អានតួអត្ថបទ
កម្ពុជា

កម្ពុជា​​ចំណាយ​៥០​ម៉ឺន​​ដុល្លារ​/ឆ្នាំ ​ជួល​​ព្រឹទ្ធ​សមាជិក​​អាមេរិក​​ម្នាក់​​ជួយ​​បង្កើន​​ទំនាក់​ទំនង​​ជា​មួយ​​អាមេរិក​

សមាជិក​ព្រឹទ្ធសភា​របស់​គណបក្ស​សា​ធារ​រដ្ឋ​ប្រចាំ​នៅ​រដ្ឋធានី Washington គឺ​លោក Doug Ericksen ត្រូវបាន​ចុះឈ្មោះ​ជា​ភ្នាក់ងារ​បរទេស​នៅ​ក្រសួងយុត្តិធម៌​អាមេរិក ដើម្បី​ប្រឹក្សា និង​ធ្វើ​ការងារ​ផ្តល់​ផលប្រយោជន៍​សម្រាប់​ប្រទេស​កម្ពុជា។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​អាមេរិក AP នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ។ សម្រាប់​កិច្ចការងារ​នេះ កម្ពុជា​នឹង​ផ្តល់​ផ្តល់​លុយ៥០ម៉ឺន​ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំ​ដល់​លោក Doug Ericksen។

សមាជិកព្រឹទ្ធសភារបស់គណបក្សសាធាររដ្ឋប្រចាំនៅរដ្ឋធានី Washington គឺលោក Doug Ericksen
សមាជិកព្រឹទ្ធសភារបស់គណបក្សសាធាររដ្ឋប្រចាំនៅរដ្ឋធានី Washington គឺលោក Doug Ericksen @Google
ផ្សាយពាណិជ្ជកម្ម

ទីភ្នាក់ងារសារព័ត៌មាន​អាមេរិក AP បាន​ចុះផ្សាយ​ថា សមាជិក​ព្រឹទ្ធសភា Doug Ericksen បាន​ចុះកិច្ចសន្យា​រវាង​ក្រុមហ៊ុន​PacRim Bridges LLC ដែល​លោក​បាន​បង្កើតឡើង​ក្នុង​ឆ្នាំ២០១៧ ជាមួយនឹង​រដ្ឋាភិបាល​កម្ពុជា​កាលពី​ថ្ងៃទី២៥ ខែមីនា​កន្លងទៅ។ AP ចុះផ្សាយ​យ៉ាង​ដូច្នេះ ដោយយោង​ទៅតាម​ឯកសារ​កិច្ចសន្យា​របស់​ក្រុមហ៊ុន PacRim ដែល​ដាក់​ទៅ​ក្រសួងយុត្តិធម៌​អាមេរិក។ តាម​កិច្ចសន្យា​នោះ គឺ​ក្រុមហ៊ុន​PacRim នឹង​ទទួលបាន​ប្រាក់៥០ម៉ឺន​ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំ លើ​ការ​ផ្តល់នូវ​សេវាកម្ម​ប្រឹក្សា​យោបល់ និង ធ្វើ​ការងារ​គាំពារ​ផ្នែក​ច្បាប់​ដែល​ផ្តល់​ភាព​វិជ្ជមាន​សម្រាប់​ប្រទេស​កម្ពុជា។

ក្រៅពី​កិច្ចការ​ទាំងនេះ ក្រុមហ៊ុន PacRim របស់លោក Ericksen ក៏​នឹង​រៀបចំ​កម្មវិធី​សម្រាប់​ការផ្លាស់ប្តូរ​គ្នា​លើ​ផ្នែក​វប្បធម៌​រវាង​សហរដ្ឋអាមេរិក និង​កម្ពុជា រួមទាំង​រៀបចំ​ការធ្វើដំណើរ​ទស្ស​ន​កិច្ច​ដោយ​គណៈប្រតិភូ​របស់​កម្ពុជា​នៅលើ​ទឹកដី​អាមេរិក​ផងដែរ។ បន្ថែម​លើ​នេះ លោក Doug Ericksen ក៏បាន​បញ្ជាក់​កាលពី​ថ្ងៃ​សុក្រ​ថា ការងារ​របស់លោក​ក៏​ផ្តោត​សំខាន់​ទៅលើ​ការលើកស្ទួយ​មុខមាត់​កម្ពុជា​ដែល​លោក​មើលឃើញថា ជា​ប្រទេស​ដែល​កំពុង​ងើបឡើង​ផ្នែក​សេដ្ឋកិច្ច។ ជាមួយគ្នានេះ លោក​បាន​សង្កត់ធ្ងន់​ប​ន្ថែ​ម​ថា គោលដៅ​របស់លោក គឺ​ផ្តល់​ការណែនាំ និង ប្រឹក្សា​យោបល់​ជាមួយ​ខាង​ភាគី​កម្ពុជា ដើម្បី​ធ្វើយ៉ាងណា​បង្កើន​ទំនាក់ទំនង​ជាមួយ​សហ​រដ្ឋ​អាមេរិក។

អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា លោក​ផៃ ស៊ី​ផាន មិនបាន​ដឹង​ពី​រឿង​កម្ពុជា​ជួល​ក្រុមហ៊ុន​អាមេរិក​នេះ​ទេ។ ប៉ុន្តែ​លោក​គ្រាន់តែ​បញ្ជាក់ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ​ថា ការជួល​ក្រុមហ៊ុន​បរទេស​ឱ្យ​កិច្ចការ​ស្របច្បាប់​អ្វីមួយ​បែបនេះ​មិនមែនជា​រឿង​ចម្លែក​នោះទេ ពោល គឺជា​រឿង​ទូទៅ​ដែល​ប្រទេសផ្សេងៗទៀត​ក៏​ធ្លាប់ធ្វើ​បែបនេះ​ដែរ។

ផ្ទុយ​ពី​លោក​ផៃ ស៊ី​ផាន កញ្ញា​កឹម មនោ​វិទ្យា​ដែលជា​កូនស្រី​លោក កឹម សុខា វិញ មើលឃើញថា ការជួល​ក្រុមហ៊ុន​សមាជិក​ព្រឹទ្ធសភា Doug Ericksen នេះ គឺ​ដើម្បី​បញ្ចុះបញ្ចូល​ឱ្យ​អាមេរិក​ផ្លាស់ប្តូរ​ជំហរ​ចំពោះ​កម្ពុជា។ ប៉ុន្តែ​កញ្ញា​បាន​គូសបញ្ជាក់ថា បើ​ទោះ​ជួល​អ្នកគ្រាន់បើ​ជាង​នេះ៥០លាន​ដុល្លា​ក៏​មិន​អាចជួយ​បង្វែរ ឬ កែប្រែ​គោលជំហរ​អាមេរិក​ក្នុង​ការការពារ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​បានដែរ។ សម្រាប់​កញ្ញា កឹម មនោ​វិទ្យា ដំណោះស្រាយ​មានតែ​មួយគត់ គឺ​ទម្លាក់​ការចោទប្រកាន់​លើ​លោក កឹម សុខា និង​បើក​លំហរ​ប្រជាធិបតេយ្យ​ដូច​ស្មារតី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឡើងវិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ