អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

សម្លេង​ផាវ​ផ្ទុះ​ចូល​ឆ្នាំ​ចិន​នៅ​តែ​មាន​ ប្រសិន​បើ​មាន​ការ​ហាម​ប្រាម​ហើយ​គ្មាន​ចំណាត់​ការ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ជា​រៀងរាល់​ឆ្នាំ អាជ្ញាធរ​ខ្មែរ​តែង​ធ្វើការ​ណែនាំ មិន​ឲ្យ​មាន​ការ​ដុត​ផាវ បង្ក​សម្លេង​ផ្ទុះ ជា​ផ្នែក​មួយ​នៃ​ការ​រក្សា​សន្តិសុខ​ សណ្តាប់ធ្នាប់​និង​របៀប​រៀបរយ​សាធារណៈ នៅ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ចិន​និង​វៀតណាម​ម្តងៗ។ ក៏ប៉ុន្តែ​ជាក់ស្តែង​សម្លេង​ផាវ​នៅ​តែ​បន្លឺ​ឡើង​ក្នុង​អំឡុងពេល​ពិធី​សែនព្រេន​ចូល​ឆ្នាំ​ថ្មី ចូល​មក​ដល់។ បញ្ហា​នេះ​វា​នឹង​ក្លាយ​ជា​ទំលាប់​ស្គាល់​ចិត្ត​ស្គាល់​ថ្លើម​គ្នា​រវាង​សមត្ថកិច្ច​និង​អ្នកប្រព្រឹត្ត​ល្មើស​ ហើយ​ធ្វើ​ឲ្យ​ច្បាប់​ប្រទេស​មួយ​ចុះ​ខ្សោយ។

រូបភាព​ទីក្រុង​ភ្នំពេញ​មើលពី​លើ
រូបភាព​ទីក្រុង​ភ្នំពេញ​មើលពី​លើ RFI/Khmer
ផ្សាយពាណិជ្ជកម្ម

នៅ​ថ្ងៃ​សុក្រ​ទី​ ២៧ ខែ​មករា​ ឆ្នាំ​ ២០១៧ នេះ​ គឺ​ជា​ថ្ងៃ​ដ៏​មង្គល​សម្រាប់​ជនជាតិ​ចិន វៀតណាម ហើយ​ក៏​ជា​ថ្ងៃ​ដែល​ពលរដ្ឋ​ខ្មែរ សែសាឡាយ​ចិន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទទួល​បាន​ផងដែរ​នូវ ​មុខ​មាត់​ថ្មី សំណាង​ថ្មី ដែល​បាន​ជម្រះ​ចោល​នូវ​រឿងរ៉ាវ​អពមង្គល​ពី​ឆ្នាំ​ចាស់ និង​ទទួល​យក​នូវ​អ្វីៗ​ដែល​ល្អ​នៅ​ក្នុង​ឆ្នាំ​ថ្មី។

ជា​ការ​កត់​សម្គាល់​ជនជាតិ​ចិន និង​ពលរដ្ឋ​ខ្មែរ​សែសាឡាយ​ចិន នៅ​ក្នុង​ប្រទេស​កម្ពុជា​ កន្លង​មក​តែង​នាំ​គ្នា​អុច​ផាវ មាន​ផាវ​តូច ផាវ​ធំ និង​ផាវ​ខ្លះ​លាន់​ឮ​ដូច​ផ្ទុះ​អាវុធ​ក៏​មាន​ដែរ​។ ការ​អុច​ផាវ​បន្លឺសម្លេងខ្លាំងៗ នៅ​អំឡុង​ពេលដែល​មានការ​សែនព្រេន ក្នុងឱកាស​ចូលឆ្នាំ​ចិន​នេះ តាម​​ជំនឿ​គឺ​ជា​ការ​បង្ហាញ​ពី​ភាព​ទាក់​ទាញ​ ប្រមូល​ចូល​នូវ​លាប​ សំណាង​ និង​បញ្ជាក់​ថា​ចូល​ឆ្នាំ​បាន​មក​ដល់​ហើយ។

នៅ​ប្រទេស​កម្ពុជា​ការ​អុច​ផាវ​នៅ​អំឡុង​ពេល​បុណ្យ​ចូល​ឆ្នាំ​ចិន​ ត្រូវ​បាន​គេ​ធ្វើ​ឡើង​ជា​រៀង​រាល់​ឆ្នាំ​។ ក៏​ប៉ុន្តែ​ក្រោយៗ​មក​ ការ​ប្រើប្រាស់​ផាវ​ត្រូវ​បាន​ហាម​ឃាត់​។ អាជ្ញាធរ​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​នានា​ បាន​ចេញ​បំរាម​មិន​ឲ្យ​ដុត​ផាវ​ លេង​ផាវ ជា​រៀងរាល់​ឆ្នាំ​។

សម្រាប់​ទីក្រុង​ភ្នំពេញ បណ្តុំ​ទៅ​ដោយ​ពលរដ្ឋ​ខ្មែ​សែសាលាយ​ចិន​ ជា​ទី​ដែល​មាន​សែនព្រេន​ច្រើន​បំផុត​នៅ​កម្ពុជា​នោះ ​អាជ្ញាធរ​ក្រុង​បាន​ចេញ​សេចក្តី​ជូន​ដំណឹង​ជិត​មួយ​សប្តាហ៍​មុន​ចូល​ឆ្នាំ​ប្រពៃណី​ចិន វៀតណាម។ សាលាក្រុង​បាន​ហាម​ដាច់ខាត មិន​ឲ្យ​ដុត​ផាវ កាំជ្រួច​ឬ​បង្ក​សម្លេង​ផ្ទុះ​គ្រប់​ប្រភេទ និង​មាន​វិធានការ​ម៉ឺងម៉ាត់​កុំ​ឲ្យ​មាន​ការ​នាំ​ផាវ កាំជ្រួច ឬ​ជាតិ​ផ្ទុះ​គ្រប់​ប្រភេទ តាម​ច្រកចេញ​ចូល​ និង​មាន​ការ​ត្រួតពិនិត្យ​ ដកហូត​វត្ថុ​ទាំងអស់​ខាង​លើ ដែល​កំពុង​លក់​នៅ​ក្នុង​ប្រទេស​ផង​ដែរ។

ទោះយ៉ាងនេះ​ក្តី ការ​ដុត​ផាវ​ដែល​បង្ក​សម្លេង​ផ្ទុះ​ក្តូងក្តាំង និង​មាន​ការ​រំខាន​នោះ​ ត្រូវ​គេ​សម្គាល់​​ឃើញ​ថា​នៅ​តែ​មាន​ដដែល​ គ្រាន់​តែ​តិច​និង​ច្រើន​ប៉ុណ្ណោះ។ បញ្ហា​នេះ​បាន​ផ្ទុយ​ទាំង​ស្រុង​ពី​ការ​ណែនាំ​ជាមុន​របស់​អាជ្ញាធរ​ ដែល​ថា​បញ្ហា​សន្តិសុខ​ទាមទារ​ឲ្យ​លុបចោល​នូវ​ប្រពៃណី​ដុត​ផាវ​របស់​ពលរដ្ឋ​ខ្មែរ​សែសាលាយ​ចិន​នៅ​ពេល​សែន​ព្រេន។

តើ​ហេតុអ្វី​បាន​ជា​នៅ​តែ​មាន​ការ​បំផ្ទុះ​សម្លេង​ផាវ​ដដែលៗ​ ខណៈ​ដែល​មាន​ការ​ហាម​ឃាត់​ដដែលៗ​ គ្មាន​ប្រសិទ្ធភាព​ជា​រៀង​រាល់​ឆ្នាំ?

បញ្ហា​ត្រង់​ថា​គេ​ត្រូវ​មាន​ការ​ចោទសួរ​ថា​តើ​ផាវ​ត្រូវ​បាន​នាំ​ចូល​ពី​ណា? ប្រទេស​កម្ពុជា​មិន​មាន​ផលិត​ផាវ​ទេ។ ដូច្នេះ​សមត្ថកិច្ច​ត្រូវមាន​ការ​ត្រួតពិនិត្យ​ជាបឋម​នូវ​ការ​នាំ​ចូល​ផាវ​ពី​បរទេស​ ជាពិសេស​ពី​វៀតណាម។ ប្រសិនបើ​ច្រក​ទ្វារ​ព្រំដែន​ មិន​អនុញ្ញាត​ឲ្យ​នាំ​ផាវ​ចូល នោះ​អ្នក​សែនព្រេន​នៅក្នុង​ប្រទេស​ក៏​មិន​មាន​ផាវ​សម្រាប់​ដុត​ដំឡង់​ដែរ។

ម្យ៉ាង​ទៀត ចំណាត់​ការ​របស់​អាជ្ញាធរ​កន្លង​មក​ គឺ​មាន​ភាព​តឹងរឹង​តែ​នៅ​លើ​ក្រដាស​ប៉ុណ្ណោះ។ អ្នក​មាន​ឥទ្ធិពល​ក្នុង​សង្គម និង​មាន​ធនធាន​ នៅ​តែ​អាច​ដុត​ផាវ​បន្លឺ​សម្លេង​បាន​នៅ​ពេល​បុណ្យ​ចូល​ឆ្នាំ​ចិន ដោយ​សមត្ថកិច្ច​ គ្រាន់​តែ​ណែនាំ​បន្តិច​បន្ទួច ដល់​អ្នក​ដែល​បំពាន​បំរាម។

ចំណុច​នេះ មើល​ទៅ​ហាក់​ដូចជា​តូចតាច វា​ជា​រឿង​ដែល​មិនគួរ​មាន​ទោស​ធ្ងន់ធ្ងរ​មែន​ពិត គឺ​ត្រឹម​សម្រួល​គ្នា​ជាមួយ​សមត្ថកិច្ច​និង​អ្នក​ល្មើស តែ​ទង្វើ​និង​សកម្មភាព​ ដែល​បង្ក​ឲ្យ​មាន​សម្លេង​ផ្ទុះ​ឮ​ឡើង​ខ្លាំងៗ​ ក៏​អាច​បង្ក​នូវ​ផល​អវិជ្ជមាន​មួយ​ចំនួន​ដែរ។ នោះ​គឺ​សម្លេង​ផ្ទុះ​របស់​ផាវ ដ៏​ខ្លាំង​និង​សន្ធាប់​ អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ពលរដ្ឋ​មួយ​ចំនួន​ ដែល​មាន​បញ្ហា​បេះដូង។ មួយ​វិញ​ទៀត​សម្លេង​ផ្ទុះ ឬក៏​ការ​បោះ​ផាវ​ដាក់​គ្នា​ណា​មួយ ក៏​អាច​រំខាន​ដល់​ការ​ធ្វើ​ចរាចរណ៍​តាម​ដងផ្លូវ​ដែរ។

កន្លង​មក​ធ្លាប់​បាន​កើត​ឡើង​រួច​ហើយ​ គឺ​ការ​ដុត​ផាវ បាន​បង្ក​ឲ្យ​មាន​អគ្គិភ័យ។​ ចំណុច​ដែល​គួរ​ពិចារណា​ដែរ គឺ​តម្លៃ​របស់​ច្បាប់​និង​អាជ្ញាធរ​ខ្មែរ បាន​ធ្លាក់​ចុះ នៅ​ចំពោះ​មុខ​បុណ្យ​ប្រពៃណី​បរទេស ប្រសិនបើ​ការហាម​ប្រាម​ដូចជា​ករណី ហាម​ដុត​ផាវ​ពេល​ចូលឆ្នាំ​ចិន​នេះ នៅតែ​មិន​ត្រូវ​បាន​គោរព​ដដែល​ជា​ដដែល។ 

ដូច្នេះ​ ដើម្បី​បង្ហាញ​ពី​ភាព​ស្ងប់ស្ងាត់​ និង​សន្តិភាព​ប្រកប​ដោយ​អធិបតី​ពាស​ពេញ​ផ្ទៃ​ប្រទេស អាជ្ញាធរ​ខ្មែរ គួរ​តែ​មាន​ភាព​ម៉ឺងម៉ាត់​មែន​ទែន​ ចំពោះ​អ្នក​ល្មើស​បំរាម ​គឺ​ជា​​បង្ហាញ​ពី​តម្លៃ​ច្បាប់​របស់​ប្រទេស​មួយ។ ការ​គ្រាន់តែ​ជូន​ដំណឹង​ចោល មិន​មាន​ចំណាត់​ការ​ដាក់​ទោស​នៅ​ពេល​ដែល​មាន​ការ​ប្រព្រឹត្ត​ផ្ទុយ​ពី​ការ​ណែនាំ​ចង់​មិន​ចង់​រង​ការ​រិះគន់ថា​ការអនុវត្ត​ច្បាប់​របស់​សមត្ថកិច្ច​ មាន​ភាព​កំសោយ​លើ​បញ្ហា​នេះ៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ