អានតួអត្ថបទ
កម្ពុជា

សមត្ថកិច្ច​ខេត្តកំពង់ធំ ​ឃាត់​ខ្លួន​សកម្មជន​បក្សប្រឆាំង​២​នាក់ ​ក្នុង​ផែនការ​ទប់ស្កាត់ ​ការ​លេច​ឡើង​នៃ​បដិវត្តពណ៌​

សកម្មជន​​គណបក្ស​​ស​ង្គ្រោះ​​ជាតិ​២​នាក់​​នៅ​ក្នុង​​ខេត្តកំពង់ធំ ត្រូវបាន​​ឃាត់ខ្លួន​​មួយ​រយៈ​ពេល​​​ខ្លី កាលពី​វេលា​ម៉ោង១១ព្រឹក ថ្ងៃទី១៩ឧសភា​នេះ បន្ទាប់ពី​ពួកគេ​បានធ្វើ​សកម្មភាព​ដើរ​​​ប្រមូល​​ស្នាម​មេដាយ ធ្វើ​​ញត្តិ​ស្នើសុំ​ព្រះមហាក្សត្រ​​ជួយ​ដោះ​លែង​អ្នក​នយោបាយ និង​សកម្មជន​​​អ្នក​ការ​ពារ​​សិទ្ធិ​មនុស្ស ដែល​កំពុង​ជាប់ឃុំ។ សម្រាប់​​អាជ្ញាធរ សកម្មភាព​​បែប​នេះ​ អាច​​​​នឹង​​​បង្ករ​​​ឲ្យ​​មាន​​ផលប៉ះពាល់​​ដល់​​សន្តិសុខ​​សណ្តាប់​ធ្នាប់​សង្គម ដែល​​ត្រូវ​​ហាម​ឃាត់។

លោក កឹម សុខា និងសមាជិកគណបក្សសង្រ្គោះជាតិ។
លោក កឹម សុខា និងសមាជិកគណបក្សសង្រ្គោះជាតិ។ RFI/ Siv Chana
ផ្សាយពាណិជ្ជកម្ម

 

          សកម្មជន​គណបក្ស​ស​ង្គ្រោះ​ជាតិ ដែល​ត្រូវបាន​ឃាត់ខ្លួន​ទាំងពីរ​នាក់ ម្នាក់​មានឈ្មោះ ផុន សុវណ្ណារ៉ា និង​ម្នាក់ទៀត​មានឈ្មោះ ឡាញ់ លាង ដែលជា​សកម្មជន​គណ​បក្ស​ប្រចាំ​ភូមិ​ឬ​ស្សី​ឌួ​ច ឃុំ​សាលា​វិស័យ ស្រុក​ប្រាសាទ​ប​ល្ល័​ង្គ ខេត្តកំពង់ធំ។ ពួកគេ​ទាំងពីរ​នាក់ ត្រូវបាន​ឃាត់ខ្លួន​រយៈពេល​ប្រមាណ​ជា២០នាទី នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ប៉ុន្តែ​ក្រោយមក​ត្រូវ​បាន​​​ដោះលែង​វិញ។ នេះ​បើតាម​លោក ស៊ុន ច​ន្ធី តំណាង​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​នៅ​ខេត្ត​​កំពង់ធំ។

ជុំវិញ​​ករណីនេះ លោក ជូ សំអាន ស្នងការ​នគរបាល​ខេត្តកំពង់ធំ​បាន​ថ្លែងថា ការឃាត់ខ្លួន​នេះ គឺធ្វើឡើង​ក្រោម​ហេតុផល​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់ បន្ទាប់ពី​ពួកគេ​បាន​ចុះ​ធ្វើ​សកម្មភាព ប្រមូលយក​ស្នាម​មេដាយ​របស់​ប្រជាពលរដ្ឋ។ ប៉ុន្តែ​លោក​បាន​បញ្ជាក់ថា ការ​ឃាត់​​ខ្លួន​នេះ គឺ​គ្រាន់តែ​ដើម្បី​អប់រំ និង​ណែនាំ​ពួកគេ​ប៉ុណ្ណោះ ហើយ​ក៏បាន​ដោះលែង​ទៅ​វិញ​។

អ្វី​ជាការ​កត់សំគាល់ ក្នុង​រយៈពេលថ្មីៗនេះ អាជ្ញាធរ​នៅតាម​បណ្តា​រាជធានី​ខេត្ត​ទាំងអស់​នៅ​ក្នុង​​ប្រទេស​កម្ពុជា ត្រូវបាន​ណែនាំ​ឲ្យ​មានការ​ប្រយ័ត្នប្រយែង ចំពោះ​សកម្មភាព​ប្រមូលផ្តុំ ឬ​ការធ្វើសកម្មភាព​ណាមួយ ដែល​នាំទៅដល់​ការប៉ះពាល់​ដល់​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម បន្ទាប់ពី​មាន​យុទ្ធនាការ “ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ” នៅ​ក្រុងភ្នំពេញ ដែល​អាជ្ញាធរ​បានចាត់ទុក​ថា គឺជា​សញ្ញា​នៃ​បដិវត្ត​ពណ៌​នៅ​កម្ពុជា។

យ៉ាងណាក៏ដោយ លោកស្នងការ​នគរបាល​ខេត្តកំពង់ធំ​បាន​ព្រមាន​ថា នឹងមាន​វិធានការ​ផ្លូវ​ច្បាប់ ប្រសិន​បើ​ពួកគេ​នៅតែ​បន្តធ្វើ​សកម្មភាព​ប្រមូលផ្តុំ ដែល​អាច​បង្ករ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​​​សណ្តាប់ធ្នាប់​សង្គម។ សូមបញ្ជាក់ថា នេះ​គឺជា​ឃុំ​ទី៣ នៃ​ស្រុក​ចំនួន២ក្នុង​ខេត្ត​កំពង់​ធំ ដែល​​ត្រូវបាន​អាជ្ញាធរ​ទប់ស្កាត់​សកម្ម​ភាពចុះ​ប្រមូលយក​ស្នាម​មេដាយ​របស់​របស់​ប្រជា​ពល​រដ្ឋ​​​ពី​​សំណាក់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ដែលមាន​រូបភាព​នៅ​ទូទាំងប្រទេស។

យោង​​តាម​របាយការណ៍​របស់​អង្គការសិទ្ធិមនុស្ស​លីកាដូ កាលពី​ថ្ងៃទី១៧ឧសភា បាន​លើក​ឡើង​​ថា ចាប់តាំងពី​ខែឧសភា​ឆ្នាំ២០១៥មក មានការ​ចាប់ខ្លួន និង​ចោទប្រកាន់​ទៅលើ​សកម្មជន​​​សិទ្ធិមនុស្ស អ្នកនយោបាយ អ្នកវិភាគ ដែល​រហូតមក​ដល់ពេលនេះ បាន​កើន​ឡើង​ដល់​២៩នាក់​ហើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ