ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/10 12h00 GMT
កម្ពុជា

លោក​​សម រង្ស៊ី​ បបួល​​ពលករ​​ខ្មែរ​​នៅ​​កូរ៉េ​​ឱ្យ​ចូល​​ស្រុក​​វិញ​​ជាមួយ​​លោក ​ដើម្បី​​រំដោះប្រទេស​​កម្ពុជា​

media  
លោកសម រង្ស៊ី បបួលពលករខ្មែរនៅកូរ៉េឱ្យចូលស្រុកវិញជាមួយលោក ដើម្បីរំដោះប្រទេសកម្ពុជា @facebook

យប់មិញ​នេះ សកម្មជន និង​អ្នកគាំទ្រ​អតីត​បក្ស​សង្គ្រោះ​ជាតិ​ជាច្រើន​នាក់​បាន​ប្រមូល​ផ្តុំគ្នា ដើម្បី​ធ្វើបាតុកម្ម​ភ្លើងទៀន​ដូច​ការគ្រោងទុក​ក្រោម​ការដឹកនាំ​ពី​លោក​សម រង្ស៊ី។ លោក​សម រង្ស៊ី នៅ​ចំពោះមុខ​ក្រុម​អ្នកគាំទ្រ​ទាំងនោះ បាន​វាយប្រហារ​យ៉ាងច្រើន​មកលើ​ការដឹកនាំ​របស់លោក​នាយ​ក​រដ្ឋមន្ត្រី​ហ៊ុន សែន។ ជាមួយគ្នា​នោះ លោក​ក៏បាន​បបួល​ពួកគេ​ឱ្យមក​ស្រុក​ខ្មែរ​វិញ ដើម្បី​រំដោះប្រទេស​កម្ពុជា​ជាមួយ​លោក។ ប៉ុន្តែ​អ្នកនាំពាក្យ​បក្ស​កាន់អំណាច​បានចាត់ទុក​ការលើកឡើង​របស់លោក​សម រង្ស៊ី​នេះ​ថា ជាស​ម្តី​បោកប្រាស់។

នៅ​ចំពោះមុខ​ក្រុម​អ្នកគាំទ្រ​ជាច្រើន​នាក់​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង លោក​សម រង្ស៊ី អតីត​ប្រធាន​គណបក្សប្រឆាំង បាន​វាយប្រហារ​យ៉ាងខ្លាំង​មកលើ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ដូចជា​លោក​ថា លោក​ហ៊ុន សែន ជា​មនុស្ស​អវិជ្ជា អសីលធម៌ និង​ជាម​នុស្ស​ស្រវឹងអំណាច ញៀន​អំណាច​ជាដើម។ មិនតែប៉ុណ្ណោះ លោក​ថែមទាំង​បង្គាប់​ឱ្យ​ក្រុម​អ្នកគាំទ្រ​និយាយ​តាម​លោក​ថា លោក​ហ៊ុន សែន ជា​មនុស្ស​ក្បត់ជាតិ បម្រើ​បរទេស ធ្វើបាប​រាស្ត្រ​ខ្មែរ និង​ថា ត្រូវប្រគល់​សង​ប្រទេស​កម្ពុជា​មកឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​វិញ។

ជាមួយនឹង​ការ​បរិហារ​មិន​សំចៃមាត់​បែបនេះ ជាថ្មី​ម្តងទៀត និង​ប្រហែលជា​មិនមែនជា​លើកចុងក្រោយ​ទេ លោក​សម រង្ស៊ី បានប្រកាស​ប្រាប់​ក្រុម​អ្នកគាំទ្រ​ថា លោក​នឹង​មក​ប្រទេស​កម្ពុជា​វិញ​ក្នុងពេល​ឆាប់​ខាងមុខនេះ ដើម្បី​រំដោះប្រទេស​កម្ពុជា​ពី​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។ បន្ថែម​លើ​ការប្រកាស​នេះ លោ​ក៏បាន​បបួល​ពលករ​ខ្មែរ​ដែល​កំពុងធ្វើការ​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង​ឱ្យមក​កម្ពុជា​វិញ​ជាមួយនឹង​រូបលោក ដើម្បី​មក​បំផុស​ប្រជាពលរដ្ឋនៅក្នុង​ប្រទេស​ដណ្តើម​ប្រទេស​កម្ពុជា​មកវិញ។ សម្រាប់​លោក​សម រង្ស៊ី ការ​មក​ប្រទេស​កម្ពុជា​របស់លោក​នេះ មិនមែន​មកឱ្យ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ចាប់​នោះទេ ផ្ទុយទៅវិញ គឺ​លោក​ទៅវិញ​ទេ​ដែល​មក​ដើម្បី​ចាប់​លោក​ហ៊ុន សែន។

អ្នកនាំពាក្យ​គណបក្សកាន់អំណាច លោក​សុខ ឥសាន បាន​ហៅ​ការលើកឡើង​របស់លោក​សម រង្ស៊ី​នេះ​ថា ជាការ​ភូតភរ បោកប្រាស់​គ្មាន​ភាពប្រាកដនិយម។ ដោយយោង​ទៅតាម​ទង្វើ​របស់លោក​សម រង្ស៊ីកាលពីមុនៗ លោក​សុខ ឥសាន ហ៊ាន​អះអាង​ដោយ​មិន​ស្ទាក់ស្ទើរ​ថា លោក​សម រង្ស៊ី នឹងមិន​ហ៊ាន​មក​ប្រទេស​កម្ពុជា​ដូច​ការសន្យារ​របស់ខ្លួន​នោះទេ។ ប៉ុន្តែ​លោកស្រី​មួរ សុខ​ហួរ ដែលជា​មនុស្ស​ជំនិត​របស់លោក​សម រង្ស៊ី និង​ជា​អនុប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​គូសបញ្ជាក់ថា លោក​សម រង្ស៊ី នឹង​មក​ស្រុកកំណើត​វិញ​ក្នុងពេលឆាប់ៗនេះ តែ​មិន​បញ្ជាក់​ពី​កាលបរិច្ឆេទ​ឡើយ។

លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន កន្លងមក​ធ្លាប់​បានប្រកាស​ស្វាគមន៍ និង​ជំរុញ​ឱ្យ​លោក​សម រង្ស៊ី ចូលមក​ប្រទេស​កម្ពុជា​វិញ​ឱ្យ​ឆាប់​ដើម្បី​ប្រឈមមុខ​ជាមួយនឹង​លោក។ ជាការ​ប្រឈមមុខ ដែល​លោកនាយក​រដ្ឋមន្ត្រី​អះអាងថា កងកម្លាំង​មាន​សមត្ថកិច្ច​បាន​ត្រៀម​រួចរាល់​ហើយ ដើម្បី​បញ្ជូន​លោក​សម រង្ស៊ី ទៅកាន់​ពន្ធនាគារ​ដែល​លោក​លើកឡើងថា ជា​កន្លែង​ដែល​លោក​សម រង្ស៊ី ត្រូវ​ស្នាក់​នៅតាម​ដីកា​របស់​តុលាការ៕

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ