អានតួអត្ថបទ
កម្ពុជា

បុណ្យ១០០ថ្ងៃ​​សព​​លោក​​កែម ឡី ​រៀបចំ​នៅ​វត្តចាស់​ដូច​ការ​គ្រោងទុក​

គណៈកម្មការ​បុណ្យសព​លោក​បណ្ឌិត​កែម ឡី បានរៀបចំ​ពិធីបុណ្យ១០០ថ្ងៃ​សព​លោក​កែម ឡី​នៅ​វត្ត​ចាស់ ជ្រោយចង្វារ​ដូច​ការគ្រោងទុក​ដោយ​ចាប់ផ្តើម​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ។ គណៈកម្មការ​បុណ្យ​បាន​បញ្ជាក់ថា ការរៀបចំ​បាន​ដោយ​រលូន​បែបនេះ ដោយសារតែ​អាជ្ញាធរ​បានអនុញ្ញាត​ឲ្យ​ធ្វើ​ឡើងវិញ។ យ៉ាងណាក៏ដោយ នៅ​ព្រឹក​នេះ មិនទាន់​សូវ​មាន​ឃើញ​ប្រជាពលរដ្ឋ​មក​ចូល​បុណ្យ​ច្រើន​កុះករ​នៅឡើយ​ទេ។ ប្រជាពលរដ្ឋ​អាច​នឹងចូលរួម​ច្រើន​នៅពេល​រសៀល​ឫ​ពេល​ល្ងាច។

រូប​សំណាក​លោកកែម ឡី ​ត្រូវបាន​ដាក់តាំង​ក្នុង​ពិធីបុណ្យ​សព​១០០ថ្ងៃ​របស់​លោក​ចាប់ផ្តើម​នៅ​ថ្ងៃសុក្រ​នេះ​
រូប​សំណាក​លោកកែម ឡី ​ត្រូវបាន​ដាក់តាំង​ក្នុង​ពិធីបុណ្យ​សព​១០០ថ្ងៃ​របស់​លោក​ចាប់ផ្តើម​នៅ​ថ្ងៃសុក្រ​នេះ​ RFI/ Vann Sokunthea
ផ្សាយពាណិជ្ជកម្ម

ភាគច្រើន​អ្នក​ដែល​បាន​ចូលរួម​នៅក្នុង​ពិធី​បុណ្យសព​លោក​បណ្ឌិត​កែម ឡី​នៅ​ព្រឹក​នេះ គឺជា​អ្នក​ដែល​មកជួយ​រៀបចំ​បន្ថែមផ្សេងៗទៀត​នៅក្នុង​ពិធីបុណ្យ​ដូចជា​រៀបចំ​ដាក់​ថូផ្កា និង បិទ​រូបភាព​លោក​កែម ឡី​ជាដើម។ ចំណែក​រោងបុណ្យ​វិញ គឺ​បាន​សង់​ឡើង​ពេញទី​ធ្លារ​វត្ត​ចាស់​តែម្តង។ នៅ​ផ្នែក​ខ្លះ​នៃ​រោងបុណ្យ​នេះ បានដាក់​តាំង​រូបភាព​លោក​កែម ឡី ក្នុង​ទំហំ​ធំ​ជាមួយ​ពាក្យស្លោក​ថា “ជូត​ទឹកភ្នែក រួច​បន្តដំណើរ​ទៅមុខទៀត។ នៅ​ព្រឹក​នេះដែរ ពោល គឺ​ម៉ោង១១គត់ ម៉ោង​ដែល​សាកសព​លោក​កែម ឡី​ត្រូវបាន​បញ្ចុះ​នោះ ក៏​ជា​ម៉ោង​ដែល​រូបសំណាក​លោក​កែម ឡី ធ្វើ​ពី​ស្ពាន់​ត្រូវបាន​ព្រះសង្ឃ និង ពលរដ្ឋ​ដង្ហែ​ចេញពី​ព្រះវិហារ​មក​តម្កល់ទុក​នៅក្នុង​រោងបុណ្យ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​បានឃើញ និង​គោរពបូជា​ផងដែរ។

ពិធី​បុណ្យសព១០០ថ្ងៃ​លោក​កែម ឡី​នេះ មិនមាន​វត្តមាន​ចូលរួម​ពី​សំណាក់​ភរិយា និងកូនៗរបស់លោក​ដែល​កំពុងស្ថិត​នៅក្រៅ​ប្រ​ទស​នោះទេ នេះ​ក៏​ព្រោះតែ​ភរិយា​របស់លោក​ទើបតែ​សម្រាល​កូនពៅ​របស់គាត់​រួច។ តែ​ទោះជា​យ៉ាងណាក៏ដោយ អ្នកស្រី​ប៊ូ រចនា តាមរយៈ​ប្រព័ន្ធ​អន​ឡាញ​តាម​ទូរ​សព្ទ​បងស្រី​របស់គាត់ ក៏បាន​ឃើញ​នូវ​ទិដ្ឋភាព​នៃ​ពិធី​បុណ្យសព១០០ថ្ងៃ​នេះដែរ។ បងស្រី​អ្នកស្រី​ប៊ូ រចនា តែ​ទើប​មកដល់​ស្រុក​ខ្មែរ​ដើម្បី​ចូលរួម​ពិធីបុណ្យ​នេះ បាន​បញ្ជាក់ថា ភរិយា​សព​លោក​បណ្ឌិត​កែម ឡី​រូបនេះ ចង់​មក​ចូលរួម​ពិធីបុណ្យ​នេះ​ខ្លាំងណាស់ ប៉ុន្តែ​ដោយសារតែ​កូនខ្ចី ម្លោះ​ហើយ​ទើប​គាត់​មិន​អាចមក​ចូលរួមបាន។ យ៉ាងណាក៏ដោយ សាច់ញាតិ​ទាំងសងខាង​របស់​សព​លោក​កែម ឡី សុទ្ធតែ​បានមក​ចូលរួម។ ក្នុងនោះ​ម្តាយ​របស់លោក​កែម ឡី ដែល​ពាក់​ស្បែកជើងផ្ទាត់​ពណ៌​ស បាន​ថ្លែងថា គាត់​នឹក​កូនប្រុស​ខ្លាំងណាស់។ អ្នក​ម្តាយ​វ័យ​ចំណាស់​រូបនេះ ឧទាន​ឡើង​ថា វា​មិនអាច​ប៉ះប៉ូវ​អ្វី​បាន​នោះទេ​ចំពោះ​ការបាត់បង់​កូនប្រុស​របស់គាត់​នេះ។

លោក​បណ្ឌិត​កែម ឡី អ្នកវិភាគ​បញ្ហា​សង្គម​និង​នយោបាយ​ដ៏​ល្បីឈ្មោះ​ត្រូវបាន​គេ​ប្រល័យ​ជីវិត​ដោយ​គ្រាប់កាំភ្លើង​កាលពី​ថ្ងៃទី១០ កក្កដា ឆ្នាំ២០១។ នៅ​ថ្ងៃទី១៤ តុលា​នេះ គឺជា​ខួប១០០ថ្ងៃ​ដែល​គាត់​ត្រូវបាន​គេ​បាញ់សម្លាប់។ ពិធីបុណ្យ១០០ថ្ងៃ​សព​លោក​កែម ឡី គឺ​រៀបចំ​ធ្វើឡើង​រយៈពេល​បី​ថ្ងៃ ដោយ​ពីរ​ថ្ងៃ​ធ្វើ​នៅ​វត្ត​ចាស់​ហើយ​ថ្ងៃទី១៦ តុលា គណៈកម្មការ​រៀបចំ​ពិធីបុណ្យ និង​ប្រជាពលរដ្ឋ​នឹង​ដង្ហែ​រូបសំណាក​លោក​កែម ឡី ធ្វើ​ពី​ស្ពាន់​តម្លៃ​ប្រហែល៧ពាន់​ដុល្លារ ទៅ​តាំងនៅ​ស្រុកកំណើត​របស់គាត់​នៅក្នុង​ខេត្តតាកែវ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ