អានតួអត្ថបទ
កម្ពុជា-បោះឆ្នោត

គ.ជ.ប ត្រៀម​បោះពុម្ព​សន្លឹក​ឆ្នោតជាង​២ម៉ឺន​សន្លឹក​ចុងខែ​នេះ ​សម្រាប់​ការ​បោះឆ្នោត​ព្រឹទ្ធសភា​

គណៈកម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោត(គ.ជ.ប) ត្រៀម​បោះពុម្ព​សន្លឹក​ឆ្នោត​សម្រាប់​ការ​បោះឆ្នោត​ព្រឹទ្ធសភា​ជាង​២ម៉ឺន​សន្លឹក​នៅចុង​ខែមករា​នេះ។ ការ​ត្រៀម​ខ្លួនរបស់​ គ.ជ.ប នៅពេលនេះ បានធ្វើឡើង​បន្ទាប់​ពី​ដំណើរ​ការ​ដោះស្រាយ​ពាក្យ​បណ្ដឹង​ទាក់​ទងការ​បិទ​បញ្ជី​ឈ្មោះបោះ​ឆ្នោត​ព្រឹទ្ធសភា​ត្រូវបាន​បញ្ចប់។

លោក​ស៊ិក ប៊ុនហុក​ ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​ (គ.ជ.ប)
លោក​ស៊ិក ប៊ុនហុក​ ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​ (គ.ជ.ប)
ផ្សាយពាណិជ្ជកម្ម

ដំណើការ​ដោះ​ស្រាយ​ពាក្យ​បណ្ដឹង​ទាក់ទង​ការ​បិទ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ព្រឹទ្ធសភា​មិន​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ឡើយ គឺ​បាន​ដោះស្រាយ​បញ្ចប់​ត្រឹម​ថ្នាក់​ខេត្ត ដោយ​មិន​មាន​បណ្ដឹង​​ណាមួយ​ប្ដឹង​ឡើង​មក គ.ជ.ប​ ទេ​។ ក្នុងនោះ កម្មាធិការជាតិ​រៀបចំការ​បោះឆ្នោត​ថ្នាក់​ខេត្ត​ទទួល​បាន​ពាក្យ​បណ្ដឹង​ចំនួន​១៥០​បណ្ដឹង ដែល​បណ្ដឹង​ទាំង​នោះ​ភាគច្រើន​ប្ដឹង​ទាមទារ​ឲ្យ​កែ​តម្រូវ​ឈ្មោះ។

លោក សោម សូរីដា អគ្គលេខាធិការរង នៃ​គណៈកម្មាការជាតិ​រៀបចំ​ការ​បោះឆ្នោតអះ​អាង​ថា ក្រោយ​បញ្ចប់​ការងារដោះស្រាយ​ពាក្យ​បណ្ដឹង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត គ.ជ.ប កំពុង​ត្រៀម​បោះពុម្ព​សន្លឹក​ឆ្នោត​សម្រាប់​ការ​បោះឆ្នោត​ព្រឹទ្ធ​សភា​យ៉ាង​យូរ​ត្រឹម​ចុង​ខែ​មករា​នេះ ចំនួន២៥៩០០សន្លឹក ដោយ​ចំណាយ​ថវិកា​ជិត​២​ម៉ឺន​ដុល្លារ។ សន្លឹក​ឆ្នោត​ចំនួន​២៥៩០០សន្លឹក​ត្រូវបាន​រាប់​បញ្ចូល​ទាំង​សន្លឹក​ឆ្នោត​បំរុង និង​គំរូ។ ក្នុងនោះ​គ.ជ.ប ក៏​បាន​កំណត់​គំរូ​សន្លឹក​ឆ្នោត និង​ក្រុមហ៊ុន​ដែល​ទទួល​ខុស​ត្រូវ​ក្នុង​ការ​បោះពុម្ព​រួច​ហើយ​ដែរ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោកសោម សូរីដា ។

សូមបញ្ជាក់ថា ដំណើរ​ការ​ដោះស្រាយ​បញ្ចប់​ពាក្យ​បណ្ដឹង​ទាក់ទង​បញ្ជី​ឈ្មោះ​បោះឆ្នោត​ព្រឹទ្ធសភា​នេះ ធ្វើ​ឡើង​បន្ទាប់​ពី គ.ជ.ប នៅ​ដើមខែមករា​នេះ ​បាន​ចាប់​ឆ្នោត​លេខ​រៀង​គណបក្ស​នយោបាយ​ដែល​ចូល​រួម​ការ​បោះ​ឆ្នោត​ព្រឹទ្ធសភានៅ​ថ្ងៃ​ទី​២៥​កុម្ភៈ​។ តាមរយៈ​ការ​ចាប់​ឆ្នោត​នោះ គណបក្ស​ប្រជាជន​ទទួល​បាន​លេខ​រៀង​ទី​១ និង​លេខ​រៀង​បន្ត​បន្ទាប់​ទៀត​បាន​ទៅ​លើ គណបក្ស​យុវជន​កម្ពុជា គណបក្ស​ខ្មែរ​រួប​រួម​ជាតិ និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច។

សូម​រំលឹក​ថា ការ​បោះ​ឆ្នោតព្រឹទ្ធសភាគឺ​ជា​ការ​បោះ​ឆ្នោត​អសកល មាន​តែ​តំណាង​រាស្រ្ត​១២៣​រូប និង​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ក្នុង​តំណែង​១១,៥៧២ជា​អ្នក​បោះ​ឆ្នោត ឬ​ជា​អង្គ​បោះឆ្នោត។ ជាការកត់សម្គាល់ ដំណើរ​ការ​ត្រៀម​រៀបចំ​បោះឆ្នោះ​ទាំងព្រឹទ្ធសភា និង​តំណាង​រាស្ត្រ នៅ​តែ​បន្ត​បោះពួយ​ទៅ​មុខ​ បើ​ទោះ​បីជា​គ.ជ.ប ​ប្រឈម​នឹង​ការ​កាត់ជំនួយ​ពី​សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប ក្រោយ​ពេល​គណបក្ស​សង្គ្រោះជាតិ​ដែល​ជា​បក្ស​ប្រឆាំង​ដ៏​ធំ​ត្រូវ​បាន​រំលាយក៏ដោយ។

បើតាម​លោក សោម សូរីដា ទន្ទឹម​នឹង​ការ​ត្រៀម​រៀបចំ​សម្រាប់​ការ​បោះឆ្នោត​ព្រឹទ្ធសភា​នៅ​ថ្ងៃ​ទី​២៥​កុម្ភៈ​ខាង​មុខ​នេះ គ.ជ.ប ក៏​បាន​ធ្វើ​ការងារ​មួយ​ចំនួន​ទាក់ទង​ដំណើរ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​ដែរ។ ជាក់ស្ដែង​គ.ជ.ប កំពុង​សិក្សា​ទៅ​លើ​អនុសាសន៍​របស់​ភាគី​ពាក់ព័ន្ធ​ទាក់ទង​បញ្ជា និង​នីតិវិធី​សម្រាប់​ការបោះឆ្នោត​ជ្រើស​តាំងតំណាង​រាស្ត្រ នៅ​ថ្ងៃ​ទី​២៩​ខែ​កក្កដា​ឆ្នាំ​២០១៨៕ ​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ