អានតួអត្ថបទ
កម្ពុជា

លោក​​កឹម សុខា ​ត្រូវ​បាន​​ដោះលែង​​ពី​​ការ​ឃុំខ្លួន​​ក្នុង​ផ្ទះ ​តែ​​មិន​​អនុញ្ញាត​​ឱ្យ​ធ្វើ​​សកម្មភាព​​នយោបាយ​

សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី១០ ខែវិច្ឆិកា​នេះ បានសម្រេច​កែប្រែ​កាតព្វកិច្ច​នៃ​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​ទៅលើ​លោក​កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ។សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​អះអាងថា ការសម្រេច​កែប្រែ​កាតព្វកិច្ច​លើ​លោក​កឹម សុខា​នេះ គឺធ្វើឡើង​តាម​ការស្នើសុំ​របស់​សហ​មេធាវី​ការពារ​ក្តី​របស់លោក​កឹម សុខា ដោយ​លើកឡើង​ពី​បញ្ហា​សុខភាព​របស់លោក​ដែល​ត្រូវ​ពិនិត្យ និង​ព្យាបាល​ជា​ចាំបាច់។

លោកកឹម សុខា
លោកកឹម សុខា @Facebook Kem Sokha
ផ្សាយពាណិជ្ជកម្ម

ម្យ៉ាងវិញទៀត ក៏​ដោយសារតែ​លោក​កឹម សុខា បាន​គោរព​ត្រឹមត្រូវ​តាម​កាតព្វកិច្ច​នៃ​ការដាក់ឱ្យ​ស្ថិតក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ និង​មាន​កិច្ចសហការ​ល្អ​ក្នុង​ដំណើរការ​នីតិវិធី​របស់​តុលាការ។កាតព្វកិច្ច​នៃ​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​ថ្មី​ដែល​លោក​កឹម សុខា ត្រូវអនុវត្ត​ចាប់ពីពេលនេះ មាន​បី​ចំណុច គឺ ទី១.មិនត្រូវ​ចេញ​ក្រៅ​ព្រំប្រទល់​ដែនដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទី២.មិនត្រូវ​ធ្វើ​សកម្មភាព​នយោបាយ និង ទី៣.ត្រូវ​ឆ្លើយតប​នឹង​ការកោះហៅ​ពី​គ្រប់​សមត្ថកិច្ច។

លោក​គឹម សន្តិភាព អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​កម្ពុជា បាន​គូស​បញ្ជាក់ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ព្រឹក​នេះ​ថា ការសម្រេច​ជាថ្មី​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​នេះ គឺ​មានន័យថា លោក​កឹម សុខា អាច​ដើរហើរ​ដោយ​សេរី​នៅក្នុង​ប្រទេស​កម្ពុជា លែង​លើក​តែ​ចេញទៅ​ក្រៅប្រទេស​ប៉ុណ្ណោះ។

បើទោះបី​លោក​កឹម សុខា ត្រូវបាន​ដោះលែង​ពី​ការឃុំខ្លួន​នៅក្នុង​ផ្ទះ​នៅពេលនេះ​ក៏ដោយ ប៉ុន្តែ​សហ​មេធាវី​ការពារ​ក្តី​របស់លោក​ហាក់​មិនទាន់​ពេញចិត្ត​នៅឡើយ​ទេ។ មិន​ពេញចិត្ត ព្រោះ​សហ​មេធាវី​បាន​ស្នើសុំ​លើកលែង​ការចោទប្រកាន់​លោក​កឹម សុខា តែ​ចៅក្រម​បានត្រឹមតែ​កែប្រែ​ការអនុវត្ត​កាតព្វកិច្ច​មួយចំនួន​ប៉ុណ្ណោះ។ នេះ​បើតាម​ការគូសបញ្ជាក់រ​បស់​លោក​ផែង ហេង សហ​មេធាវី​ម្នាក់​របស់លោក​ក​កឹម សុខា នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​នៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះ។ លោក​មេធាវី​ផែង ហេង បាន​គូស​បញ្ជាក់ទៀតថា សហ​មេធាវី​នឹង​នៅតែ​បន្ត​ទាមទារ​ឱ្យមាន​ការលើកលែង​ចោទ​ប្រកាន់​មកលើ​លោក​កឹម សុខា​ដដែល។

សូមបញ្ជាក់ថា លោក​កឹម សុខា ត្រូវបាន​តុលាការ​ក្រុងភ្នំពេញ​បទ​ប្រកាន់​ពីបទ​សន្ធិ​ដ្ឋិ​ភាព​ដោយ​ឃុបឃិត​ជាមួយ​បរទេស​ផ្តួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់។ លោក​ត្រូវបាន​ចាប់ខ្លួន និង​បញ្ជូនទៅ​ឃុំខ្លួន​នៅក្នុង​ពន្ធនាគារ ត្រពាំង​ផ្លុ​ង ខេត្ត​ត្បូងឃ្មុំ​កាលពី​ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១។ ប៉ុន្តែ បន្ទាប់ពី​ឃុំខ្លួន​អស់​រយៈពេល​ជាង១ឆ្នាំ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​បានសម្រេច​ដោះលែង​លោក​ពី​ការឃុំខ្លួន​នៅ​ពន្ធនាគារ​មក​ឃុំខ្លួន​ក្នុងផ្ទះ​នៅ​រាជធានី​ភ្នំពេញ​វិញ​កាលពី​ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ