អានតួអត្ថបទ
កម្ពុជា

ឌុច​មាន​វិប្បដិសារី​ចំពោះ​ការ​ធ្វើ​ទារុណកម្ម​លើ​អ្នក​គ្រូ​របស់ខ្លួន​

កាំង ហ្គេចអ៊ាវ ហៅឌុច ​អតីត​មេគុក​ទួលស្លែង ​បាន​បន្ត​ឡើង​ផ្តល់​សក្ខី​កម្ម​ក្នុង​នាម​ជាសាក្សី ​នៅ​​ថ្ងៃ​ទី​៩​មិថុនា​នេះ ​ដើម្បី​ប្រឆាំង​នឹង​ជនជាប់​ចោទ ​នួន ជា​ និង​ខៀវ សំផន ​នៅ​​ក្នុង​​សំណុំ​​រឿង ​002/02 ​។ ​អ្វី​ជា​ការ​កត់​សំគាល់ ​សវនាការ​នៅថ្ងៃ​នេះ ​ឌុច​បាន​បង្ហាញ​ការ​ឈឺ​ចាប់ ​ចំពោះ​​​ការ​​ធ្វើ​ទារុណកម្ម​ទៅ​លើ​អ្នក​គ្រូ​របស់​ខ្លួន​ម្នាក់ ​និង​​បាន​​បដិសេធ​​ចំពោះ​ការ​ប្រើ​ប្រាស់​​ឧបករណ៍​​នៃ​​ការ​​ធ្វើ​ទារុណកម្ម​មួយ​ចំនួន​ផង​។

កាំង ហ្គេចអ៊ាវ ​ហៅ​ឌុច ​អតីត​មេគុក​ទួលស្លែង​ ឡើង​ផ្តល់​សក្ខីកម្ម​ក្នុង​នាម​ជា​សាក្សី ​ថ្ងៃ​ទី​៩​មិថុនា​ឆ្នាំ​២០១៦​។​
កាំង ហ្គេចអ៊ាវ ​ហៅ​ឌុច ​អតីត​មេគុក​ទួលស្លែង​ ឡើង​ផ្តល់​សក្ខីកម្ម​ក្នុង​នាម​ជា​សាក្សី ​ថ្ងៃ​ទី​៩​មិថុនា​ឆ្នាំ​២០១៦​។​ @ECCC
ផ្សាយពាណិជ្ជកម្ម

នៅថ្ងៃទី​៣​នៃ​ការ​ឡើង​ផ្តល់​សក្ខីកម្ម​ក្នុង​នាម​ជា​សាក្សី​នា​ថ្ងៃ​ទី​៩​មិថុនា​នេះ ​កាំង ​ហ្គេចអ៊ាវ ​ហៅ​ឌុច ​ដែល​គេ​ដឹង​ថា ​ជា​មេគុកទួលស្លែង​​ដែល​នាំ​​ឲ្យ​មនុស្ស​​ប្រមាណជា​​១៥០០០​​នាក់​​ស្លាប់​​បាត់បង់​ជីវិត​​នោះ ​​បាន​​បង្ហាញ​​ការ​​ឈឺ​ចាប់​​ចំពោះ​​ឆ្មាំ​គុក​​ម្នាក់ ​​ដែល​​បាន​​ធ្វើ​​ទារុណកម្ម​​ទៅ​​លើ​អ្នក​គ្រូ​​របស់​ខ្លួន​រហូត​ដល់​ស្លាប់។​
ថ្លែង​នៅ​ចំពោះ​មុខ ​អង្គ​ជំនុំជំរះ​សាលាដំបូង​នៃ​សាលាក្តីខ្មែរ​ក្រហម ​នៅ​ថ្ងៃ​នេះ ​កាំង ហ្គេចអ៊ាវ ហៅ​​ឌុច ​ដែល​ជាអ​​តីត​សាស្ត្រាចារ្យ​ផ្នែក​គណិត​វិទ្យារូប​នេះ ​បាន​អះអាង​ថា ​ខ្លួន​​ពិត​​ជា​​មាន​​ការ​​ឈឺ​ចាប់​​មក​​ទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ ​ចំពោះ​ឆ្មាំ​គុក​ម្នាក់​ឈ្មោះ ​ផូ ​ដែល​បាន​​ធ្វើ​​ទារុណ​កម្ម​​​​ទៅ​​​លើ​អ្នក​​គ្រូ​របស់​ខ្លួន​ម្នាក់​។ ​ឆ្លើយ​តប​នឹង​ការ​ឈឺ​ចាប់​នេះ ​ឌុច ​ក៏​បាន​​ស្នើ​​សុំ​​ទៅ​​កាន់​​ថ្នាក់​លើ​របស់​ខ្លួន​ ដើម្បី​នាំ​ខ្លួន​ឆ្មាំគុក​ម្នាក់​នេះ​យក​ទៅ​កំទិច ​(សម្លាប់) ​ចោល​តែ​ម្តង​។


ការ​​អះអាង​របស់ ​កាំង ​ហ្គេចអ៊ាវ ​ហៅឌុច ​បែប​នេះ ​គឺ​ជា​ការ​ឆ្លើយ​តប​ទៅ​​នឹង​​សំណួរ​​របស់​​សហ​​ព្រះ​រាជ​អាជ្ញារង​អន្តរជាតិ ​លោក ដេល ឡៃសាក់ ​ជុំវិញ​វិធី​សាស្ត្រ ​និង​​ការ​​ប្រើ​ប្រាស់​​ឧបករណ៍​ធ្វើ​ទារុណកម្ម​ ទៅ​លើ​អ្នក​ទោស​នៅ​ក្នុង​គុក​ទួលស្លែង ​ដែល​ភាគ​ច្រើន ​គឺ​​ជា​ស្ត្រី​​និង​​កុមារ​​ដែល​ពួកគេ​គឺ​ជា​ប្រពន្ធ​និង​កូន​របស់​កម្មាភិបាល​ជាន់ខ្ពស់​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ក្នុង​អំឡុង​ពេល​នៃ​ការ​អនុវត្ត​ផែនការ​បោស​សំអាត​ផ្ទៃ​ក្នុង​របស់​ខ្លួន​។ ​បើ​តាម​ការ​អះអាង​របស់ ​ឌុច ​អ្នក​ទោស​ភាគ​​ច្រើន​​ដែល​​ត្រូវ​​បាន​​យក​​ទៅ​​សម្លាប់​​នៅ​​បឹង​ជើង​ឯក​​នោះ ​គឺ​មិន​ត្រូវ​​បាន​​សួរ​​ចម្លើយ​​នោះទេ​ ខ្លះ​បាន​សួរ​ខ្លី ​និង​ខ្លះ​បាន​សួរ​វែង។


នៅ​ក្នុង​សវនាការ​នៅ​ថ្ងៃ​នេះ ​កាំង ​ហ្គេចអ៊ាវ ​ហៅឌុច ​ក៏​បាន​ច្រាន​​ចោល​​ចំពោះ​​អំណះ​​អំណាង​​​របស់​​លោក ​ជុំ ម៉ី ​អតីត​អ្នក​ទោស​ទួលស្លែង ​និង​អំណះអំណាង​របស់​ លោក ​david chandler ​អ្នក​និពន្ធ​សៀវភៅ​ជនជាតិ​អាមេរិកកាំង ​ដែល​បាន​ផ្តល់​សក្ខីកម្ម​ថា ​មាន​​សម្រែក​​អ្នក​ទោស​​ចេញ​​ពី​គុកទួល​ស្លែង​ប្រមាណ​ជា​៧០០​ទៅ​៨០០​ម៉ែត្រ ​ដោយ​​សារ​​តែ​​ការ​​ធ្វើ​​ទារុណកម្ម​ដ៏​​សាហាវ​នាពេល​នោះ។ ​ឌុច ​បាន​អះអាងថា ​ខ្លួន​មិន​បាន​លឺ​សម្រែក​ទាំង​នោះទេ។​ នៅ​ក្នុង​សវនាការ​នៅ​ថ្ងៃនេះ ​ឌុច ​ក៏​បាន​ច្រាន​ចោល ​ចំពោះ​ឧបករណ៍​​និង​​របៀប​​ធ្វើ​​ទារុណ​កម្ម​​​មួយ​ចំនួន​ផងដែរ ​ដែល​ត្រូវ​បាន​ប្រើប្រាស់​ដោយ​អ្នក​ក្រោម​បញ្ជា​របស់​លោក។​

សូម​បញ្ជាក់​ថា ​នៅ​ថ្ងៃទី​៣​នៃ​ការ​ឡើង​ផ្តល់​សក្ខី​កម្ម​របស់​កាំង ហ្គេចអ៊ាវ ​ហៅឌុច ​ក្នុង​​នាម​​ជា​​សាក្សី​​នៅ​​ថ្ងៃទី​៩​មិថុនា​នេះ ​ធ្វើ​ឡើង​ដោយ​មិន​មាន​វត្តមាន​របស់​ជន​ជាប់ចោទ ​នួន ជា ​បង​ធំ​ទី​​២​នៃ​របបខ្មែរ​ក្រហម​នោះ​ទេ ​ដោយ​សារ​ នួន ជា ​បាន​​លះបង់​​សិទ្ធិ​​ចូលរួម​​ដោយ​​ផ្ទាល់​​ដោយ​​សារ​​បញ្ហាសុខភាព​។ ​ឌុច ​នៅ​មាន​រយៈពេល​៦​ថ្ងៃ​ទៀត ​ដើម្បី​ផ្តល់​សក្ខីកម្ម​ ក្នុង​​នាម​​ជា​សាក្សី ​​ដើម្បី​ប្រឆាំង​នឹង​ជនជាប់ចោទ ​នួន ជា ​និង​ខៀវ សំផន​ នៅ​ក្នុង​សំណុំ​រឿង ​002/02៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ