អានតួអត្ថបទ
កម្ពុជា-បោះឆ្នោត

ប្រជាពល​រដ្ឋ​មក​​​ចុះ​​​ឈ្មោះ​​បោះ​​ឆ្នោត​​​ថ្មី​​​នៅ​​​ឆ្នាំ​​២០១៩ ​​មិន​​​គ្រប់​​​តាម​​​ចំនួន​​​​ប៉ាន់​​​​ស្មាន​​របស់​​ គ​​.​​ជ​​.​ប​​​​

ការ​ពិនិត្យ​បញ្ជី​ឈ្មោះ ​និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី ​សម្រាប់​ឆ្នាំ​២០១៩ ​នឹង​បិទ​បញ្ចប់​នៅ​ល្ងាច​ថ្ងៃទី ​២២ ​ឧសភា​នេះ ​​ខណៈ​ចំនួន​ប្រជាពលរដ្ឋ​មក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី ​មិន​គ្រប់​តាម​ចំនួន​ដែល​បាន​ប៉ាន់​ស្មាន​នោះ​ទេ​។ ​មូលហេតុ​បណ្តាល​មក​ពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ​ហើយ​ប្រជាពលរដ្ឋ​ធ្វើ​ចំណាក​ស្រុក​ជា​ដើម​។ ​ប៉ុន្តែ​អ្នក​ធ្វើ​ការ​ងារ​ខាង​កិច្ចការ​បោះ​ឆ្នោត​បាន​កត់​សំគាល់​ថា ​នា​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ​ប្រជាពល​រដ្ឋ​ហាក់​ពុំ​សូវ​ចាប់​អារម្មណ៍​លើ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​នោះ​ទេ​។  

ពលរដ្ឋពិនិត្យឈ្មោះមុនពេលចូលទៅបោះឆ្នោតថ្ងៃ២៩​កក្កដា​​។
ពលរដ្ឋពិនិត្យឈ្មោះមុនពេលចូលទៅបោះឆ្នោតថ្ងៃ២៩​កក្កដា​​។ @សហការី
ផ្សាយពាណិជ្ជកម្ម

ផ្អែក​តាម​លទ្ធផល​បណ្តោះ​អាសន្ន​នៃ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​សម្រាប់​ឆ្នាំ​២០១៩​នេះ ​គិត​ត្រឹម​ថ្ងៃទី ​២១​ ឧសភា​ មាន​ប្រជាពលរដ្ឋ​ចំនួន​តែ​ជាង​១០​ម៉ឺន​នាក់ ​ឬ​ស្មើ​នឹង​២៨​.​២៥​%​ប៉ុណ្ណោះ ​ដែល​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​។ ​ក្នុង​នោះ ​រាជ​ធានី​ភ្នំពេញ​មាន​ចំនួន​ប្រជាពលរដ្ឋ​តិច​តួច​ជាង​គេ ​ត្រឹម​តែ​២​៧៨៧​នាក់​ក្នុង​ចំណោម​ប្រជាពល​រដ្ឋ​៣២៦៤០​នាក់ ​ដែល​គិត​ជា​ភាគរយ​មាន​ត្រឹម​តែ ​៨.៥៤%​ប៉ុណ្ណោះ ​ដែល​បាន​ចេញ​ទៅចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​។ ​ចំនួន​នេះ ​គឺ​ខុស​ពី​ការ​ប៉ាន់​ស្មាន​ទុក​ជា​មុន ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះឆ្នោត​ គជប ​ដែល​ចំនួន​ប្រជាពលរដ្ឋ​ត្រូវ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​ចំនួន​ ៣៧​២៦២​៨​នាក់​។

តាម​រយៈសេចក្តី​ប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ កាល​ពី​ថ្ងៃទី​ ២១ ​ឧសភា ​លោក​ ឌុច សុន​ សមាជិក​ គជប ​បាន​លើក​ឡើង​ថា ​មូល​ហេតុ​ដែល​ប្រជាពលរដ្ឋ​មក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​មិន​បាន​គ្រប់​តាម​ចំនួន​ប៉ាន់​ស្មាន​នេះ ​គឺ​ដោយ​សារ​តែ ​ឃុំ​ស​ង្កាត់​មួយ​ចំនួន​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ ក្រុម​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ពិបាក​ក្នុង​ការ​ចល័ត​ការិយាល័យ​ចុះ​ឈ្មោះតា​ម​ភូមិ ​ជា​ពិសេស​នៅ​តំបន់​ដាច់​ស្រយាល ​បញ្ហា​ប្រជាពលរដ្ឋ​ចំណាក​​ស្រុក​ទៅ​ក្រៅ​ប្រទេស​ និង​ជា​ពិសេស​ប្រជាពលរដ្ឋ​មិន​សូវ​ចាប់​អារម្មណ៍ចុះ​ឈ្មោះ ​​ដោយ​​សារ​​មិន​​មែន​​ជា​​ឆ្នាំ​​បោះ​​ឆ្នោត​​ជា​​ដើម​​។​ ប៉ុន្តែ​លោក ​សំ ​គន្ធាម៉ី ​នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​នៅ​កម្ពុជា​និចហ្វិច​ យល់​ថា ​ភ្លៀង​មិន​មែន​ជា​មូល​ហេតុ​នៃ​ចំនួន​ប្រជាពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​ថយ​ចុះនោះ​ទេ​។​ ​ប៉ុន្តែ​កង្វះ​ខា​ត​ការ​ផ្សព្វផ្សាយ​របស់ ​គជប ​រួម​ទាំង​បញ្ហា​កត្តា​នយោបាយ​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​កាន់​តែ​នឿយ​ណាយ​ក្នុ​ង​ការ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​។ ​លោក ​សំ ​គន្ធាម៉ី ​បាន​កត់​សំគាល់​ថា ​ចាប់​តាំង​ពី​ឆ្នាំ​២០១៧​ និង​ឆ្នាំ​២០១៨​មក ​ចំនួន​ប្រជាពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​ប្រចាំឆ្នាំ​មិន​បាន​៥០​%​នោះ​ទេ​។ ​បើ​តាម​លោក​ សំ ​គន្ធាម៉ី ល​ទ្ធផល​នេះ​បង្ហាញ​ថា ​ប្រជាពលរដ្ឋ​ហាក់​ពុំ​សូវ​ចាប់​អារម្មណ៍​ក្នុង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នោះ​ទេ។​

សូម​បញ្ជាក់​ថា ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​សម្រាប់​ឆ្នាំ​២០១៩​ ដែល​មិន​មែន​ជា​ឆ្នាំ​បោះ​ឆ្នោត​សកល​នេះ ​បាន​ចាប់​ផ្តើម​កាល​ពីថ្ងៃទី ​០១ ​ឧសភា ​ហើយ​នឹង​បិទ​បញ្ចប់​នៅ​ត្រឹម​ល្ងាច​ថ្ងៃទី ​២២ ​ឧសភា​នេះ​។ ​លោក​ ឌឹម​ សុវណ្ណារុំ ​សមាជិក​និង​ជា​អ្នក​នាំ​ពាក្យ ​គ.ជ.ប ​បាន​ថ្លែង​ថា ​គ.ជ.ប ​គ្មាន​គម្រោង​ពន្យា​ពេល​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​នោះ​ទេ​។

​គួរ​ជំរាប​ជូន​ថា ​ផ្អែក​តាម​លទ្ធផល​បណ្តោះ​អា​សន្ន​នៃ​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ ​និង​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​សម្រាប់​ឆ្នាំ​២០១៩​នេះ ​គិត​ចាប់​ពី​ថ្ងៃទី ​០១ ​ដល់ថ្ងៃទី ​២១ ​ឧសភា ​មាន​ប្រជាពលរដ្ឋ​១០៥២៧៥​នាក់ ​ស្មើ​នឹង​២៨​.​២៥​% ​ដែល​បាន​មក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​ដែល​ធ្វើ​ឲ្យ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​កើន​ឡើង​ដល់​ជាង​៨​លាន​៦​សែន​នាក់​។ ​ប៉ុន្តែ ​ទន្ទឹម​គ្នា​នោះ ​គ.ជ.ប ​បាន​សម្រេ​ច​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​បោះ​ឆ្នោត​ថ្មី​ចំនួន​ជាង​៤០២៥៦​នាក់ ​កែ​តម្រូវ​១៩៦៨នា​ក់ ​និង​ផ្ទេរ​ចូល​ចំ​នួន ​១៨៣១៦​នាក់​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ