អានតួអត្ថបទ
កម្ពុជា-បោះឆ្នោត

ការ​បោះ​ឆ្នោត​ក្រុម​ប្រឹ​ក្សា​ចាប់​ផ្តើម​ដូច​ការ​គ្រោង​ទុក​ ខណៈ​លោក ​សម​ រង្ស៊ី​ ថា​ជា​ការ​បោះ​ឆ្នោត​ក្លែង​ក្លាយ​លើក​ទី៣​

នៅ​ថ្ងៃ​អាទិត្យ​នេះ ​ការិ​យា​ល័យ​បោះឆ្នោត​​បាន​បើក​ទ្វារ​នៅ​ម៉ោង​៧​ព្រឹក​ ហើយ​ត្រូវ​បិទ​ទៅ​វិញ​នៅ​ម៉ោង​៣រ​សៀល​។ ​គឺ​ជា​ការ​បោះ​ឆ្នោត​បែប​អសកល​មួយ​ ដើម្បី​ជ្រើស​រើស​​ក្រុម​ប្រឹ​ក្សា​រាជធានី​ ខេត្ត​ ក្រុង​ ស្រុក​ ខណ្ឌ​សម្រាប់​ អាណត្តិទី​៣​។​ ប៉ុន្តែ​ការ​បោះ​ឆ្នោត​នេះ ​គឺ​មិន​មាន​ការ​ចូល​រួម​ពី​អតីត​គណ​បក្ស​សង្រ្គោះ​ជាតិ​នោះ​ទេ​ ដែល​ញ៉ាំងឲ្យ​ លោក​ សម​ រង្ស៊ី ​បរិហារ្តិ៍​ថា ​«ជា​ការ​បោះ​ឆ្នោត​ក្លែង​ក្លាយ​លើក​ទី៣»​។

​រូបភាព​ចាស់៖ ពលរដ្ឋ​ទៅ​បោះ​ឆ្នោត​​នាពេល​កន្លង
​រូបភាព​ចាស់៖ ពលរដ្ឋ​ទៅ​បោះ​ឆ្នោត​​នាពេល​កន្លង @សហការី
ផ្សាយពាណិជ្ជកម្ម

ការ​បោះ​ឆ្នោត​បែប​អសកល​ដែល​មិន​មាន​ចូល​រួម​ដោយ​ផ្ទាល់​ពី​ប្រជា​ពលរដ្ឋ​នៅ​ថ្ងៃ​អាទិត្យ​បាន​ប្រព្រឹត្ត​ទៅ​យ៉ាង​រលូន​ ពោល​មិន​មាន​ភាព​មិន​ប្រក្រ​តី​កើត​ឡើង​គួរ​ឲ្យ​កត់​សំគាល់​ទេ​។​ នេះ​បើ​តាម​អ្នក​នាំពាក្យ​គណៈ​កម្មា​ធិ​ការជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ដែល​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌​មាន​នៅ​តាម​ការិ​យា​ល័យ​បោះ​ឆ្នោត​មួយ​ចំនួន​ក្នុង​ទី​ក្រុង​ភ្នំ​ពេញ​។​ នៅ​ភ្នំ​ពេញ ​គឺ​មាន​ការិ​យា​ល័យ​សរុប​ចំនួន​១៤​ ខណៈ​នៅ​ទូទាំង​ប្រទេស​មាន​២២៨​មណ្ឌល​។

ការ​បោះ​ឆ្នោត​អសកល​នេះ គឺ​មាន​គណ​បក្ស​នយោបាយ​ចូល​រួម​ចំនួន​៧ ​ដោយ​ត្រូវ​ធ្វើ​ការ​ជ្រើស​រើស​ក្រុម​ប្រឹក្សា​រាជ​ធានី​ ខេត្ត ​ចំនួន​៥៥៩​អាសនៈ​ និង​ជ្រើស​រើស​ក្រុម​ប្រឹក្សា ក្រុង ស្រុក ខណ្ឌ ចំនួន​៣,៥៥៥​អាសនៈ​។​ តែ​បើតាម​លោក សម រង្ស៊ី ប្រធាន​ស្តីទី​អតីត​គណ​បក្ស​សង្រ្គោះ​ជាតិ​ដែល​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​រួម​ប្រ​កួត​នោះ បាន​បរិហារ្តិ៍​ថា ​«ជា​ការ​បោះ​ឆ្នោត​ក្លែង​ក្លាយ​លើក​ទី៣»។

ប្រ​មុខ​អតីត​បក្ស​ប្រឆាំង​នៅ​កម្ពុជា​នេះ ​ថែម​ទាំង​ទស្សទាយ​ទុក​ជា​មុន​ថា ​ការ​បោះឆ្នោត​នេះ​ធ្វើ​ឲ្យ​គណ​បក្ស​កាន់អំណាច របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ទទួល​បាន​កៅ​អី ​១០០​ ភាគ​រយ ​នៅគ្រប់​ស្ថាប័ន​រដ្ឋ​ ពី​ថ្នាក់​ជាតិ ​ដល់​ថ្នាក់​មូល​ដ្ឋាន​ បន្ទាប់ពី​ បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ដោយ​អត្តនោម័ត​ នៅ​ថ្ងៃ ​១៦​ វិច្ឆិកា​ ២០១៧​។

យ៉ាង​ណាក៏​ដោយ បើ​តាម គ.ជ.ប ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​អាណត្តិ​ទី​៣​នេះ ​ក៏មាន​ការ​ចូល​រួម​សង្កេត​ការណ៍​ពី​អង្គការ​ សមាគម​ក្រៅ​រដ្ឋាភិ​បាល​ចំនួន​១៩​ មាន​សមាជិក​រហូត​ដល់​ជាង​១,០១០​នាក់​ ខណៈ​មាន​គណ​បក្ស​នយោ​បាយ​ចំនួន​៧​ចូល​រួម​ប្រ​កួត​។ ​ប៉ុន្តែ​គណ​បក្ស​ដែល​ចូល​រួម​ប្រកួត​មួយ​ចំនួន ​គឺ​មិន​មាន​អង្គ​បោះ​ឆ្នោតឡើយ​ ឬ​ក៏​មាន​ចំនួន​តិច​តួច​ប៉ុណ្ណោះ ពោល​អង្គ​បោះ​ឆ្នោត​ដ៍​ច្រើន​លើស​លប់​មក​ពី​គណ​បក្ស​ប្រជា​ជន​កម្ពុជា​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ