អានតួអត្ថបទ
កម្ពុជា

តុលាការ​​កំពូល​​និង​ឧទ្ធរណ៍​ទាត់ចោល​​បណ្តឹង​ទាស់​រ​បស់​​លោក​​កឹម សុខា​​ក្នុង​​ថ្ងៃ​​តែ​មួយ​

នៅ​ព្រឹក​នេះ តុលាការ​កំពូល​បានប្រកាស​សាលដីកា​ទាត់ចោល​បណ្តឹងសុំ​មោឃភាព​នីតិវិធី​របស់​តុលាការក្រុង​ភ្នំពេញ​លើ​សំណុំរឿង​ចោទប្រកាន់​លោក​កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ។ ព្រម​ជាមួយគ្នានេះ សាលាឧទ្ធរណ៍​ដែល​ចំណាយពេល​ពេញ​មួយ​ព្រឹក​ដើម្បី​ជំនុំជម្រះ​លើ​បណ្តឹងទាស់​នឹង​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ក៏បាន​សម្រេច​ទាត់ចោល​បណ្តឹង​នេះ​ផងដែរ។

លោកកឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ៕
លោកកឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ៕ @Facebook
ផ្សាយពាណិជ្ជកម្ម

ការសម្រេច​ទាត់ចោល​នេះ គឺធ្វើឡើង​ក្នុងពេល​តែមួយ​តែម្តង។ សាលាឧទ្ធរណ៍​បានសម្រេច​តម្កល់​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ទុកជាបានការ គឺ​រក្សារ​ការផ្តន្ទាទោស​លោក កឹម សុខា រយៈពេល៥ខែ​និង​ពិន័យ​ជា​ទឹកប្រាក់៨០ម៉ឺន​រៀល​ដដែល។ ការទាត់ចោល​នេះ គឺ​តុលាការ​បាន​សំអាង​ទៅលើ​ហេតុផល​ជាច្រើន ប៉ុន្តែ​ក្នុងនោះ​អ្វីដែល​ក្រុម​មេធាវី​កត់សម្គាល់ គឺ​តុលាការ​លើកឡើងថា ការមិន​ចូលខ្លួន​របស់លោក​កឹម សុខា មកកាន់​តុលាការ​តាម​ការកោះហៅ​នោះ គឺមាន​ចេតនា​តែម្តង។

ក្រុម​មេធាវី​ការពារ​ក្តី​លោក​កឹម សុខា មិន​ពេញ​ចិត្តនឹង​ការសម្រេច​នេះ​ទាល់តែសោះ។ លោក​សំ សុ​គង់ មេធាវី​មួយរូប​របស់លោក​កឹម សុខា បាន​បញ្ជាក់ថា សវនាការ​នៅ​ឧទ្ធរណ៍​នេះ​មិនអាច​ទទួលយកបាន​នោះទេ ព្រោះ​សវនាការ​នេះ​មាន​លក្ខណៈ​មិន​ត្រឹមត្រូវ និង​មិនបាន​ផ្តល់​យុត្តិធម៌​ដល់​កូនក្តី​របស់លោក។ យ៉ាងណាក៏ដោយ លោក​មេធាវី​បាន​គូសបញ្ជាក់​បន្ថែមថា ក្រុម​មេធាវី​នឹង​ពិភាក្សាគ្នា​ជាមួយ​លោក​កឹម សុខា ដើម្បី​ដាក់ពាក្យ​ប្តឹងទៅ​តុលាការ​កំពូល​បន្តទៀត ដើម្បី​ប្រឆាំងនឹង​ការសម្រេច​នេះ។

សូមបញ្ជាក់ថា សាលាដំបូង​រាជធានី​ភ្នំពេញ  កាលពី​ថ្ងៃទី៩ ខែកញ្ញា កន្លងទៅ បានសម្រេច​ផ្តន្ទាទោស​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល៥ខែ​និង​ពិន័យ​ជា​ទឹកប្រាក់​ចំនួន៨០ម៉ឺន​រៀល​ក្រោម​ការចោទប្រកាន់​ពីបទ"បដិសេធ​ក្នុងការ​ចូលខ្លួន"តាម​មាត្រា៥៣៨ នៃ​ក្រមព្រហ្មទណ្ឌ​កម្ពុជា ។ តុលាការ​បានចាត់ទុក​លោក​កឹម សុខា ថា​បាន​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​ជាក់ស្តែង​ដោយសារ​ប្រធានស្តីទី​បក្សប្រឆាំង​រូបនេះ​ខកខាន​ចូល​បំភ្លឺ​នៅ​តុលាការ​ចំនួន​ពីរលើក​ក្នុងនាម​ជា​សាក្សី ពាក់ព័ន្ធ​នឹង​សំណុំរឿង​អ្នកនាង ខុម ចាន់​តារា​ទី ហៅ​ស្រីមុំ។

ក្រោយពី​តុលាការ​ជាន់​ទាប​បានសម្រេច​ដូច្នេះ ក្រុម​មេធាវី​ការពារ​ក្តី​ឲ្យ​លោក​កឹម សុខា បានដាក់​ពាក្យ​ប្តឹង​សុំ​មោឃភាព​នីតិវិធី​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​នេះ ទៅកាន់​សាលាឧទ្ធរណ៍ និង តុលាការ​កំពូល​ជា​បន្តបន្ទាប់​ទៀត។ ក៏ប៉ុន្តែ​សាលាឧទ្ធរណ៍​បាន​បដិសេធ ហើយ​តុលាការ​កំពូល​នៅ​ថ្ងៃ​សុក្រ​នេះ​ទៀតសោត ក៏បាន​ទាត់ចោល​បណ្តឹងសុំ​មោឃភាព​នីតិវិធី​នេះ​ថែមទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ