ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 24/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 23/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 23/10 12h00 GMT
កម្ពុជា

លោ​ក​ស ខេង ​ប្តឹង​​លោ​ក​សម រង្ស៊ី ​រឿង​​ចោទ​​លោ​​កថា​​រួម​​ដៃ​​ជាមួយ​​លោក​ឌី ​វិជ្ជា​​ស​ងសឹ​ក​​លោក​​ហ៊ុន សែន​

media  
លោកស ខេង ប្តឹងលោកសម រង្ស៊ី រឿងចោទលោកថារួមដៃជាមួយលោកឌី វិជ្ជាសងសឹកលោកហ៊ុន សែន @Sam Raingsy

លោ​កស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ប្តឹង​លោក​សម រង្ស៊ី ទៅកាន់​តុលាការ​ក្រុងភ្នំពេញ​ពីបទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍។ នេះ​បើតាម​ពាក្យបណ្តឹង​របស់​ក្រុម​មេធាវី​តំណាង​លោ​កស ខេង កាលពី​ថ្ងៃទី០១ កក្កដា តែ​ទើបត្រូវ​បានបង្ហាញ​ឱ្យដឹង​ជា​សាធារណៈ​នៅ​ថ្ងៃ​សៅរ៍​នេះ។ ការប្តឹង​នេះ ធ្វើឡើង​បន្ទាប់ពី​លោក​សម រង្ស៊ី បាន​ចោទ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ថា បានសម្លាប់​លោក​ហុក ឡង់ឌី និង ចោទ​លោក ស ខេង ថា ចង់​រួម​ដៃ​ជាមួយ លោក ឌី វិជ្ជា សងសឹក​លោក​ហ៊ុន សែន​វិញ។

នៅ​ទីបំផុត លោក​ឧបនាយករដ្ឋមន្ត្រី​ស ខេង បានសម្រេច​ប្តឹង​លោក​សម រង្ស៊ី ប្រធានស្តីទី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ជា​ផ្លូវការ​ហើយ ទៅកាន់​តុលាការ​កម្ពុជា។ នៅក្នុង​ពាក្យបណ្ដឹង​នេះ លោ​កស ខេង បានស្នើ​ឱ្យ​តុលាការ​កម្ពុជា​ធ្វើការ​ចោទប្រកាន់ និង​ផ្តន្ទាទោស​លើ​លោក​សម រង្ស៊ី ឱ្យបាន​ធ្ងន់ធ្ងរ​ទៅតាម​ផ្លូវច្បាប់ និង បានទាមទារ​សំណង​ជំងឺ​ចិត្ត៤ពាន់​លាន​រៀល ឬ ប្រមាណ​ជា១លាន​ដុល្លារ​អាមេរិក។

ជាការ​កត់សម្គាល់ នេះ​គឺជា​លើកទីមួយ​ហើយ​ដែល​លោ​កស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្តឹង​លោក​សម រង្ស៊ី។ លោក​សម រង្ស៊ី ដែល​បាន​សរសេរ​សា​រលើ​ហ្វេ​ស​ប៊ុ​ក​កាលពី​ថ្ងៃទី០២ ខែមិថុនា ចោទប្រកាន់​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ថា​ជា​អ្នក​សម្លាប់​លោក​ហុក ឡង់ឌី អតីត​អគ្គស្នងការ​នគរ​ជាតិ។ មិនតែប៉ុណ្ណោះ លោក​សម រង្ស៊ី ថែមទាំង​បាន​អះអាង​ទៀតថា នៅពេលនេះ លោក​ឌី វិជ្ជា ដែលជា​កូនប្រុស​លោក​ហុក ឡង់ឌី កំពុង​គិតគូរ​អំពី​ផែនការ​សងសឹក​លើ​លោក​ហ៊ុន សែន ហើយ​ផែនការ​នោះ​ទៀតសោត ត្រូវបាន​ការគាំទ្រ​ពី​សំណាក់​លោ​កស ខេង។

គឺ​នៅត្រង់ចំណុច​នេះហើយ​ដែល​លោ​កស ខេង បាន​ប្តឹង​លោក​សម រង្ស៊ី ពីបទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​ទៅកាន់​តុលាការ។ សម្រាប់​លោ​កស ខេង ការ​ប្រឌិត​ព័ត៌មាន​ទម្លាក់កំហុស និង មួលបង្កាច់​របស់លោក​សម រង្ស៊ី នេះ គឺ​ដើម្បីឱ្យ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​មានការ​សង្ស័យ​គ្នា និង​បែកបាក់​សាមគ្គី​ផ្ទៃក្នុង ដែល​អាចធ្វើ​ឲ្យ​មាន​វិវាទ​ផ្ទៃក្នុង​របស់​រាជរដ្ឋាភិបាល។ លោ​កស ខេង បញ្ជាក់ទៀតថា ទង្វើ​ទាំងនេះ​បញ្ជាក់​យ៉ាងច្បាស់​ថា លោក​សម រង្សី មាន​ចេតនា​ទុច្ចរិត​ក្នុងការ​ញុះញង់​បំផុសបំផុល ដើម្បី​ឱ្យមាន​ចលាចល និង​ភាពវឹកវរ​យ៉ាងធ្ងន់ធ្ង​រ​ដល់​សន្តិសុខ​សង្គម បំផ្លិចបំផ្លាញ​ដល់​ស្ថិរភាព​នយោបាយ និង​សន្តិភាព​របស់​ជាតិ​ទាំងមូល។

សូមបញ្ជាក់ថា ក្រៅពី​បណ្ដឹង​របស់លោក​ស ខេង​នេះ លោក​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ក៏មាន​គម្រោង​ចង់​ប្តឹង​លោក​សម រង្ស៊ី​ទៅកាន់​តុលាការ​នៅ​ស្រុក​បារាំង​ផងដែរ​អំពី​រឿងនេះ។ លោក​គី តិច មេធាវី​រដ្ឋាភិបាល​កម្ពុ​ជា បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ​ថា ក្រុម​មេធាវី​កំពុង​នៅ​បន្ត​សិក្សា​ពី​ផ្លូវច្បាប់។ ដូច្នេះហើយ​លោក​មិនអាច​បញ្ជាក់​បានទេ​ថា នឹងដាក់​ពាក្យ​ប្តឹង​នៅពេលណា ឬក៏​មានការ​ប្រែប្រួល​យ៉ាងណា​នោះ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ