សេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រីថ្មីនេះ ត្រូវបានសមាជិកសភាដែលភាគច្រើនមកគណបក្សប្រជាជនកម្ពុជាបានអនុម័តទាំងស្រុងដោយសំឡេង១១១លើ១២៣សំឡេង។ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជាបានលើកឡើងនៅក្នុងរដ្ឋសភា ថា សេចក្តីព្រាងច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រីនេះ មានមាត្រាមួយចំនួនចាំបាច់ត្រូវធ្វើការកែតម្រូវ និងបន្ថែមមាត្រាថ្មីមួយចំនួនទៀតតាមតម្រូវការរបស់ប្រទេសជាតិ។ លោកស ខេង ក៏បានលើកឡើងពីតួនាទីផ្សេងៗរបស់រដ្ឋាភិបាលកម្ពុជាដែលមានចែងនៅក្នុងសេចក្តីព្រាងច្បាប់ថ្មីនេះផងដែរ។
សេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី ត្រូវបានទីស្តីការគណៈរដ្ឋមន្ត្រីកម្ពុជាបានអនុម័តទាំងស្រុងកាលពីថ្ងៃទី១១ សភាកន្លងទៅ។ សេចក្តីព្រាងច្បាប់នេះ ត្រូវបានរៀបចំជាថ្មីជំនួសច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រីឆ្នាំ១៩៩។ តាមទីស្តីការគណៈរដ្ឋមន្ត្រីកម្ពុជា សេចក្តីព្រាងច្បាប់នេះត្រូវបានរៀបចំដោយផ្អែកលើមូលដ្ឋាននៃរដ្ឋធម្មនុញ្ញ ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រីឆ្នាំ១៩៩៤ ព្រមទាំងបទពិសោធ និងប្រសិទ្ធភាពនៃកិច្ចដំណើរការគណៈរដ្ឋមន្ត្រីនាពេលកន្លងមក។
លោកផៃ ស៊ីផាន អ្នកនាំពាក្យគណៈរដ្ឋមន្ត្រីកម្ពុជា ធ្លាប់បានអះអាងថា ច្បាប់នេះមានគោលបំណងធានាប្រសិទ្ធភាពការងាររបស់គណៈរដ្ឋមន្ត្រី ជារាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ហើយវាមានគោលដៅកំណត់អំពីសមាសភាព សមត្ថកិច្ច និងការប្រព្រឹត្តទៅរបស់គណៈរដ្ឋមន្ត្រីដែលជារាជរដ្ឋាភិបាលនៃប្រទេសកម្ពុជា។ សេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី មាន៩ជំពូក និង៤៩មាត្រា។ សេចក្តីព្រាងច្បាប់ថ្មីនេះ បានកំណត់ថា សមាភាពនៃរាជរដ្ឋាភិបាលកម្ពុជា មានតែនាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី និងរដ្ឋមន្ត្រី ពោល គឺលែងមានរដ្ឋលេខាធិការដូចមុនទៀតហើយ។
សូមបញ្ជាក់ថា ក្រៅពីអនុម័តទាំងស្រុងលើសេខចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រីនេះ រដ្ឋសភាកម្ពុជាក៏បានអនុម័តលើសេចក្តីព្រាងច្បាប់ថ្មីចំនួន៣ទៀតដែរ គឺសេចក្ដីព្រាងច្បាប់ស្ដីពី សញ្ញាតិ សេចក្ដីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្ដីពីការបង្កើតអង្គការសហប្រតិបត្តិការព្រៃឈើអាស៊ី និងសេចក្ដីព្រាងច្បាប់ស្ដីពី វិសោធនកម្មមាត្រាចំនួននៃច្បាប់ស្ដីការគ្រប់គ្រង និងការធ្វើអាជីវកម្មធនធានរ៉ែ៕