អានតួអត្ថបទ
កម្ពជា

តុលាការ​ក្រុង​ភ្នំពេញ​​នឹង​​បើក​សវនាការ​​លើ​​មេ​សហជីព​ធំ​ៗ៦រូប​​នៅ​​សប្តាហ៍​ក្រោយ​ៗ​សំណើ​​នាយក​រដ្ឋមន្ត្រី​

សាលាដំបូង​រាជធានី​ភ្នំពេញ នឹង​បើកសវនាការ​លើ​សំណុំរឿង​មេ​សហជីព​កម្មករធំៗចំនួន៦រូប​នៅ​ថ្ងៃទី០៧ ខែធ្នូ សប្តាហ៍​ក្រោយនេះ។ នេះ​បើតាម​លិខិតអញ្ជើញ​មេធាវី​របស់​តុលាការក្រុង​ភ្នំពេញ​កាល​ពីថ្ងៃ​ទី១៩ វិច្ឆិកា​តែ​ទើប​បង្ហាញ​ជា​សាធារណៈ​កាលពី​ម្សិលមិញ។ គម្រោង​បើកសវនាការ​នេះ ធ្វើឡើង​បន្ទាប់ពី​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បានស្នើ​ជា​បន្តបន្ទាប់​ឲ្យ​តុលាការ​ឆាប់​បញ្ចប់​សំណុំរឿង​មេ​សហជីព​នៅ​កម្ពុជា។

លោក​អាត់ ​ធន់ មេ​សហជីព​ម្នាក់​ក្នុង​ចំណោម​មេ​សហជីព​៦នាក់​ដែល​ត្រូវ​ឡើង​តុលាការ​នៅ​ថ្ងៃ​ទី៧ ​ធ្នូ​
លោក​អាត់ ​ធន់ មេ​សហជីព​ម្នាក់​ក្នុង​ចំណោម​មេ​សហជីព​៦នាក់​ដែល​ត្រូវ​ឡើង​តុលាការ​នៅ​ថ្ងៃ​ទី៧ ​ធ្នូ​ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

តាម​លិខិតអញ្ជើញ​របស់លោក​លី សុ​ផា​ណា ព្រះរាជអាជ្ញារង​សាលាដំបូង​រាជធានី​ភ្នំពេញ មេ​សហជីពធំៗដែល​នឹងត្រូវ​បើកសវនាការ​នៅ​ថ្ងៃទី០៧ ធ្នូ គឺ​រួមមាន លោក​អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា លោក​ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​កម្ពុជា លោកស្រី​ម៉ម ញឹម ប្រធាន​សហព័ន្ធ​សហជីព​ជាតិ​នៃ​ឧស្សាហកម្ម​វាយ​ន​ភណ្ឌ លោក​ជា មុនី ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា និង​លោកស្រី​យ៉ាង សោ​ភ័​ណ្ឌ ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា។

ក្រុម​មេ​សហជីព​ទាំងនេះ ត្រូវបាន​តុលាការ​ចោទប្រកាន់​ពីបទ ប្រព្រឹត្ត​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស បទ​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស បទ​គំរាមកំហែង​ថា​នឹងធ្វើ​ឲ្យ​ខូចខាត​ដែល​ភ្ជាប់​នូវ​បញ្ជា​អ្វីមួយ និង​បទ​ប្រើ​មធ្យោបាយ ដើម្បី​ជា​ឧបសគ្គ​ដល់​ចរាចរណ៍​សាធារណៈ។ សកម្មភាព​ទាំងនេះ បាន​ប្រព្រឹត្តទៅ​នៅ​ចំណុច​មុខ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា ផ្លូវ​វ៉េងស្រេង កាលពី​អំឡុង​ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៣ រហូតដល់​ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១។

សូម​កត់សម្គាល់ថា គម្រោង​បើកសវនាការ​លើ​មេ​សហជីព​នេះ ត្រូវបាន​គ្រោងឡើង​បន្ទាប់ពី​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ស្នើ​ឲ្យ​តុលាការ​ឆាប់​បញ្ចប់​សំណុំរឿង​លើ​សហជីព​ជា​បន្តបន្ទាប់។ លើក​ទី១ គឺ នៅ​ថ្ងៃទី០៧ វិច្ឆិកា លោកនាយក​រដ្ឋមន្ត្រី​បាន​ជំរុញ​ឲ្យ​ក្រសួងយុត្តិធម៌ និង​ក្រសួង​ការងារ​សហការគ្នារ​ពិនិត្យ និង​សម្របសម្រួល​ឲ្យ​តុលាការ​ឆាប់​កាត់ក្តី​បញ្ចប់​សំណុំរឿង​មេ​សហជីព​ឲ្យ​បាន​ឆាប់​ចប់។ ចំណែក​កាលពី​ថ្ងៃទី២៨ វិច្ឆិកា​វិញ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បានស្នើ​ឲ្យ​បញ្ចប់រឿង​ក្ដីក្ដាំ​របស់​ស​ហ​ជីព​ទាំងអស់​នៅ​តុលាការ​ឲ្យ​បាន​ចប់សព្វគ្រប់​នៅត្រឹម​ឆ្នាំ២០១៨នេះ។ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ក៏បាន​ជំរុញ​ឲ្យ​មេ​សហជីព​ទាំងអស់​ដែល​កំពុង​រង​បណ្តឹង​នៅ​តុលាការ ត្រូវបញ្ជូន​សំណើ​ដោះស្រាយ​បញ្ហា​ទៅកាន់​រដ្ឋមន្ត្រីក្រសួង​ការងារ។

ក្រសួង​ការងារ​កាលពី​ថ្ងៃទី២៩ វិច្ឆិកា ពោល គឺ​នៅក្រោយ​មួយថ្ងៃ​នៃ​ការអំពាវនាវ​របស់លោក​នាយករដ្ឋមន្ត្រី បានស្នើ​ឲ្យ​ថ្នាក់ដឹកនាំ​សហជីព​នៅ​កម្ពុជា ផ្តល់​របាយការណ៍​អំពី​សំណុំរឿង​របស់ខ្លួន​មកកាន់​ក្រសួង​ការងារ ឲ្យ​បាន​មុន​ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ ដើម្បី​ឲ្យ​ក្រសួង​រៀបចំ​ដំណើរការ​នីតិវិធី​ជាមួយ​ក្រសួងយុត្តិធម៌​ក្នុងការ​ព​ន្លឿ​ន និង​បញ្ចប់​សំណុំរឿង​របស់​ពួកគេ​ឲ្យ​បាន​ឆាប់រហ័ស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ