អានតួអត្ថបទ
កម្ពជា

សំណុំ​រឿង​​ប្រមាថ​​ព្រះមហាក្សត្រ​៖​រដ្ឋមន្ត្រី​​ក្រសួងយុត្តិធ​ម៌​បញ្ជា​​ឲ្យ​​តុលាការក្រុង​​ភ្នំពេញ​​ចាត់ការ​​លោក​​សម រង្ស៊ី​

រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​កម្ពុជា​លោក​អង្ស វង្សវឌ្ឍានា បានធ្វើ​អធិបញ្ជា​ឲ្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់​វិធាន​តាមផ្លូវ​ច្បាប់​ទៅលើ​លោក​សម រង្ស៊ី។ លោក សម រង្ស៊ី ដែល​លោក​រដ្ឋមន្ដ្រី​ចាត់ទុកថា​បាន​ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ។ នេះ​បើតាម​លោក​គឹម សន្តិភាព អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​ដែល​បាន​អះអាង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះ។ វិធានការ​របស់​ក្រសួងយុត្តិធម៌​នេះ ធ្វើឡើង​ស្រប​ពេលដែល​គណបក្សតូចៗចំនួន​ពីរ​បានស្នើ​តុលាការ​ខ្មែរ ចាត់ការ​លើ​លោក​សម រង្ស៊ី​នេះ​ផងដែរ។

លោកសម រង្ស៊ី ​
លោកសម រង្ស៊ី ​ @ Sam Rainsy's Facebook page
ផ្សាយពាណិជ្ជកម្ម

លោក​អង្ស វង្សវឌ្ឍានា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​កម្ពុជា​បាន​បញ្ជា​ឲ្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់វិធានការ​លើ​លោក​សម រង្ស៊ី​តាំងតែ​ពីថ្ងៃ​សុក្រ ទី០៨ មិថុនា​មក​ម្លេះ។ លោក​គឹម សន្តិភាព អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ ជឿថា ព្រះរាជអាជ្ញា​នៃ​តុលាការក្រុង​ភ្នំពេញ​កំពុងតែ​ចាត់វិធានការ​តាម​បញ្ជា​ហើយ​នាពេលនេះ។ អ្នកនាំពាក្យ​រូបនេះ​បញ្ជាក់​បន្ថែមថា ការដែល​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​ធ្វើបែបនេះ គឺ​ដើម្បី​ការពារ​ព្រះ​ចេស្តា​អង្គ​ព្រះមហាក្សត្រ ស្របតាម​ស្មារតី​រដ្ឋធម្មនុញ្ញ និង​ច្បាប់​របស់​កម្ពុជា។

ចំណាត់ការ​ពី​ក្រសួងយុត្តិធម៌​កម្ពុជា​នេះ ធ្វើឡើង​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី​លោក​សម រង្ស៊ី បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក ដោយ​ចាត់ទុក​ព្រះរាជសារ​របស់​ព្រះមហាក្សត្រ​កម្ពុជា ថា​ជា​លិខិត​ក្លែងក្លាយ ឬក៏​ជា​លិខិត​មួយ​ដែល​បាន​ធ្វើឡើង​ក្រោម​ការគំរាមកំហែង​ពី​សំណាក់​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។ ព្រះរាជសារ​របស់​ព្រះមហាក្សត្រ​កម្ពុជា ចុះ​ថ្ងៃទី១៨ខែឧសភា មាន​ខ្លឹមសារ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ទៅ​បោះឆ្នោត​ឲ្យ​បានគ្រប់ៗគ្នា​នៅ​ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១។ ភា្លមៗក្រោយ​ការចោទប្រកាន់​របស់លោក​សម រង្ស៊ី​នេះ ព្រះបរមរាជវាំង​បានចេញ​មុខមក​ប្រកាស​អះអាងថា ព្រះរាជសារ​នេះ​គឺជា​ព្រះរាជសារ​របស់​ព្រះមហាក្សត្រ​យ៉ាងពិត​ប្រាកដ គ្មាន​ការ​ក្លែងក្លាយ និង​មិនមែន​ធ្វើឡើង​ក្រោម​ការគំរាមកំហែង​ណាមួយ​ឡើយ។

សម្រាប់​ក្រសួងយុត្តិធម៌ ទង្វើ​របស់លោក​សម រង្ស៊ី ដែល​បង្ហាញ​ភាព​សង្ស័យ​លើ​ព្រះរាជសារ​ព្រះមហាក្សត្រ​ដូច្នេះ គឺជា​ការប្រមាថ​ធ្ងន់ធ្ងរ​ដល់​អង្គ​ព្រះមហាក្សត្រ​កម្ពុជា ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ពិបាក​នឹង​ទទួលយក​ខ្លាំងណាស់។ គឺ​ដោយសារតែ​ហេតុនេះហើយ ទើប​ក្រសួងយុត្តិធម៌​ចាត់វិធានការ​បែបនេះ។ នេះ​បើតាម​លោក គឹម សន្តិភាព។ ក្រៅតែពី​ក្រសួងយុត្តិធម៌​កម្ពុជា គណបក្សនយោបាយ​ពីរ​ទៀត គឺ​គណបក្ស​យុវជន​កម្ពុជា និង​គណបក្ស​សញ្ជាតិ​ក​ម្ពុ​ជា ក៏បាន​ចេញមុខ​ទាមទារ​ឲ្យ​តុលាការ​កម្ពុជា​ចាត់ការ​ទៅលើ​លោក​សម រង្ស៊ី​នេះ​ផងដែរ។

គួរ​កត់សម្គាល់ថា ប្រសិនបើ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់វិធានការ​ទៅតាម​បញ្ជា​រដ្ឋមន្ដ្រី​ក្រសួងយុត្តិធម៌​មែន​នោះ លោក​សម រង្ស៊ី នឹង​អាច​ក្លាយជា​ជន​ទី៣នៃ​ការអនុវត្ត​ច្បាប់​ថ្មី​ដែល​ចែង​ដាក់ទោស​ទណ្ឌ​ទៅលើ​អ្នក​ដែល​ប្រមាថ​ព្រះមហាក្សត្រ។ មាត្រា ៤៣៧ ស្ទួន​ដែល​ទើប​បញ្ចូល​ទៅក្នុង​ក្រមព្រហ្មទណ្ឌ​បានចែង​ថា ការប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ​ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី ០១ឆ្នាំ ទៅ០៥ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ២លាន​រៀល ទៅ១០លាន​រៀល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ