អានតួអត្ថបទ
កម្ពុជា

លោ​កស ខេង​៖ក្រុម​​អ្នក​នយោបាយ​​ខ្លះ​​កំពុង​​នាំ​​ប្រជាជន​​ធ្វើ​​រដ្ឋ​ប្រហារ​​ក្រោម​​ពាក្យ​​ផ្លាស់ប្តូរ​​ជា​​វិជ្ជមាន​

លោ​កស ខេង នាយករដ្ឋមន្ត្រី​ស្តីទី​នៅ​ព្រឹក​នេះ បាន​បរិហារ​យ៉ាងខ្លាំង​ពី​ការ​បំផុស​បំផុស​ប្រជាពលរដ្ឋ​ឱ្យ​ប្រឆាំងនឹង​រដ្ឋាភិបាល​កម្ពុជា។ ទង្វើ​នេះ ត្រូវបាន​លោ​កស ខេង ចាត់ទុកថា ជាការ​ដឹកនាំ​ប្រជាពលរដ្ឋ​ទៅធ្វើ​រដ្ឋប្រហារ​ក្រោម​ពាក្យ​ថា ផ្លាស់ប្តូរ​ជា​វិជ្ជមាន។ លោ​កស ខេង បានលើកឡើង​ដូច្នេះ​នៅក្នុង​ពិធីបុណ្យ​បញ្ចុះ​ខណ្ឌសីមា​ព្រះវិហារ និង​ឆ្លង​សមិទ្ធិផល​នានា​នៃ​វត្ត​សិរី​មានជ័យ ហៅ​វត្ត​អង្គរជ័យ​ក្នុង​ខេត្តព្រៃវែង​នៅ​ព្រឹក​ថ្ងៃទី២៧ ខែមេសា​នេះ។

លោកស ខេង៖ក្រុមអ្នកនយោបាយខ្លះកំពុងនាំប្រជាជនធ្វើរដ្ឋប្រហារក្រោមពាក្យផ្លាស់ប្តូរជាវិជ្ជមាន
លោកស ខេង៖ក្រុមអ្នកនយោបាយខ្លះកំពុងនាំប្រជាជនធ្វើរដ្ឋប្រហារក្រោមពាក្យផ្លាស់ប្តូរជាវិជ្ជមាន @Facebook Samdach Sar Kheng
ផ្សាយពាណិជ្ជកម្ម

ដោយ​មិន​បញ្ចេញ​ឱ្យចំ​ឈ្មោះ តែ​គេ​អាច​យល់បាន​ថា​ចង់​សំដៅលើ​ក្រុម​លោក​សម រង្ស៊ី លោក​រដ្ឋមន្ត្រីក្រសួង​មហា​ផ្ទៃ​កម្ពុ​ជា ស ខេង បាន​អះអាងថា ក្រុម​អ្នកនយោបាយ​ខ្លះ​ក្នុងពេល​បច្ចុប្បន្ននេះ កំពុង​ដឹកនាំ​ប្រជាពលរដ្ឋ​ខ្មែរ​ទៅធ្វើ​រដ្ឋប្រហារ​ទម្លាក់រ​ដ្ឋា​ភិ​បាល​ស្របច្បាប់​ដែល​កើតចេញពី​ការបោះឆ្នោត។ បើតាម​លោ​កស ខេង ការធ្វើ​រដ្ឋប្រហារ​នេះ គឺ​ក្រោម​ពាក្យស្លោក​ថា ទៅធ្វើ​ការផ្លាស់ប្តូរ​ជា​វិជ្ជមាន តែ​លោ​កថា មិនអាច​វិជ្ជមាន​ដូច​មាត់​បានឡើយ។ ហេតុ​ដូច្នេះហើយ លោក​ឧបនាយករដ្ឋមន្ត្រី​ស ខេង បាន​ប្រាប់​ប្រជាពលរដ្ឋ​គួរ​កុំ​ចង់​សាកល្បង​ជាមួយនឹង​រដ្ឋប្រហារ​អី ព្រោះ​កម្ពុជា​ធ្លាប់​ឆ្លងកាត់​រួចមកហើយ​តាំងពី​ទសវត្សរ៍៧។ ជាមួយគ្នានេះ លោក​ក៏បាន​ផ្តាំផ្ញើ​ទៅ​ក្រុម​លោក​សម រង្ស៊ី​វិញ​ថា ធ្វើ​អ្វី​ត្រូវ​គិតពី​ផលប្រយោជន៍​ជាតិ​ជាធំ កុំ​ធ្វើ​អ្វី​ដើម្បី​តែ​ផលប្រយោជន៍​ក្រុម​ឫ​បក្ខពួក​ខ្លួនឯង។

ការលើកឡើង​របស់លោក​ស ខេង នៅពេលនេះ ធ្វើឡើង​ក្រោយ​ពេលដែល​លោក​សម រង្ស៊ី​កាលពី​ថ្ងៃទី២៥ ខែមេសា បាន​សរសេរ​សារ​តាម​ហ្វេ​ស​ប៊ុ​ក​អំពាវនាវ​ឱ្យ​លោក ស ខេង និង​កងកម្លាំងប្រដាប់អាវុធ​ផ្តួលរំលំ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ។ ដោយ​ហៅ​លោក​ហ៊ុន សែន ថា​ជា​ជន​ផ្តាច់ការ លោក​សម រង្ស៊ី បាន​អះអាងថា ប្រសិនបើ​លោ​កស ខេង មិន​កម្ចាត់​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ទេ នោះ​លោកនាយក​រដ្ឋមន្ត្រី​នឹង​កម្ចាត់​វិញ ព្រោះ​លោក​មិន​ស្ថិតក្នុង​ក្រុមគ្រួសារ​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី។

សូមបញ្ជាក់ថា នេះ​មិនមែនជា​លើកទីមួយ​ទេ​ដែល​លោក​សម រង្ស៊ី បាន​អំពាវនាវ​យ៉ាង​ដូច្នេះ។ កន្លងមក លោក​ធ្លាប់​ជំរុញ​ឱ្យ​លោ​កស ខេង ធ្វើ​បក្ស​ប្រហារ​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា និង ធ្វើ​រដ្ឋប្រហារ​ទម្លាក់​លោក​ហ៊ុន សែន។ ប៉ុន្តែ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ធ្លាប់បាន​ប្រាប់​ឱ្យ​លោ​កស ខេង កុំឱ្យ​ឆ្លើយតប​ជាមួយនឹង​លោក​សម រង្ស៊ី ដោយ​អះអាងថា​ទង្វើ​របស់លោក​សម រង្ស៊ី​នេះ ជា​រឿង​ឆោតល្ងង់​គ្មាន​តម្លៃ​សម្រាប់​ឆ្លើយតប។

ក៏ប៉ុន្តែ​នៅពេលនេះ លោ​កស ខេង បាន​ឆ្លើយតប​បែប​ប្រយោល​ដោយ​មិន​បញ្ចេញ​ចេញ​ឱ្យចំ។ លោក​ថា ប្រសិនបើ​មាន​រដ្ឋប្រហារ នោះ​កម្ពុជា​នឹង​ហិនហោច​ដូច​កាលពី​អតីតកាល។ យ៉ាងណាក៏ដោយ លោក​អះអាងថា ប្រជាពលរដ្ឋ​កម្ពុជា​នឹងមិន​ធ្វើតាម​ការ​បំផុសបំផុល​របស់​ក្រុម​លោក​សម រង្ស៊ី​ឡើយ ព្រោះ​ប្រជាពលរដ្ឋ​នៅពេលនេះ​យល់ដឹង​ច្រើន​ពី​តម្រូវការ​របស់​ពួកគេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ