អានតួអត្ថបទ
កម្ពជា

បក្ស​​សម រង្ស៊ី ​សម្រេច​​ប្តូរ​​ឈ្មោះ​​ទៅ​ជា​​បក្ស​​ភ្លើងទៀន ​ដើម្បី​​ឲ្យ​​ស្រប​​នឹង​​ច្បាប់​​គណបក្ស​នយោបាយ​

គណបក្ស​សម រង្ស៊ី នៅ​ព្រឹក​នេះ បានធ្វើ​សមាជ​វិសាមញ្ញ​របស់ខ្លួន​នៅ​ទីស្នាក់ការ​គណបក្ស​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​កែសម្រួល​នូវ​លក្ខន្តិកៈ​មួយចំនួន​ឲ្យ​ស្របទៅនឹង​ច្បាប់​ស្តី​គណបក្សនយោបាយ។ ជា​លទ្ធផល ថ្នាក់ដឹកនាំ​គណបក្ស​នេះ បានសម្រេច​ប្តូរ​ឈ្មោះ​ពី​គណបក្ស​សម រង្ស៊ី ទៅជា​គណបក្ស​ភ្លើងទៀន​វិញ។

បក្សសម រង្ស៊ី សម្រេចប្តូរឈ្មោះទៅជាបក្សភ្លើងទៀន ដើម្បីឲ្យស្របនឹងច្បាប់គណបក្សនយោបាយ
បក្សសម រង្ស៊ី សម្រេចប្តូរឈ្មោះទៅជាបក្សភ្លើងទៀន ដើម្បីឲ្យស្របនឹងច្បាប់គណបក្សនយោបាយ @Google
ផ្សាយពាណិជ្ជកម្ម

លោក​ទាវ វ​ណ្ណុល ប្រធានស្តីទី​គណបក្ស​ស​ម រង្ស៊ី បាន​បញ្ជាក់ថា គណ​ក្ស​ប្រឆាំង​មួយ​នេះ គ្រាន់តែ​ប្តូរ​ឈ្មោះ​គណបក្ស​តែប៉ុណ្ណោះ រីឯ​រូប​សញ្ញា​គណបក្ស​វិញ គឺ​រក្សាទុក​ដដែល​ព្រោះថា គ្មាន​ខុស​នឹង​ច្បាប់​ស្តីពី​គណបក្សនយោបាយ​ឡើយ។ ដូច្នេះ ការកែសម្រួល​តម្រូវ​តាមច្បាប់​ស្តីពី​គណបក្សនយោបាយ​នេះ មិនមាន​អ្វី​ច្រើន​ទេ​សម្រាប់​គណបក្ស​សម រង្ស៊ី។ បើតាម​លោក​ទាវ វ​ណ្ណុល ការផ្លាស់ប្តូរ​ឈ្មោះ​នេះ ក៏​មិន​តម្រូវ​ឲ្យ​គណបក្ស​ចំណាយ​ពេលវេលា និង​ថវិកា​ច្រើន​នោះដែរ។ នេះ​ក៏​ព្រោះថា ស្លាក​គណបក្ស​សម រង្ស៊ី នៅមាន​តិចតួច​ណាស់​នៅ​ទូទាំងប្រទេស​កម្ពុជា។

សូមបញ្ជាក់ថា ការធ្វើ​សាមញ្ញ​វិសាមញ្ញ​របស់​គណបក្ស​សម រង្ស៊ី ដើម្បី​ផ្លាស់ប្តូរ​ឈ្មោះ​គណបក្ស​នាពេលនេះ បាន​ធ្វើឡើង​ក្រោយពី​ក្រសួងមហាផ្ទៃ បានធ្វើ​លិខិត​មួយ​តម្រូវ​ឲ្យ​គណបក្ស​មួយ​នេះ​កែសម្រួល​លក្ខន្តិកៈ​ក៏ដូចជា​ឈ្មោះ និង​រូប​សញ្ញា​គណបក្ស ដើម្បី​ឲ្យ​ស្របទៅនឹង​ច្បាប់​ស្តីពី​គណបក្សនយោបាយ​ដែល​បានធ្វើ​វិសោធនកម្ម​ពីរដង​ជា​បន្តបន្ទាប់​គ្នា​ដោយ​ក្រុមតំណាងរាស្ត្រ​គណបក្សកាន់អំណាច។ ច្បាប់​ស្តីទី​គណបក្សនយោបាយ​នេះ បានកំណត់​មិន​អនុញ្ញាត​ឲ្យ​គណបក្សនយោបាយ​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា ប្រើប្រាស់​ឈ្មោះ​ឬ​រូប​របស់​រូបវ័ន្ត​បុគ្គល​នៅក្នុង​ឈ្មោះ ឬ​រូប​សញ្ញា​សម្គាល់​របស់​គ​ណ​បក្ស​នោះឡើយ។

ក្រោម​អំណាចច្បាប់​ស្តីពី​គណបក្សនយោបាយ​នេះ កាលពី​សប្តាហ៍​មុន គណបក្ស​រាជានិយម​ហ្វ៊ុនស៊ិនប៉ិច​របស់​សម្តេច​ក្រុមព្រះ​នរោត្តម រណឫទ្ធិ ក៏បាន​ធ្វើ​សមាជ​វិសាមញ្ញ​ផងដែរ ដើម្បី​ផ្លាស់ប្តូរ​រូប​សញ្ញា​សម្គាល់​របស់​គ​ណ​បក្ស។ គឺ​គណបក្ស​នេះ បានសម្រេច​ដក​រូប​ស​ម្តេច​ក្រុមព្រះ​ចេញពី​រូប​សញ្ញា​គណបក្ស​តែម្តង ប៉ុន្តែ​បាន​រក្សា​នូវ​ទម្រង់​រូប​ដើម​ដដែល។

គួរ​កត់សម្គាល់ថា គណបក្ស​សង្គ្រោះ​ជាតិ គឺជា​គណបក្សនយោបាយ​មួយ​ដែល​រងគ្រោះ​ខ្លាំងជាងគេ​ដោយសារតែ​ច្បាប់​ស្តីពី​គណបក្សនយោបាយ​នេះ។ កាលពី​ធ្វើ​វិសោធនកម្ម​លើកទីមួយ​នៅ​ដើម​ឆ្នាំនេះ លោក​សម រង្ស៊ី និង​មន្ត្រីជាន់ខ្ពស់​ប៉ុន្មាន​រូប​ទៀត​ដែល​តុលាការ​កាត់ទោស​ជា​ទណ្ឌិត​ត្រូវ​បង្ខំចិត្ត​លាឈប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ការពារ​គណបក្ស។ ចំណែក​វិសោធនកម្ម​លើក​ទី​ពីរ​វិញ គណបក្សប្រឆាំង​ធំជាងគេ​នៅក្នុង​ប្រទេស​កម្ពុ​ជាមួយ​នេះ បានសម្រេច​ដក​រូបលោក​សម រង្ស៊ី និង លោក​កឹម សុខា ចេញពី​ស្លាក​សញ្ញា​គណបក្ស​នៅ​ទូទាំងប្រទេស ដើម្បី​ឲ្យ​ស្រប​នឹង​ខ្លឹមសារ​នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ