ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 17/11 12h00 GMT
general

អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​៖​កម្ពុជា​មិន​បាន​​អនុញ្ញាត​ឲ្យ​ចិន​ដាក់​មូលដ្ឋាន​ទ័ព​នៅ​ខេត្ត​កោះកុង​​ទេ​

media  
​លោក​នាយឧត្តមសេនីយ៍ ​ឈុំ ​សុជាតិ ​អ្ន​កនាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា​។​ @facebook

អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា ​បាន​ច្រាន​ចោល​ចំពោះ​ព័ត៌មាន​បរទេស​មួយ​ដែល​បាន​ចុះ​ផ្សាយ​ថា ​កម្ពុជា​បាន​អនុញ្ញាត​ឲ្យ​ប្រទេស​ចិន​ដាក់​មូលដ្ឋាន​ទ័ព​នៅ​ក្នុង​ខេត្ត​កោះកុង​។ ​នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ ​ដែល​កម្ពុជា​បាន​បដិសេធ​ចំពោះ​ព័ត៌មាន​ខាង​លើ​នេះ​។ ​ក្រៅ​តែ​ពី​បដិសេធ ​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​ពារ​ជាតិ​បាន​ចាត់​ទុក​ការ​ចុះ​ផ្សាយ​នេះ​ថា ​គឺ​ជា​ការ​លាប​ពណ៌ ​ដែល​ធ្វើ​ឱ្យ​ពិភព​លោក​មាន​ការ​ភា​ន់​ច្រឡំ​ចំពោះ​កម្ពុជា ​និង​ជា​ការ​រំខាន​ដល់​ការ​អភិវឌ្ឍ​របស់​ប្រទេស​។ 

តាម​រយៈទំព័រ​ហ្វេសបុក​ផ្លូ​វ​ការ​របស់​ខ្លួន​ កាល​ពី​ថ្ងៃទី ​១១​ ឧសភា​ អ្ន​ក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា ​លោក​នាយឧត្តម​សេនីយ៍ ​ឈុំ សុជាតិ ​បាន​ហៅ​ការ​ផ្សព្វផ្សា​យ​នេះ​ថា ​គឺ​ជា​ការ​លាបពណ៌​យ៉ាង​គឃ្លើន​របស់​គេហទំព័រ ​War​ On​ The​ Rocks​។ ​ក្រៅ​តែ​ពី​បដិសេធ​ព័ត៌មាន​នេះ​ហើ​យ​ អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា ​ក៏បា​ន​ចាត់​ទុក​ការ​ចុះ​ផ្សាយ​នេះ​ថា ​គឺ​ជា​ចេតនា​នយោបាយ​ទុច្ចរិត​ធ្វើ​ឲ្យ​ពិភពលោក​មាន​ការ​ភាន់​ច្រឡំ​ចំពោះ​ប្រទេស​កម្ពុជា ​ព្រម​ទាំង​ប៉ុនប៉ង​រំខាន​ដល់​ការ​អភិវឌ្ឍ​របស់​ប្រទេស​ និង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ភ្ញៀវ​ទេសចរ ​ដែល​នឹង​មក​កាន់​ប្រទេស​កម្ពុជា ​កាន់​តែ​ច្រើន​នា​ពេល​ខាង​មុខ​។ ​នេះគឺ​ជា​ប្រតិកម្ម​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា​។

ប្រតិកម្ម​ជា​ថ្មី​នេះ ​បាន​កើត​ឡើង​បន្ទាប់​ពី​សារព័ត៌មាន​ Online​ សរសេរ​ជា​ភាសាអង់គ្លេស​ឈ្មោះ ​War On ​The​ Rocks ​បាន​ចុះផ្សាយ​អត្ថបទ​មួយ ​កាល​ពីថ្ងៃទី ​០៩ ​ឧសភាថា​ កម្ពុជា​បាន​អនុញ្ញាត​ឲ្យ​ប្រទេសចិន​សាងសង់​មូលដ្ឋាន​យោធា​ជើង​ទឹក​ចិន​នៅ​ក្នុង​ខេត្ត​កោះ​កុង​។ ​ដោយ​មាន​រូបភាព​ពី​ផ្កាយ​រណប​ផង​ សារព័ត៌មាន​នេះ​បា​ន​ចុះ​ផ្សាយ​ថា ​ចំងល់​នៅ​តែកើត​មាន​ បន្ទាប់​ពី​រូបភាព​ផ្កាយរណប​បាន​បង្ហាញ​ពីការ​សាងសង់​កំពង់​ផែទឹក​ជ្រៅ​នៅ​ក្នុង​ខេត្ត​កោះកុង ​ដោយ​ក្រុម​អ្នក​វិនិយោគិន​ចិន​។ ​ប៉ុន្តែ​អ្នក​នាំពា​ក្យ​ក្រសួង​ការពារជាតិ​កម្ពុជា​លោក​នាយឧត្តមសេនីយ៍ ​ឈុំ ​សុជាតិ​ បាន​ចាត់​ទុក​ការ​ចុះផ្សាយ​របស់​គេហទំព័រ​អនឡាញ​បរទេស​មួយ​នេះ​ថា ​កំពុង​ព្យាយាម​ផ្សព្វផ្សាយ​ដោយ​ចោទ​ប្រកាន់ ​និង​មួល​បង្កាច់ ​មក​លើ​រដ្ឋាភិបាល​កម្ពុជា ​បើ​ទោះ​បី​ជា​រ​ដ្ឋាភិបាល​កម្ពុជា ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​លាស់ ​និង​ដោយ​មាន​រដ្ឋធម្មនុញ្ញ​ជា​ច្បាប់​កំពូល​ប្រទេស ​មក​សំអាង​យ៉ាង​ណា​ក៏​ដោយ​។ ​លោក​នាយឧត្តមសេនីយ៍ ​ឈុំ សុជាតិ ​បាន​ហៅ​តំបន់​ដែល​រង​ការ​ចោទ​ប្រកាន់​នោះថា​ គឺ​ជា​គម្រោង​អភិវឌ្ឍន៍​តំបន់​វិស្សមកាល​ទេសចរណ៍​តារា​សាគរ​ ដែល​វិនិយោគ​ទុន​រាប់​ពាន់​លាន​ដុល្លារ ​ដោយ​ក្រុមហ៊ុន​ចិន​ ដើម្បី​រួម​ចំណែក​លើកកម្ពស់​និង​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ សេដ្ឋកិច្ច​ និង​ពាណិជ្ជកម្ម​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​។

​​គួរជំរាប​ជូន​ថា ​នេះ​មិន​មែន​ជា​លើកទី​មួយ​ទេ ​ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​មុខ​ប្រតិកម្ម ​និង​ច្រានចោល​ចំពោះ​ព័ត៌មាន​ខាង​លើ​នេះ​។ ​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ​លោក ហ៊ុន សែន ​ធ្លាប់​បាន​បញ្ជាក់​ជំហរ​យ៉ាង​ច្បាស់​រួច​ហើយ​ថា ​រដ្ឋាភិបាល​កម្ពុជា ​មិន​អនុញ្ញាត​ឲ្យ​មាន​មូលដ្ឋានទ័ព​បរទេស​នៅ​លើ​ទឹកដី​កម្ពុជា​នោះ​ឡើយ​។ ​បន្ថែម​លើ​នេះ លោ​ក​នាយករដ្ឋមន្រ្តី ​ក៏​បាន​ប្រកាស​ទៀត​ថា ​កម្ពុជា​ក៏​មិន​កែ​ប្រែ​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន ​ដើម្បី​អនុញ្ញាត​ឲ្យ​មាន​មូលដ្ឋានទ័ព​បរទេស ​ឬ​បញ្ជូន​យោធា​កម្ពុជា​ទៅ​ក្រៅ​ប្រទេស ​ក្រៅ​ពី​បេ​សកកម្ម​ក្រោម​ឆ័ត្រ​របស់​អង្គការ​សហប្រជាជាតិ​នោះ​ឡើយ​៕​

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ