អានតួអត្ថបទ
កម្ពជា

មន្រ្តី​​អតីត​​បក្ស​​ប្រឆាំង​​ផ្តើម​​រៀប​ចំ​​វេទិកា​​សាធារណៈ​​នៅ​​ក្រៅ​​ប្រទេស​​ជា​ថ្មី​​ក្រោយ​​ស្ងប់ស្ងាត់​​មួយ​រយៈ​​

មន្រ្តីជាន់ខ្ពស់ ​និង​សកម្មជន​អតីត​គណបក្ស​សង្រ្គោះជាតិ​នៅ​ថ្ងៃអាទិត្យ​ ទី ២៥ ​វិច្ឆិកា​នេះ ​បាន​រៀបចំ​វេទិកា​សាធារណៈ​មួយ​ក្រោម​ប្រធានបទ​ “ដំណើរ​ឆ្ពោះ​ទៅមុខ​ ក្នុង​ព្យុះ​នយោបាយ​កម្ពុជា​”​ នៅក្នុង​ទីក្រុង​អាន់សាន់​(Ansan)​ ប្រទេស​កូរ៉េខាងត្បូង​។ ​តាម​អ្នក​រៀបចំ​ វេទិកា​សាធារណៈ​នេះ​ គឺ​ជា​ឱកាស​ជួបជុំ​គ្នា​នៃ​មន្រ្តី​ជាន់ខ្ពស់​ និង​សកម្មជន​របស់​អតីត​គណបក្ស​សង្រ្គោះជាតិ​នៅ​ក្រៅ​ប្រទេស ​ដើម្បី​រួម​កម្លាំង​គ្នា​តតាំង​នឹង​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន​។

វេទិកា​សាធារណៈ​របស់​មន្រ្តី​អតីត​បក្ស​ប្រឆាំង​នៅ​កូរ៉េខាងត្បូង​នៅថ្ងៃ​ទី២៥ ​ខែវិច្ឆិកា ​ឆ្នាំ២០១៨​
វេទិកា​សាធារណៈ​របស់​មន្រ្តី​អតីត​បក្ស​ប្រឆាំង​នៅ​កូរ៉េខាងត្បូង​នៅថ្ងៃ​ទី២៥ ​ខែវិច្ឆិកា ​ឆ្នាំ២០១៨​ @Yim Sinorn
ផ្សាយពាណិជ្ជកម្ម

ក្រោយពី​បាន​ស្ងប់​ស្ងាត់​មួយ​រយៈ​ នៅពេលនេះ​ ក្រុម​មន្រ្តី ​និង​សកម្មជន​អតីត​គណបក្ស​សង្រ្គោះជាតិ​នៅ​ក្រៅប្រទេស​ បាន​ចាប់ផ្តើម​ជួបជុំ ​និង​បើក​វេទិកា​សាធារណៈ​ជាថ្មី​ឡើងវិញ​។ ​វេទិកា​សាធារណៈ​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង​នេះ ​មាន​ការ​ចូលរួម​ពី​សំណាក់​លោកស្រី ​មួរ សុខហួរ ​អនុប្រធាន​អតីត​គណបក្ស​សង្រ្គោះជាតិ​ លោក​ អ៊ំ សំអាន​ អតីត​តំណាងរាស្រ្ត​បក្សប្រឆាំង​ លោក​មាជ សុវណ្ណារ៉ា ​ដែល​ទើប​ចេញ​ពី​ពន្ធនាគារ​នៅ​កម្ពុជា​ និង​ប្រធាន​យុវជន​អតីត​គណបក្ស​សង្គ្រោះជាតិ​ប្រចាំ​នៅកូរ៉េខាងត្បូង ​និង​ប្រទេស​ជប៉ុន​ផងដែរ​។

លោក​យឹម ស៊ីណន ​ប្រធាន​ចលនា​យុវជន​អតីត​គណបក្ស​សង្គ្រោះជាតិ​ប្រចាំ​នៅ​ប្រទេស​កូរ៉េខាងត្បូង​ បាន​អះអាង​ឲ្យដឹង​ថា ​ការ​រៀបចំ​វេទិកា​សាធារណៈ​នេះ ​គឺ​មាន​បំណង​ប្រមូលផ្តុំ​អ្នកគាំទ្រ​អតីត​គណបក្ស​សង្រ្គោះជាតិ​ ដើម្បី​បង្ហាញ​ពី​សាមគ្គីភាព​។ ​លោក​គូសបញ្ជាក់​ទៀត​ថា ​ការ​ចូលរួម​របស់​អ្នកគាំទ្រ​នៅ​ប្រទេស​កូរ៉េខាងត្បូង​ គឺ​បង្ហាញ​ឲ្យ​ឃើញ​ពី​ការរួបរួម​គ្នា​ជា​កម្លាំង​ខ្មែរ​តែមួយ​ ជា​កម្លាំង​អ្នក​ស្នេហាជាតិ​ និង​សង្គ្រោះជាតិ ​ដើម្បី​តតាំង​នឹង​របប​ដឹកនាំ​នៅ​កម្ពុជា​សព្វថ្ងៃ។​ ជា​របប​ដែល​លោក​ចាត់ទុក ​និង​ហៅថា ​ជា​របប​ផ្ដាច់ការ​។

ចំណែក​លោក​ អ៊ំ សំអាន ​ដែល​ជា​អតីត​តំណាងរាស្រ្ត​អតីត​គណបក្ស​សង្រ្គោះជាតិ​វិញ​ បាន​អះអាង​តាម​វិទ្យុអាស៊ី​សេរី​ ថា ​ការ​រៀបចំ​វេទិកា​សាធារណៈ​ជា​ថ្មីនេះ ​គឺ​អតីត​គណបក្ស​ប្រឆាំង​ចង់​បញ្ជ្រាប​ដល់​ទឹកចិត្ត​ពលករ​ខ្មែរ​នៅ​ប្រទេស​កូរ៉េខាងត្បូង ​ដើម្បី​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​វិជ្ជមាន​នៅ​កម្ពុជា​នា​ពេល​អនាគត​ដ៏ខ្លី​ខាងមុខ​។ ​លោកអតីត​តំណាងរាស្រ្ត​រូបនេះ ​បាន​បន្ថែម​ទៀតថា​ ពលករ​ខ្មែរ​ដែល​ជា​យុវជន​នៅ​ប្រទេស​កូរ៉េខាងត្បូង​នេះ ​មាន​សន្ទុះ​ខ្លាំង ​និង​គាំទ្រ​អតីត​គណបក្ស​សង្គ្រោះជាតិ​យ៉ាងខ្លាំងក្លា​ផងទៀត​។ ​ដូច្នេះ​សម្រាប់​លោក​ អ៊ុំ សំអាន​ អតីត​បក្សប្រឆាំង​ចង់​ឲ្យ​មាន​ការផ្លាស់ប្ដូរ​មួយ​ដោយ​ផ្តើម​ចេញ​ពី​យុវជន​ ដូច​នៅ​ប្រទេស​កូរ៉េខាងត្បូង​នេះ​។

គិត​មក​ដល់​ពេលនេះ ​គឺ​រយៈពេល​ជាង​មួយឆ្នាំ​ហើយ​ដែល​គណបក្ស​សង្រ្គោះជាតិ​ត្រូវ​បាន​តុលាការ​កំពូល​កម្ពុជា​រំលាយ​ចោល ​ក្រោម​កា​រចោទ​ប្រកាន់​ថា​មាន​គម្រោង​រៀបចំ​បដិវត្តន៍​ពណ៌​ ក្នុង​បំណង​ផ្តួលរំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់​។ ​ជាមួយ​គ្នានេះ ​មន្រ្តីជាន់​ខ្ពស់​បក្ស​នេះ​១១៨​នាក់ ​ក៏​ត្រូវ​បាន​តុលាការ​ហាមឃាត់​សិទ្ធិ​មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈពេល​៥ឆ្នាំ​ផងដែរ​។ ​ចំណែក​ប្រធាន​គណបក្ស​គឺ​លោក កឹម សុខា ​វិញ​ ត្រូវ​បាន​អាជ្ញាធរ​ចាប់ ​និង​ឃុំខ្លួន​ក្រោម​បទចោទ​ក្បត់ជាតិ​។ ​ប៉ុន្តែ​នៅពេលនេះ ​លោក​ត្រូវ​បាន​ប្តូរ​ការឃុំ​នៅ​ពន្ធនាគារ​មក​ឃុំ​នៅ​ក្នុង​ផ្ទះ​របស់​លោក​វិញ​នៅក្នុង​រាជធានី​ភ្នំពេញ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ