អានតួអត្ថបទ
កម្ពុជា

ក្រុម​​មេធាវី​​គ្រោង​​នឹង​ដាក់​​សំណើ​សុំ​​ឱ្យ​​តុលា​ការ​បិទ​​ការ​ស៊ើប​អង្កេត​​សំណុំ​រឿង​​លោក​​កឹម សុខា​

លោក​ចាន់ ចេ​ន សហ​មេធាវី​ម្នាក់​របស់លោក​កឹម សុខា បាន​អះអាង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះ​ថា មកដល់ពេលនេះ ដំណើរ​នីតិវិធី​ស៊ើបអង្កេត​លើ​លោក​កឹម សុខា របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​មិនមាន​អ្វី​វិ​វត្ត​ទៅមុខ​នោះទេ គឺ​នៅ​ត្រឹង​នៅឡើយ។ ហេតុ​ដូច្នេះហើយ លោក និង​សហ​មេធាវី​ផ្សេងទៀត គ្រោង​ដាក់សំណើ​សុំឱ្យ​ចៅក្រម​ស៊ើបសួរ​បិទ​បញ្ចប់​ការស៊ើបអង្កេត​នេះ។ ប៉ុន្តែ​ដាក់​ទៅ​នៅពេលណា​នោះ លោក​មិនទាន់​អាច​បញ្ជាក់​បានទេ ដោយ​គ្រាន់តែ​ថា នឹងធ្វើ​ក្នុងពេលឆាប់ៗខាងមុខនេះ។

លោក​ ចាន់ ចេន មេធាវីលោក កឹម​ សុខា
លោក​ ចាន់ ចេន មេធាវីលោក កឹម​ សុខា fb
ផ្សាយពាណិជ្ជកម្ម

គិត​មកដល់ពេលនេះ លោក​កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ស្ថិតក្នុង​ការឃុំខ្លួន​ជិត​ពីរ​ឆ្នាំ​មកហើយ ដើម្បីឱ្យ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​បើក​ការស៊ើបអង្កេត​លើ​សំណុំរឿង​ក្បត់ជាតិ​ដែល​ចោទប្រកាន់​ឡើង​ដោយ​រដ្ឋាភិបាល​កម្ពុជា។ លោក​ចាន់ ចេ​ន សហ​មេធាវី​ម្នាក់​របស់លោក​កឹម សុខា បានចាត់ទុក​ការ​បន្លាយពេល​នៃ​ការស៊ើបអង្កេត​នេះ​ថា ច្រើន​ហួសហេតុ​ពេក​ហើយ​សម្រាប់​កូនក្តី​របស់លោក។ ដូច្នេះហើយ លោក និង​សហ​មេធាវី​ផ្សេងទៀត គ្រោង​នឹង​ចូលជួប​ជាមួយ​លោក​កឹម សុខា ដើម្បី​ពិភាក្សា​ដាក់សំណើ​សុំឱ្យ​តុលា​ការបិទ​បញ្ចប់​ការស៊ើបអង្កេត​លើ​លោក​កឹម សុខា។ យ៉ាងណាក៏ដោយ លោក​ចាន់ ចេ​ន មិនទាន់​អាច​បញ្ជាក់​ប្រាប់ឱ្យដឹង​បាន​នៅឡើយ​ទេ ថា​តើ​នឹងដាក់​សំណើ​នៅ​ថ្ងៃ​ណា​នោះ ព្រោះ​ត្រូវ​ចូល​ពិភាក្សា​ជាមួយ​កូនក្តី​សិន។

សម្រាប់​លោក​មេធាវី​ចាន់ ចេ​ន ការបន្ត​ឃុំខ្លួន​លោក​កឹម សុខា យូរ​បែបនេះ វា​ប៉ះពាល់​ទាំង​នីតិវិធី​ច្បាប់ និង​សិទ្ធិ​របស់លោក​កឹម សុខា ។ លោក​អះអាងថា បញ្ហាសំខាន់​ដែល​លោក​កឹម សុខា កំពុង​ជួបប្រទះ​ពេល​កំពុង​ជាប់ឃុំ​នៅក្នុង​ផ្ទះ​នាពេល​បច្ចុប្បន្ននេះ គឺ​ជំងឺ​គៀប​សរសេរ​ស្មា​របស់លោក ដែល​លោក​ចាន់ ចេ​ន គូសបញ្ជាក់ថា នៅតែ​បន្ត​ធ្វើទុក្ខ​ដល់​លោក​កឹម សុខា ជា​រៀងរាល់ថ្ងៃ។

បញ្ហា​ទាំងអស់​នេះហើយ​ដែល​ជំរុញ​ឱ្យ​ក្រុម​មេធាវី​ចង់ឱ្យ​តុលាការ​បញ្ចប់​ដំណើរការ​ស៊ើបអង្កេត​តទៅទៀត ព្រោះ​បើតាម​លោក​មេធាវី​ចាន់ ចេ​ន គឺ​មកដល់ពេលនេះ តុលា​ការរក​មិនឃើញ​នូវ​ភ​ស្ត​តាង​ថ្មី​ណាមួយ ដើម្បី​ដាក់បន្ទុក​លើ​លោក​កឹម សុខា​ឡើយ។ បើតាម​លោក​ចាន់ ចេ​ន កន្លងមក ក្រុម​មេធាវី​ក៏​ធ្លាប់បាន​ដាក់សំណើ​ឱ្យ​តុលាការ​ព​ន្លឿ​ន​ការស៊ើបអង្កេត​លើ​លោក​កឹម សុខា​ដែរ ប៉ុន្តែ​មិន​ទទួលបាន​ផល​នោះទេ។

លោក​កឹម សុខា ត្រូវបាន​តុលាការ​ក្រុងភ្នំពេញ​ចោទប្រកាន់​ពីបទ​ក្បត់ជាតិ ហើយ​នៅពេលនេះ លោក​កំពុងស្ថិត​ក្នុងការ​ឃុំខ្លួន​នៅក្នុង​ផ្ទះ ដើម្បី​រង់ចាំ​ការបើក​សវនាការ​ជំនុំជម្រះ។ លោក​មិនត្រូវ​បានអនុញ្ញាត​ឱ្យធ្វើ​ស កម្ម​ភាព​នយោបាយ​ណាមួយ និង ជួប​ជាមួយ​បុគ្គលសំខាន់ៗណា​ឡើយ។ ថ្មីៗនេះ តុលាការ​ក៏​មិន​អនុញ្ញាតឱ្យ​លោកស្រី​រ៉ូ​ណា ស្មី​ត ដែលជា​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ស្តីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ចូលជួប​លោក​កឹម សុខា​នោះដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ