អានតួអត្ថបទ
កម្ពុជា

លោក​ទៀ បាញ់៖ កងរាជអាវុធហត្ថ​បាន​ចូលរួម​ទប់ស្កាត់​មិនឱ្យ​ក្រុមប្រឆាំង​រុញ​កម្ពុជា​ចេញពី​ផ្លូវ​ប្រជាធិបតេយ្យ

ថ្ងៃអាទិត្យ​ទី ១៤ កក្កដា​នេះ គឺជា​ខួប​លើក​ទី២៦ឆ្នាំ​នៃ​ការបង្កើត​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស។ កងរាជអាវុធហត្ថ​បានរៀបចំ​ពិធី​រំលឹក​ខួប​នេះ​នៅឯ​ខេត្ត​ត្បូងឃ្មុំ​ជាប់​ព្រំដែន​វៀតណាម។ លោក​ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​បានលើកឡើង​ពី​គុណសម្បត្តិ​ជាច្រើន​របស់​កងរាជអាវុធហត្ថ​ក្នុងការ​ការពារ​សន្តិសុខ សណ្តាប់​នៅក្នុង​ប្រទេស។ ក្នុងនោះ លោក​បាន​សង្កត់ធ្ងន់ថា កងរាជអាវុធហត្ថ​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​ទប់ស្កាត់​សកម្មភាព​របស់​ក្រុមប្រឆាំង​ដែល​ចង់​រុញច្រាន​កម្ពុជា​ចេញពី​មាគ៌ា​ប្រជាធិបតេយ្យ និង​នី​តី​រដ្ឋ។

លោក​ឧបនាយករដ្ឋមន្ត្រី ​ទៀ បាញ់ ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា។
លោក​ឧបនាយករដ្ឋមន្ត្រី ​ទៀ បាញ់ ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា។ @Facebook
ផ្សាយពាណិជ្ជកម្ម

គឺ​នៅក្នុង​សន្ទរកថា​ដ៏​វែង​អន្លាយ​របស់ខ្លួន លោក​ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កម្ពុជា បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា កងរាជអាវុធហត្ថ បាន​ចូលរួម​គ្រប់​សភាពការណ៍​ទប់ស្កាត់​រាល់​ឧបាយកល​បដិវត្ត​ពណ៌ និង សកម្មភាព​ប្រទូស្ត​រាយ​គ្រប់បែបយ៉ាង​របស់​ក្រុមប្រឆាំង និង មជ្ឈដ្ឋាន​អគតិ​នានា​ដែល​ប៉ុនប៉ង​ឥតឈប់ឈរ​សំដៅ​ទប់ស្កាត់​ការអភិវឌ្ឍន៍ និង​រុញច្រាន​កម្ពុជា​ឱ្យ​ឃ្លាត​ចេញពី​មាគ៌ា​ប្រជាធិបតេយ្យ និង នីតិរដ្ឋ។ សម្រាប់​លោក​ប្រមុខ​ការពារជាតិ​កម្ពុជា គឺ​ដោយសារតែ​ការខិតខំ​របស់​កងរាជអាវុធហត្ថ​នេះ និយាយ​ដោយឡែក និង កង​យោធ​ពល​ខេមរៈភូមិន្ទ និយាយ​ជារួម ទើប​សភាពការណ៍​នៅ​កម្ពុ​ជាមាន​លក្ខណៈ​ល្អប្រសើរ ពិសេស គឺមាន​សន្តិភាព និង សន្តិសុខ សុវត្ថិភាព​សង្គម ព្រមទាំង​ការអភិវឌ្ឍ​នៃ​លទ្ធិប្រជាធិបតេយ្យ​ឱ្យ​កាន់តែ​ល្អប្រសើរ​ឡើង។

យ៉ាងណាក៏ដោយ ការលើកឡើង​នេះ ហាក់​ផ្ទុយ​ពី​ការអះអាង​របស់​ក្រុម​អតីត​គណបក្សប្រឆាំង។ ក្រុម​អតីត​គណបក្សប្រឆាំង បាន​ចោទប្រកាន់​រដ្ឋាភិបាល​ក​ម្ពុ​ជា​ថា ជា​អ្នក​ធ្វើឱ្យ​កម្ពុជា​ដើរ​ខុសពី​គន្លង​លទ្ធិប្រជាធិបតេយ្យ ហើយ​ខ្លួន​ទៅវិញ​ទេ ដែល​កំពុង​ធ្វើ​សកម្មភាព​នានា ដើម្បី​ធ្វើយ៉ាងណា​ស្តារ​លទ្ធិប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស​ឡើងវិញ​នៅក្នុង​ប្រទេស​កម្ពុជា។

ក៏ប៉ុន្តែ លោក​ទៀ បាញ់ បានចាត់ទុក​ការធ្វើសកម្មភាព​នេះ​ថា ជា​ចលនា​ឧទ្ទាម​ដែលមាន​បរទេស​នៅ​ពីក្រោយ​ខ្នង​ហើយ​មានបំណង​បង្ក​អស្ថិរភាព​ដល់​ប្រទេសជាតិ។ ដូច្នេះហើយ លោក​បាន​បញ្ជា​ឱ្យ​កងរាជអាវុធហត្ថ​ទាំងអស់​បន្ត​បេស​សកម្ម​របស់ខ្លួន​ចូលរួម​ថែរក្សា​ការពារ​នូវ​សន្តិភាព ស្តិ​រ​ភាព នយោបាយ និង​សន្តិសុខ​ជាតិ បើ​ទោះ​ត្រូវ​បង់​ក្នុងតម្លៃ​ណាក៏ដោយ។

ជាមួយគ្នានេះ រដ្ឋមន្ត្រី​ការពារជាតិ​កម្ពុជា ក៏បាន​បញ្ជា​ឱ្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ត្រូវខិតខំ​ជំរុញ​ការ​អភិ​ឌ្ឍ​លទ្ធិប្រជាធិបតេយ្យ សេរីភាព សិទ្ធិមនុស្ស និង នីតិរដ្ឋ ដើម្បី​សម្រេច​ឱ្យបាន​នូវ​ស្ថិរភាព​មីក្រូសេដ្ឋកិច្ច ការអភិវឌ្ឍ និង ការកាត់បន្ថយ​ភាពក្រីក្រ​ដែលជា​បុ​រេ​លក្ខខណ្ឌ និង ធាតុ​ដ៏​សំខាន់​មិនអាច​ខ្វះ​បាន​សម្រាប់​ការអភិវឌ្ឍ​ប្រទេស​ប្រកបដោយ​ចីរភាព៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ