អានតួអត្ថបទ
កម្ពុជា

ក្រុម​យុវជន​​គាំទ្រ​​អតីត​​CNRP​នឹង​ធ្វើ​​បាតុកម្ម​​នៅ​​កូរ៉េខា​ងត្បូង​​ដើម្បី​​គៀងគរ​​ការ​គាំទ្រ​​មាតុភូមិ​និវត្ត​​លោក​​សម រង្ស៊ី​

នៅ​ថ្ងៃទី២០ តុលា​ស្អែក​នេះ អ្នកគាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​មួយក្រុម​នឹង​ដឹកនាំ​ធ្វើបាតុកម្ម​មួយ​នៅក្នុង​ទីក្រុង​សេ​អ៊ូ​ល ប្រទេស​កូរ៉េខាងត្បូង ដើម្បី​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា និង​គៀងគរ​ការគាំទ្រ​មាតុភូមិនិវត្តន៍​របស់​លោក​សម រង្ស៊ី។ ប៉ុន្តែ​ស្ថានទូត​កម្ពុជា​នៅ​កូរ៉េខាងត្បូង បាន​គូសបញ្ជាក់ថា មិន​អារម្មណ៍ និង មិន​ទទួលស្គាល់​នោះទេ ព្រោះ​ជា​បាតុកម្ម​គាំទ្រ​ដល់​ក្រុម​ខុសច្បាប់។

លោក សម រង្ស៊ី
លោក សម រង្ស៊ី @Internet
ផ្សាយពាណិជ្ជកម្ម

បាតុកម្ម​នៅ​កណ្តាល​ក្រុង​សេ​អ៊ូ​ល នៅ​ថ្ងៃទី២០ តុលា ស្អែក​នេះ ធ្វើឡើង​ក្នុង​គោលបំណងធំៗពីរ គឺ​ទីមួយ ទាមទារ​ឱ្យ​ប្រទេស​ជា​ហត្ថលេខី​អនុវត្ត​នូវ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ១៩៩១មកលើ​រដ្ឋាភិបាល​កម្ពុ​ជា និង ទី​ពីរ គឺ​ដើម្បី​គៀងគរ​ការគាំទ្រ​ដំណើរ​មាតុភូមិ​វិវត្តន៍ ដើម្បី​លទ្ធិប្រជាធិបតេយ្យ​របស់​ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃទី៩ ខែវិច្ឆិកា ខាងមុខ។ នេះ​បើតាម​ការគូសបញ្ជាក់រ​បស់​លោក​សុខ ស៊ី​ឡា​ត់ ដែលជា​តំណាង​ក្រុម​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ​នៅ​ប្រទេស​កូរ៉េខាងត្បូង​ដែលជា​អ្នករៀបចំ​ធ្វើបាតុកម្ម។ បើតាម​អ្នករៀបចំ បាតុកម្ម​នៅ​ថ្ងៃទី២០ តុលា ក៏​នឹងមាន​ការចូលរួម​ពី​តំណាង​អ្នកគាំទ្រ​អតីត​បក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​នៅ​អាមេរិក និង ជប៉ុន​ផងដែរ។

ប៉ុន្តែ​បាតុកម្ម​នេះ បែរជា​មិនមាន​ការចូលរួម​ពី​ចលនា​យុវជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​កូរ៉េខាងត្បូង​ទៅវិញ។ លោក​យឹម ស៊ី​ណន ប្រធាន​ចលនា​យុវជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង​បាន​អះអាង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា បាតុកម្ម​ដឹកនាំ​ដោយ​ក្រុម​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ​ដែល​បាន​បែក​ខ្លួន​ពី​ចលនា​យុវជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង​នេះ គឺជា​បាតុកម្ម​ក្លែងក្លាយ​ក្នុង​បំណង​ប្រឆាំងនឹង​ក្រុម​ចលនា​របស់លោក។ លោក​សង្កត់ធ្ងន់ថា បាតុកម្ម​នេះ​នឹងមិន​ទទួលបាន​ជោគជ័យ​ទេ ផ្ទុយទៅវិញ វា​កាន់តែ​ជំរុញឱ្យមាន​ការបែកបាក់​កាន់​ខ្លាំង​ឡើង​រវាង​ក្រុមយុវជន​គាំទ្រ​អតីត​បក្សប្រឆាំង​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង។

បើ​ទោះ​មិន​ស្រុះស្រួល​គ្នា​ក្នុង​ការរៀបចំ​ធ្វើបាតុកម្ម​នេះ​មែន ប៉ុន្តែ​បាតុកម្ម​នឹង​នៅតែ​ធ្វើឡើង​ដដែល​តាម​ការគ្រោងទុក។ អ្នករៀបចំ​បាតុកម្ម​បានលើកឡើង​ថា បាតុកម្ម​នៅ​ថ្ងៃអាទិត្យ​ស្អែក​នេះ ក៏​នឹងមាន​ការ​ហែរ​យក​ញត្តិ​ទៅ​ដាក់​នៅ​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​កូរ៉េខាងត្បូង​ផងដែរ។ ប៉ុន្តែ​ស្ថានទូត​កម្ពុជា​នៅ​កូរ៉េខាងត្បូង​លើកឡើងថា មិន​ចាប់អារម្មណ៍ និង បញ្ជាក់​ជាមុន​ហើយ​ថា នឹងមិន​ទទួលយក​ញត្តិ​របស់​ក្រុមអ្នកតវ៉ា​ឡើយ។

លោក​ឡុង ឌី​ម៉​ង់ ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​នៅ​កូរ៉េខាងត្បូង បាន​អះអាង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា ស្ថានទូត​មិន​ទទួលស្គាល់​ក្រុម​អ្នកធ្វើ​បាតុកម្ម​នេះឡើយ ព្រោះ​ជា​បាតុកម្ម​ដែល​គាំទ្រ​ដល់​ក្រុម​លោក​សម រង្ស៊ី ដែល​លោក​ចាត់ទុកថា ជា​ក្រុម​ឧទ្ទាម​បំពាន​ច្បាប់។ លោក​ឡុង ឌី​ម៉​ង់ បាន​បញ្ជាក់ថា ស្ថានទូត​កម្ពុជា​ក៏បាន​បញ្ជាក់​ពី​រឿងនេះ​ទៅកាន់​អាជ្ញាធរ​កូរ៉េខាងត្បូង​រួចរាល់​ហើយ​ដែរ។ បើតាម​លោក​ឡុង ឌី​ម៉​ង់ អាជ្ញាធរ​កូរ៉េខាងត្បូង​បាន​ធានា​ការពារ​ស្ថានទូត និង មន្ត្រី​ទូត​កម្ពុជា និង មិន​អនុញ្ញាតឱ្យ​ក្រុម​អ្នកធ្វើ​បាតុកម្ម​ទៅ​ក្បែរ​ស្ថានទូត​កម្ពុជា​បានឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ