ក្រសួងមហាផ្ទៃប្រាប់មន្រ្តីរាជការមិនឲ្យយកទ្រព្យសម្បត្តិរដ្ឋនិងម៉ោងការងាររដ្ឋទៅឃោសនាបោះឆ្នោត
ក្រសួងមហាផ្ទៃកម្ពុជា បានរំឭកជាថ្មីដល់មន្ត្រីរាជការស៊ីវិល អាជ្ញាធរដែនដី និងមន្ត្រីនគរបាលជាតិទាំងអស់ឲ្យគោរពច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត ដោយមិនត្រូវយកទ្រព្យសម្បត្តិនិងយកម៉ោងការងាររដ្ឋទៅចូលរួមឃោសនាបោះឆ្នោតឡើយ។ ការរំឭកនេះ ធ្វើឡើងនៅក្នុងសេចក្តីណែនាំមួយរបស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី១៤ កក្កដា ក្រោយពីក្រសួងរកឃើញថា មន្ត្រីរាជការខ្លះបានធ្វើសកម្មភាពខុសនឹងច្បាប់បោះឆ្នោតនៅក្នុងរដូវឃោសនាបោះឆ្នោតនេះ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:១៧
មូលហេតុដែលក្រសួងមហាផ្ទៃចេញការណែនាំជាថ្មីនេះ គឺដោយសារតែនៅក្នុងរយៈពេល៨ថ្ងៃនៃដំណើរការឃោសនាបោះឆ្នោតកន្លងទៅ មន្ត្រីរាជការមួយចំនួនបានធ្វើសកម្មភាពមិនត្រឹមត្រូវទៅតាមការកំណត់នៃច្បាប់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត។ ជាសកម្មភាពដែលបណ្តាលឲ្យមានការរិះគន់ពីសំណាក់សាធារណមតិ និងអ្នកនយោបាយមួយចំនួននៅក្នុងប្រទេសកម្ពុជា។
ដើម្បីបញ្ចៀសនូវការរិះគន់ទាំងអស់នេះ ក្រសួងមហាផ្ទៃបានក្រើនរំឮកដល់មន្ត្រីរាជការទាំងអស់ មិនត្រូវធ្វើសកម្មភាពមួយចំនួនដូចជា លើកឬបិតស្លាកគណបក្ស និងសម្ភារៈឃោសនានៅលើអាគារ និងការិយាល័យរបស់រដ្ឋឬកាត់ទទឹងផ្លូវសាធារណៈ។ ការប្រើប្រាស់មធ្យោបាយដឹកជញ្ជូនដែលជាសម្បត្តិរដ្ឋ ដើម្បីធ្វើការឃោសនាឬការចូលរួមក្នុងសកម្មភាពនយោបាយនានា និងការដឹកជញ្ជូនអ្នកបោះឆ្នោតទៅកាន់ការិយាល័យបោះឆ្នោត ត្រូវបានហាមឃាត់ផងដែរ។ ក្រសួងមហាផ្ទៃក៏បានហាមឃាត់មិនឲ្យមានការប្រមូលផ្តុំមន្ត្រីរាជការស៊ីវិល អាជ្ញាធរដែនដី និងមន្ត្រីនគរបាលជាតិ ដើម្បីធ្វើការបញ្ចុះបញ្ចូលស្វែងរកសំឡេងឆ្នោតនៅក្នុងអាគារឬការិយាល័យរបស់រដ្ឋឡើយ។
សូមកត់សម្គាល់ថា ការណែនាំនិងក្រើនរំឭកជាថ្មីរបស់ក្រសួងមហាផ្ទៃនេះ បានធ្វើឡើងក្រោយពីមានការផ្ទុះការរិះគន់យ៉ាងខ្លាំងទៅលើការយករថយន្តប៉ូលីសទៅបិតស្លាកគណបក្សប្រជាជនកម្ពុជា ដើម្បីចូលរួមឃោសនាស្វែងរកសំឡេងឆ្នោត។ រូបភាពរថយន្តប៉ូលិសបិទស្លាកគណបក្សនេះ ត្រូវបានអ្នកលេងអ៊ីនធ័រណែតចែកចាយបន្តយ៉ាងព្រោងព្រាតនៅលើបណ្តាញសង្គមហ្វេសប៊ុក។ ក្រៅតែពីបញ្ហានេះ មន្ត្រីរាជការយកម៉ោងការងាររដ្ឋទៅចូលរួមឃោសនាបោះឆ្នោតឲ្យបក្សនយោបាយ ក៏រងនូវការរិះគន់ខ្លាំងផងដែរ។
ចំពោះបញ្ហានេះ ក្រសួងមហាផ្ទៃបានប្រាប់ដល់មន្ត្រីរាជការស៊ីវិល អាជ្ញាធរដែនដី និង មន្ត្រីនគរបាលជាតិដែលកំពុងបំពេញភារកិច្ច ត្រូវបញ្ឈប់សកម្មភាពចូលរួមឃោសនាបោះឆ្នោតបែបនេះតទៅទៀត។ ក៏ប៉ុន្តែពួកគេ អាចចូលរួមការឃោសនាបោះឆ្នោតបាន លុះត្រាណាបញ្ចប់ម៉ោងការងារបស់រដ្ឋឬស្ថិតនៅក្រៅម៉ោងការងារឬថ្ងៃឈប់សម្រាកជាដើម។ នេះបើតាមការបញ្ជាក់របស់ក្រសួងមហាផ្ទៃ។ ក្រសួងមហាផ្ទៃក៏បានអះអាងបន្ថែមដែរថា ប្រសិនបើចាំបាច់ត្រូវចូលរួមឃោសនាបោះឆ្នោតនោះ មន្ត្រីរាជការត្រូវសុំច្បាប់ឈប់សម្រាកពីការងារ ហើយពេលចូលរួមឃោសនាមិនត្រូវពាក់ឯកសណ្ឋានផ្លូវការរបស់រដ្ឋ និងមិនត្រូវធ្វើអ្វីដែលនាំឲ្យមានការគំរាមកំហែងនោះឡើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ