អានតួអត្ថបទ
កម្ពុជា

​លោ​ក​ស ខេង​៖ ​លោក​នាយក​​រដ្ឋមន្ត្រី​​ហ៊ុន សែន​​ចង់​​ឲ្យ​​កែ​​រដ្ឋធម្មនុញ្ញ​​បី​​ចំណុច​​នា​ពេល​ខាងមុ​ខ​

ក្រោយពី​បាន​បង្កើត​ក្រុមការងារ​សិក្សា​រដ្ឋធម្មនុញ្ញ​ដើម្បី​ស្វែងរក​លទ្ធភាព​ធ្វើ​វិសោធនកម្ម​នោះ លោក​ឧបនាយករដ្ឋមន្ត្រី​ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​បង្ហើប​ឲ្យ​ដឹងថា លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ចង់​ឲ្យ​កែ​ចំណុច​ចំនួន៣នៅក្នុង​រដ្ឋធម្មនុញ្ញ នាពេល​ខាងមុខនេះ។ លោ​កស ខេង បានបញ្ជាក់​ដូច្នេះ​នៅក្នុង​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ២០១៧ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ២០១៨ របស់​ក្រសួង​ដែនដី ដែល​រៀបចំ​ធ្វើ​កាលពី​ម្សិលមិញ។

លោក ហ៊ុន សែន បានព្រមានថានឹងលក់ឡៃឡុង រាល់ទ្រព្យសម្បតិ្តកម្មសិទ្ធិរបស់លោក សម រង្ស៊ី
លោក ហ៊ុន សែន បានព្រមានថានឹងលក់ឡៃឡុង រាល់ទ្រព្យសម្បតិ្តកម្មសិទ្ធិរបស់លោក សម រង្ស៊ី @Samdech Hun Sen, Cambodia Prime Minister
ផ្សាយពាណិជ្ជកម្ម

ចំណុច​ទាំងបី​ដែល​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ចង់​ឲ្យ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ រួមមាន៖ ទី១ គឺ​ទាក់ទង​នឹង​សមាសភាព​រដ្ឋាភិបាល។ គឺ​លោកនាយក​រដ្ឋមន្ត្រី​កម្ពុជា​ចង់​កាត់បន្ថយ​រដ្ឋលេខា​ធិ​ការ​ក្រោម​អំណាច​ខ្លួនឯង​តែម្តង ដោយ​មិនចាំបាច់​ឆ្លងកាត់​រដ្ឋសភា​ដូច​សព្វមួយដង​ទៀតឡើយ។ ចំណែក​ចំណុច​ទី២ គឺ​បញ្ហា​ការយក​កម្ពុជា​ទៅ​បៀ​ប​ប្រដូច​ទៅនឹង​ប្រទេសមួយ​ចំនួន​ដែល​កំពុង​ហែកហួរ​ដោយ​សង្គ្រាម។ ត្រង់ចំណុច​នេះ លោក​ឧបនាយករដ្ឋមន្ត្រី​ស ខេង បានលើកឡើង​ដោយ​សំដៅទៅ​កាន់​កញ្ញា​កឹម មនោ​វិទ្យា កូនស្រី​លោក​កឹម សុខា ដែល​បាន​យក​កម្ពុជា​ទៅ​ប្រៀបប្រដូច​ទៅនឹង​ប្រទេស​អា​ហ្វ​ហ្កា​នី​ស្ថាន អ៊ីរ៉ាក់ ស៊ី​រី លី​ប៊ី និង​ប្រទេស​មួយចំនួនទៀត ដែល​សុទ្ធសឹងតែ​កំពុងមាន​វិបត្តិ។ សម្រាប់​លោ​កស ខេង កញ្ញា​កឹម មនោ​វិទ្យា កំពុងមាន​គំនិត​អគតិ​មកលើ​ប្រទេស​កម្ពុជា។

ដោយឡែក​ចំពោះ​ចំណុច​ទី៣ វិញ គឺ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ចង់​ឲ្យ​មានចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ​ដោយ​មិនត្រូវ​ឲ្យ​មាន​បុគ្គល​ណា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​ជាតិ​កម្ពុជា ទាំងពី​ក្នុងប្រទេស​ក្តី និង​ក្រៅប្រទេស​ក្តី។ ត្រង់ចំណុច​នេះដែរ លោក ស ខេង ក៏​ចង់​សំដៅលើ​កញ្ញា​កឹម មនោ​វិទ្យា ដែល​លោក​ចោទថា រៀនសូត្រ​បាន​ច្រើន តែ​រស់នៅ​ដោយ​ "គំនិត​ស្មោកគ្រោក​លក់​ឧ​ត្ត​ម​គតិ"។ ការលើកឡើង​របស់លោក ស ខេង នេះ ធ្វើឡើង​បន្ទាប់ពី​កញ្ញា​កឹម មនោ​វិទ្យា បានស្នើ​អង្គការសហប្រជាជាតិ​ព្យួរ​អាសនៈ​របស់​កម្ពុជា និង​សកម្មភាព​របស់​មន្រ្តី​អតីត​​បក្សប្រឆាំង​ផ្សេងទៀត​នៅក្រៅ​ប្រទេស ដែល​លោ​កស ខេង អះអាងថា ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​ប្រទេស​កម្ពុ​ជា។

កញ្ញា​កឹម មនោ​វិទ្យា កូនស្រី​លោក​កឹម សុខា និង​អ្នកតំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ផ្សេងទៀត​ដែល​កំពុង​ស្ថិតនៅ​ក្រៅប្រទេស មិនអាច​ទាក់ទង​សុំ​ការអត្ថាធិប្បាយ​បាន​នោះទេ​ចំពោះ​បញ្ហា​នេះ។ យ៉ាងណាក៏ដោយ អ្នកវិភាគ​បញ្ហានយោបាយ លោក​បណ្ឌិត​ឡៅ ម៉ុងហៃ យល់ថា ការកែ​រដ្ឋធម្មនុញ្ញ​ទាំង​ពេលកន្លងមក និង​គម្រោង​ថ្មី​នេះ​ទៀតសោត គឺ​សុទ្ធតែជា​ការបង្កើន​អំណាច​កាន់​ច្រើន​បន្ថែមទៀត​ទៅ​ឲ្យ​រដ្ឋាភិបាល ដែលជា​អង្គនីតិប្រតិបត្តិ។ ចំណែក​លោក​បណ្ឌិត គិ​ន ភា អ្នកជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ ដែល​ចាត់ទុក​រដ្ឋធម្មនុញ្ញ​ក​ម្ពុ​ជា​ថា​ជា​រដ្ឋធម្មនុញ្ញ​ទន់​នោះ យល់ថា ការកែ​រដ្ឋធម្មនុញ្ញ​ខ្លះ​មិនមែន​សុទ្ធតែ​ផ្តល់​អំណាច​បន្ថែម​ដល់​រដ្ឋាភិបាល​នោះទេ ប៉ុន្តែ​ក៏​អាច​ធ្វើឡើង​ដើម្បី​ជា​ផលប្រយោជន៍​ដល់​ជាតិ​ផងដែរ។

សូមបញ្ជាក់ថា បំណង​ចង់​ឲ្យ​មាន​ការកែ​រដ្ឋធម្មនុញ្ញ​របស់​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​នេះ បាន​កើតឡើង​ក្រោយពី​គណបក្ស​សង្គ្រោះ​ជាតិ​ដែលជា​គណបក្សប្រឆាំង​ដ៏​បំផុត​នៅក្នុង​ប្រទេស​កម្ពុជា ត្រូវបាន​រំលាយចោល និង​បន្ទាប់ពី​តំណែង​តំណាងរាស្ត្រ​ទាំងអស់​នៅក្នុង​រដ្ឋសភា​របស់​ប​ក្ស​ប្រឆាំង​ត្រូវបាន​ចែក​ទៅ​ឲ្យ​សមាជិក​បក្ស​ផ្សេងទៀត​អង្គុយ​ជំនួស។ ហេតុ​ដូច្នេះហើយ គេ​ជឿជាក់ថា ការចង់​កែ​រដ្ឋធម្មនុញ្ញ​របស់រ​ដ្ឋា​ភិ​បាល​កម្ពុជា​នៅពេលនេះ គឺជា​ការងាយស្រួល។ ងាយស្រួល ក៏​ព្រោះ​គេ​យល់ថា សមាជិក​ក្នុង​រដ្ឋសភា​ទាំងអស់​នឹង​គាំទ្រ​ការស្នើ​ឡើង​ដោយ​រដ្ឋាភិបាល​របស់​គ​ណ​បក្ស​ប្រជាជន​កម្ពុជា​មិនខានឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ