជកម្ម

តាមរយៈ​វីដេអូ​ឃ្លី​ប​ជិត៣នាទី លោក​សម រង្ស៊ី បាន​ជូនពរ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ទាំង​ក្នុង និង ក្រៅប្រទេស​ទាំងអស់​ប្រកបដោយ​សុខភាព​ល្អ មាន​សុភមង្គល​ក្នុង​ក្រុមគ្រួសារ និង ទទួលបាន​ជោគជ័យ​ក្នុង​រាល់​កិច្ចការ និង​មុខរបរ​រកស៊ី​ទទួលទាន។ ជាមួយ​ការ​ជូនពរ​ទាំងនេះ លោក​សម រង្ស៊ី ក៏​ឆ្លៀត​បញ្ចូល​សារ​នយោបាយ​ផងដែរ ដោយ​លោក​សុំឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា​រួចផុត​ពី​អំណាច​ផ្តាច់​ការដែល​លោក​ចង់​សំដៅទៅ​ការគ្រប់គ្រង​របស់លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន។

លោក​អតីត​ប្រមុខ​បក្សប្រឆាំង​ក៏បាន​ចាត់ទុក​ឆ្នាំ​ថ្មី​ជា​ឆ្នាំ​ផ្លាស់ប្តូរ។ ផ្លាស់ប្តូរ ដោយសារតែ​រូបលោក និង​សហការី​នឹង​ខិតខំ​ធ្វើយ៉ាងណា ដើម្បីឱ្យ​មានការ​ផ្លាស់ប្តូ​រ​ជា​វិជ្ជមាន​នៅក្នុង​ប្រទេស​កម្ពុជា​នៅក្នុង​ឆ្នាំ​ថ្មី​នេះ។ សម្រាប់​លោក​សម រង្ស៊ី ការផ្លាស់ប្តូរ​នេះ គឺជា​ផ្លាស់ប្តូរ ដើម្បីឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ជួប​នូវ​យុគ​សម័យថ្មី​មួយ​ដែលមាន​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ ហើយ​ប្រជាពលរដ្ឋ​ទទួល​សិទ្ធិ សេរីភាព​ពេញលេញ។

ខុសពី​លោក​សម រង្ស៊ី ដែល​ចង់បាន​ការផ្លាស់ប្តូរ​ជា​វិជ្ជមាន​ក្នុង​ឆ្នាំ​ថ្មី​នេះ លោក​កឹម សុខា ដែលជា​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ឯណោះ​វិញ ចង់ឱ្យ​មាន​ដំណោះស្រាយ​ជា​វិជ្ជមាន​រវាង​ខ្មែរ និង​ខ្មែរ។ តាមរយៈ​សារ​លើ​ហ្វេ​ស​ប៊ុ​ក​កាលពី​ថ្ងៃទី១៣ ខែមេសា លោក​កឹម សុខា ក៏បាន​បួងសួង​សុំឱ្យ​ទេវតា​ឆ្នាំ​ថ្មី​កំចាត់​ចេញពី​កាយ វាចា ចិត្ត​របស់​មនុស្ស ជាពិសេស អ្នកនយោបាយ​ខ្មែរ​នូវ​អកុសលធម៌​ទាំងឡាយ​ដូចជា ការ​លោភលន់​គ្មាន​ព្រំដែន ការរំលោភបំពាន ការគំរាមកំហែង អំពើហិង្សា ការ​មួលបង្កាច់​ចោទប្រកាន់ ការ​លាប​ពណ៌ ការជេរប្រមាថ និង ការ​គុំ​គួ​ន​សងសឹក​គ្នា។

ចំណែក លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ដែលជា​ប្រមុខ​រដ្ឋាភិបាល និង ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​វិញ សម្រាប់​ឆ្នាំ​ថ្មី​នេះ​លោក​បាន​ប្តេជ្ញា​ថា នឹងធ្វើ​អ្វី​គ្រប់បែបយ៉ាង ដើម្បី​បន្ត​រក្សា​ការពារ​សន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ និង​សណ្តាប់ធ្នាប់​សាធារណៈ​ឱ្យបាន​រឹងមាំ ព្រមទាំង​ការពារ​រដ្ឋធម្មនុញ្ញ និង ការពារ​របបរាជានិយម។ បន្ថែម​លើ​នេះ លោក​ហ៊ុន សែន ក៏បាន​បួងសួង​សុំឱ្យ​ទេវតា​ឆ្នាំ​ថ្មី​ជួយ​គ្រប់គ្រង ថែរក្សា​ការពារ និង​ប្រសិទ្ធ​ពរជ័យ​ដល់​ពលរដ្ឋ​កម្ពុជា​គ្រប់រូប​ឱ្យមាន​សមាន​ចិត្តជា​កុសល យោគយល់​គ្នា រួបរួមសាមគ្គី​គ្នា​ជា​មហា​គ្រួសារ​ខ្មែរ​តែមួយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ