អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក ហ៊ុន សែន បើក​ផ្លូវ​ឲ្យ​អតីត​បក្ស​សង្រ្គោះ​ជាតិ​បង្កើត​បក្ស​ថ្មី​

លោក​នាយក​រដ្ឋ​មន្ត្រី លោក ហ៊ុន សែន បាន​ផ្តល់​យោបល់​ឲ្យ​អតីត​គណបក្ស​សង្រ្គោះជាតិបង្កើត​បក្សថ្មី​មួយ​ដើម្បី​ចូល​រួម​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​ដែល​នៅសល់​ពេល​តែជាង​៧ខែ​ទៀតនោះ​។ ការ​បើក​ផ្លូវ​របស់ លោក ហ៊ុន សែន នៅពេលនេះ ធ្វើ​ឡើង​នៅគ្រាដែល​សហគមន៍​អន្តរជាតិ​ពិសេស អាមេរិក និង​សហភាព​អឺរ៉ុប​កំពុង​តែ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា​តាមរយៈ​ការ​ផ្តាច់​ជំនួយ​ជា​បន្ត​បន្ទាប់ នឹង​ឈាន​ទៅ​បង្កក​ទ្រព្យ​សម្បត្តិ​មន្រ្តី​រដ្ឋាភិបាល​កម្ពុជា​មួយ​ចំនួន​ដែល​ទុក​នៅក្រៅ​ប្រទេស ដោយសារ​តែ​ពួកគេ​ជាប់​ពាក់​ព័ន្ធនឹង​ការរំលាយ​គណបក្ស​សង្រ្គោះជាតិ​ និងការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​។

លោក​ហ៊ុន សែន នាយក​​រដ្ឋមន្រ្តី​​នៃ​​ប្រទេស​​​កម្ពុជា​។
លោក​ហ៊ុន សែន នាយក​​រដ្ឋមន្រ្តី​​នៃ​​ប្រទេស​​​កម្ពុជា​។ @FB/PM Hun Sen
ផ្សាយពាណិជ្ជកម្ម

ដោយ អ៊ឹង ប៊ុនថន

«ខ្ញុំ​សូម​ផ្តាំ​ផ្ញើ និង​បញ្ជាក់សារ​ជាថ្មី​ថា អតីត​បក្ស​ដែល​ត្រូវ​បាន​រំលាយ​ហើយ ដោយសាល​ដីកាតុលា​កំពូល គឺ​ចប់ជា​ស្ថាពរ​ហើយ​។ ឈ្មោះ​អតីត​បក្សនេះ គឺ​នឹង​គ្មាន​កើត​ឡើង​សារ​ជាថ្មី​ទៀតឡើយ​»។ នេះ​គឺជាការ​លើក​ឡើង​របស់​លោកនាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅថ្ងៃ​អាទិត្យ​នេះ។

លោក ហ៊ុន សែន លើកជា​យោបល់​ថា ដើម្បី​កុំឲ្យ​ខាត​ពេល​ច្រើន គឺ​មាន​តែ​វិធី​មួយ​គត់ គឺបង្កើត​បក្សថ្មី​ចូល​រួម​ប្រកួត​ប្រជែង​តាម​លក្ខណៈ​ប្រជាធិប​តេយ្យ​នៅក្នុង​ការបោះឆ្នោត​ខាងមុខ​។​ លោក​ចាត់ទុក​ជម្រើស​នេះ​ថា «វា​ប្រសើរ​ជាង​ដើរ​និយាយ​ឃោសនា​មិន​ពិត ហើយ​ខាត​បង់ពេល​វេលាកាន់​តែ​ច្រើន»​។

ប៉ុន្តែ​ក្រុម​អតីត​មេដឹកនាំ​គណ​បក្ស​សង្រ្គោះ​ជាតិ​ដែល​កំពុង​នៅក្រៅ​ប្រទេស​ធ្លាប់​បាន​អះអាងថា​ពួកគេ​នឹង​មិនទៅ​បង្កើត​គណបក្ស​ថ្មី​តាម​យុទ្ធសាស្ត្រ​របស់​លោក ហ៊ុន សែន ដែល​រៀប​ចំទុកនោះ​ឡើយ​។​ បើ​តាម​អតីត​មេដឹកនាំ​គណបក្ស​ប្រឆាំង​នេះ ពួកគេ​កំពុង​តែ​ជំរុញ​ឲ្យ​អន្តរជាតិ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល លោក ហ៊ុន សែន ដើម្បី​ប្រគល់​គណបក្ស​សង្រ្គោះជាតិ​មកវិញ និង​ដោះលែង លោក កឹម សុខា រួមទាំង​អ្នកទោស​មនសិការ​មួយ​ចំនួន​ទៀត​។ ជំហរ​នេះ​ក៏ត្រូវបាន​កញ្ញា កឹម មនោវិទ្យា អគ្គនាយិការង​កិច្ចការ​សាធារណៈនៃ​អតីត​គណបក្ស​សង្រ្គោះជាតិ​បញ្ជាក់​ឡើងវិញ​ជាមួយ​វិទ្យុ​បារាំង​អន្តរជាតិ​នៅថ្ងៃអាទិត្យ​នេះ​ដែរ។

សូមបញ្ជាក់ថា គណបក្ស​សង្គ្រោះជាតិ ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​ចោល​កាល​ពីថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ហើយ​ថ្នាក់​ដឹកនាំ​របស់​គណបក្ស​ប្រឆាំង​ដ៏ធំ​មួយនេះ​ចំនួន ១១៨​រូប ក៏ត្រូវបាន​ផ្អាក​សកម្មភាព​នយោបាយ​រយៈពេល ៥​ឆ្នាំ​ផង​ដែរ​។

ក្រោយពី​រំលាយ​គណបក្ស​សង្រ្គោះជាតិ​ដែលជា​គូ​ប្រជែង​ដ៏ខ្លាំង​ជាមួយ​គណបក្ស​កាន់អំណាចនោះ សហគមន៍​អន្តរជាតិ​ខាង​លោក​សេរី បានចាត់​ទុក​លទ្ធិ​ប្រជាធិបតេយ្យ​នៅកម្ពុជា​ថា​បានស្លាប់​ទៅ​ហើយ​។

នៅរយៈ​កាលចុង​ក្រោយនេះ សភាអាមេរិក និង​សភា​របស់​សហភាព​អឺរ៉ុប​កំពុងតែ​ដាក់​សម្ពាធលើ​រដ្ឋាភិបាល​កម្ពុជា​តាមរយៈ​ការ​ផ្តាច់​ជំនួយ​ជា​បន្តបន្ទាប់ នឹង​ឈានទៅ​បង្កក​ទ្រព្យ​សម្បត្តិ​មន្រ្តី​រដ្ឋាភិបាល​កម្ពុជា​មួយ​ចំនួន​ដែល​ទុកនៅ​ក្រៅប្រទេស ដោយសារ​តែ​ពួកគេ​ជាប់​ពាក់​ព័ន្ធនឹង​ការ​រំលាយ​គណបក្ស​សង្រ្គោះជាតិ​ និង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​។ ប៉ុន្តែ​នៅក្នុង​សប្តាហ៍នេះ លោក ហ៊ុន សែន អះអាងថា លោក​គ្មានប្រាក់​ទុក​នៅក្រៅ​ប្រទេសនោះ​ទេ ហើយ​រុញ​ឲ្យ​មាន​ការ​បង្កក​ទ្រព្យ​សម្បត្តិ​មន្រ្តី​កម្ពុជាឲ្យ​បាន​លឿន​ ប្រសិន​បើពួកគេ​មានលុយ​ផ្ញើទុក​នៅធនាគារ​បរទេស​មែន​នោះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ