អានតួអត្ថបទ
កម្ពុជា-សង្គម

រដ្ឋ​មន្ត្រី​អនុតំបន់​មេគង្គ​ជួប​ប្រជុំ​គ្នា​នៅ​ខេត្ត​សៀមរាប ​ជជែក​ពី​ការ​បំពុល​ផ្សែង​អ័ព្ទ​ឆ្លង​ដែន​

រដ្ឋ​មន្ត្រី​អនុ​តំបន់​ទន្លេ​មេគង្គ ​ដែល​រួមមាន ​កម្ពុជា ​ថៃ ​ឡាវ​ វៀតណាម ​និង​ប្រទេស​ម៉ីយ៉ាន់ម៉ា ​បាន​ជួប​ប្រជុំ​គ្នា​នៅ​ក្នុង​ខេត្ត​សៀមរាប​ នា​ថ្ងៃទី ​២៤ ​ឧសភា ​នេះ ​ដោយ​ផ្តោត​លើ​ការ​បំពុល​ផ្សែង​អ័ព្ទ​ឆ្លង​ដែន​។ ​សូម​បញ្ជាក់​ថា ​នេះ​គឺ​ជា​កិ​ច្ច​ប្រជុំ​លើក​ទី​០៨ ​នៃ​រដ្ឋ​មន្ត្រី​អនុតំបន់​មេគង្គ​ ក្រោម​ការ​រៀប​ចំ​ឡើង​ដោយ​ក្រសួង​ប​រិស្ថាន​កម្ពុជា ​ដោយ​មាន​ការ​ចូល​រួម​ពី ​អភិបាល​ខេត្ត​សៀមរាប ​ព្រម​ទាំង​គណៈប្រតិភូ​មក​ពី​ប្រទេស​កម្ពុជា ​ឡាវ ​មីយ៉ាន់ម៉ា ​ថៃ ​វៀតណាម​ លេខាធិការ​ដ្ឋាន​អាស៊ាន ​និង​មជ្ឈមណ្ឌល​ឯកទេស​ឧតុនិយម​អាស៊ាន​ សរុប​ចំនួន​៦០​រូប​។  

គណៈប្រតិភូ​រដ្ឋ​មន្ត្រី​អនុតំបន់​មេគង្គ​ជួប​ប្រជុំ​គ្នា​នៅ​ខេត្ត​សៀមរាប ​ថ្ងៃទី ​២៤​​ ឧសភា ​ឆ្នាំ ​២០១៩​។​
គណៈប្រតិភូ​រដ្ឋ​មន្ត្រី​អនុតំបន់​មេគង្គ​ជួប​ប្រជុំ​គ្នា​នៅ​ខេត្ត​សៀមរាប ​ថ្ងៃទី ​២៤​​ ឧសភា ​ឆ្នាំ ​២០១៩​។​ @សហការី
ផ្សាយពាណិជ្ជកម្ម

តាម​រយៈ​កិច្ចប្រជុំ​នេះ ​លោក​ សាយ ​សំអាល់ ​រដ្ឋ​មន្រ្តី​ក្រសួង​បរិស្ថាន​កម្ពុជា ​បាន​លើក​ឡើង​ថា ​ប្រទេស​នៅ​ក្នុង​អនុតំបន់​មេគង្គ​មាន​ប្រព័ន្ធ​អេកូឡូស៊ី​ដ៏​សំបូរ​បែប ​និង​ធន​ធាន​ធម្មជាតិ​ជា​ច្រើន​។ ​តួយ៉ាង​ តំបន់​ដី​សើម​ទឹក​សាប ​តំបន់​ដីមមោគ​ តំបន់​ឆ្នេរ​សមុទ្រ​ ធន​ធាន​ព្រៃ​ឈើ ​ធនធាន​ជលផល​ និង​ធនធាន​រ៉ែ ​ដែល​រួម​ចំណែក​ដល់​ការ​លើក​កម្ពស់​គុណ​ភាព​ជីវិ​ត​មនុស្ស​។ ​ប៉ុន្តែ​យ៉ាង​ណាក៏​ដោយ ​ប្រព័ន្ធ​អេកូឡូស៊ី ​និង​ធនធាន​ធម្មជាតិ​ទាំង​នេះ ​កំពុង​ទទួល​រង​ផល​ប៉ះពាល់​ពី​ការ​ពង្រីក​ផ្ទៃដី​កសិកម្ម​ ការ​ពង្រីក​ទីក្រុង​ ការ​រីក​លូត​លាស់​របស់​វិស័យ​ឧស្សាហកម្ម ​ការ​ប្រើប្រាស់​ធ​នធាន​ធម្មជាតិ​ហួស​កម្រិត ​និង​ជា​ពិសេស ​ការ​បំពុល​ផ្សែង​អ័ព្ទ​ឆ្លង​ដែន​ ដោយ​សារ​ភ្លើង​ឆេះ​ព្រៃ​ជា​ដើម​។

ឆ្លើយ​តប​នឹង​បញ្ហា​ទាំង​នេះ ​និង​ដើម្បី​ទាមទារ​ឱ្យ​មាន​ការ​ចូលរួម​ដោះ​ស្រាយ​រួម​គ្នា​របស់​ប្រទេស​ទាំង​អស់​នៅ​ក្នុង​អនុតំបន់​មេគង្គ​ និង​ដើម្បី​ឈាន​ទៅ​សម្រេច​បាន​នូវ​ចក្ខុវិស័យ​អាស៊ាន​ឆ្នាំ​២​០២០​ ដែល​មាន​ភាព​ស្រស់ស្អាត ​និង​បៃតង​ លោក​រដ្ឋ​មន្រ្តី​ក្រសួង​បរិស្ថាន​កម្ពុជា​ បាន​គូស​បញ្ជាក់​ថា ​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ជា​សមាជិក​អាស៊ាន​ ពិត​ជា​មាន​សារៈសំខាន់​ណាស់ ​ក្នុង​ការ​អនុវត្ត​កិច្ច​ព្រមព្រៀង​អាស៊ាន ​ស្តីពី ​ការ​បំពុល​ផ្សែង​អ័ព្ទ​ឆ្លង​ដែន​ តាម​រយៈការ​រៀបចំ​បទប្បញ្ញត្តិ​ ផែនការ​យុទ្ធសាស្រ្ត​ ផែន​ការ​សកម្មភាព ​និង​វិធានការ​បង្ការ ​តាមដាន ​និង​កាត់​បន្ថ​យ​ភ្លើងឆេះព្រៃ​ជា​ដើ​ម​។

គួរជំរាប​ជូន​ថា ​ករណី​ខ្យល់​ពុល ​ឬ ​ការ​បំពុល​បរិស្ថាន​ដោយ​ផ្សែង​អ័ព្ទ ​ធ្លាប់​បាន​កើត​ឡើង​យ៉ាង​ធ្ងន់ធ្ងរ​នៅ​ក្នុង​ប្រទេស​ថៃ ​កាល​ពី​អំឡុង​ខែ​មករា​កន្ល​ង​ទៅ ​ដែល​បាន​បង្ខំ​ឲ្យ​អាជ្ញាធរ​ថៃ​ប្រកាស​បិទ​សាលារៀន​រដ្ឋ​ចំនួន​៤៣៧​កន្លែង​ និង​បាន​ហាម​ឃាត់​ប្រជាពលរដ្ឋ​មិន​ឲ្យ​ចេញ​ទៅ​កន្លែង​ទីសាធារណៈ​ទៀត​ផង​។ ​ខ្យល់​ពុ​ល​ ដែល​បាន​វាយ​ប្រហារ​លើទី​ក្រុង​បាងកក​កាល​ណោះ ​បាន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​សុខភាព​ ពិសេស​ខាង​ផ្លូវ​ដង្ហើម​របស់​ប្រជាពលរដ្ឋ​។ ​ទោះ​បី​ជា​កម្ពុ​ជា​នៅ​មិន​ទាន់​រង​ការ​បំពុល​ដោយ​ផ្សែង​អ័ព្ទ​នេះ​ក្តី ​ប៉ុន្តែ​លោក​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ សាយ ​សំអាល់ ​រំពឹង​ទុក​ថា​ តាម​រយៈ​កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​អនុតំបន់​មេគង្គ ​ដែល​បាន​បើក​ធ្វើ​នៅ​ខេត្តសៀមរាប​នេះ ​នឹង​ពិនិត្យ​មើល​វឌ្ឍនាភាព​ការងារ​របស់​ខ្លួន ​ដើម្បី​ទប់​ស្កាត់​ភ្លើង​ឆេះ​ព្រៃ​កន្ល​ង​មក ​និង​ពិភាក្សា​លើ​គំនិត​ផ្តួច​ផ្តើម ​ព្រម​ទាំង​អនុសាសន៍​នានា ​ដែល​ក្រុម​ការងារ​បច្ចេកទេស​បាន​ខិតខំ​ប្រឹងប្រែង​រៀបចំ​ឡើង ​សំដៅ​ធ្វើ​ឱ្យ​អនុតំបន់​មេគង្គ​លែង​មាន​ការ​បំពុល​ផ្សែង​អ័ព្ទ​ត​ទៅ​ទៀត​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ