អានតួអត្ថបទ
កម្ពុជា

តុលាការ​ក្រុង​​ភ្នំពេញ​​បដិសេធ​​សំណើសុំ​​ទម្លាក់​​បទ​​ចោទ​​លើ​​លោក​​កឹម សុខា​

តុលាការ​សាលាដំបូង​​រាជធានី​ភ្នំពេញ បានសម្រេច​បដិសេធចោល​សំណើសុំ​ទម្លាក់​បទចោទប្រកាន់​លើ​លោក​កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ។ ការបដិសេធ​នេះ ធ្វើឡើង​ក្រោយពី​ក្រុម​មេធាវី​របស់លោក​កឹម សុខា បានដាក់​សំណើ​ទៅកាន់​តុលាការ​ជា​បន្ត​បន្ទាប់បី​ដង​រួចមកហើយ ដើម្បី​ស្នើ​តុលាការ​ទម្លាក់​បទ​ចោទ និង​ដោះលែង​លោក​កឹម សុខា ឲ្យ​មាន​សេរីភាព​ឡើងវិញ។

លោក កឹម សុខា ពេល មក ដល់ គេហដ្ឋាន របស់ លោកកាលពីខែកញ្ញា
លោក កឹម សុខា ពេល មក ដល់ គេហដ្ឋាន របស់ លោកកាលពីខែកញ្ញា @Chan Chen's Facebook
ផ្សាយពាណិជ្ជកម្ម

លោក​អ៊ី រិន្ទ ប្រធាន​លេខាធិការដ្ឋាន​រដ្ឋបាល​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​អះអាង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះ​ថា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក​គី ឫទ្ធី ដែល​កាន់​សំណុំរឿង​លោក​កឹម សុខា បាន​បដិសេធ​សំណើសុំ​ទម្លាប់​បទចោទប្រកាន់​មកលើ​លោក​កឹម សុខា​របស់​ក្រុម​មេធាវី។ ក្រុម​មេធាវី​លោក​កឹម សុខា បានដាក់​សំណើរ​សុំ​ទម្លាក់​ចោទប្រកាន់​នេះ​ទៅកាន់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​បី​ដង​រួចហើយ​នាពេល​កន្លងមក។

សម្រាប់​ក្រុម​មេធាវី​លោក​កឹម សុខា តុលាការក្រុង​ភ្នំពេញ​គួរតែ​បញ្ចប់​ការស៊ើបអង្កេត​លើ​លោក​កឹម សុខា​ហើយ ព្រោះ​ដំណើរការ​ស៊ើបអង្កេត​នេះ​បានអូសបន្លាយ​ជាង​មួយឆ្នាំមកហើយៗម្យ៉ាងទៀត តុលាការ​នៅតែ​មិនទាន់​រកឃើញ​ភ​ស្ត​តាង​ណាមួយ ដើម្បី​ដាក់បន្ទុក​លើ​លោក​កឹម សុខា នៅឡើយ។ ដូច្នេះហើយ​ទើប​ពួកគេ​ស្នើ​ឲ្យ​តុលាការ​ទម្លាក់​បទចោទប្រកាន់​មកលើ​ប្រធាន​អតីត​បក្សប្រឆាំង។ ប៉ុន្តែ​លោក​អ៊ី រិន្ទ បាន​បញ្ជាក់ថា ការដែល​តុលាការ​សម្រេច​បដិសេធ​សំណើ​នេះ គឺ​តុលាការ​មាន​ភាពចាំបាច់​ក្នុង​ការបន្ត​ដំណើរការ​ស៊ើបអង្កេត​លើ​លោក​កឹម សុខា ដូច​យ៉ាង ត្រូវ​សួរនាំ​លើ​សាក្សី​បន្ថែមទៀត។

សាក្សី​បន្ថែម​នៅក្នុង​សំណុំរឿង​លោក​កឹម សុខា ត្រូវបាន​តុលាការ​កំណត់​រួចហើយ គឺ​លោក​គង់ គាំ អតីត​ទីប្រឹក្សា​អតីត​គណបក្ស​ស​ង្គោះ​ជាតិ។ តុលាការ​បាន​តម្រូវ​ឲ្យ​លោក​គង់ គាំ ចូលខ្លួន​មក​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ វេលា​ម៉ោង៨៖៣០នាទី​ព្រឹក។ លោក​គង់ គាំ គឺជា​សាក្សី​ចុងក្រោយ​បំផុត​ក្នុងចំណោម​សាក្សី​ទាំង​ជាង១០នាក់​ដែល​ត្រូវបាន​តុលាការ​កោះហៅ​ជា​បន្តបន្ទាប់។ ប៉ុន្តែ​អ្នកខ្លះ​ក៏បាន​ចូលខ្លួន ឯ​មួយចំនួនទៀត​មិនបាន​ចូលខ្លួន​តាម​ការកោះហៅ​ឡើយ។

សូម​រំលឹក​ឡើងវិញ​ថា លោក​កឹម សុខា​ត្រូវបាន​តុលាការ​ចោទប្រកាន់​ពីបទ ស​ន្និ​ដ្ឋិ​ភាពជា​មួយ​បរទេស។លោក ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន និង​ឃុំខ្លួន​កាលពី​ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១។ ប៉ុន្តែ តុលាការ​បានសម្រេច​នាំ​ខ្លួន​លោក​ពី​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ក្នុង​ខេត្ត​ត្បូងឃ្មុំ​មក​ឃុំ​នៅក្នុង​គេហដ្ឋាន​របស់លោក​នៅ​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០១៨៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ