អានតួអត្ថបទ
កម្ពុជា

អង្គការ​​សេរី​និយម​​អន្តរជាតិ​​ប្រកាស​​គាំទ្រ ​និង ​អម​ដំណើរ​​លោក​​សម រង្ស៊ី​ ចូល​មក​​កម្ពុជា​​វិញ​

អង្គការ​សេរីនិយម​អន្តរជាតិ(Liberal International) កាលពី​ថ្ងៃទី០៦ កក្កដា បាន​បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​ប្រតិបត្តិ​របស់ខ្លួន​ដោយមាន​ការចូលរួម​ពី​សំណាក់​ថ្នាក់ដឹកនាំ​អតីត​បក្សប្រឆាំង។ គណៈកម្មាធិការ​ប្រតិបត្តិ​អង្គការ​សេរីនិយម​អន្តរជាតិ បានប្រកាស​ជំហរ​គាំទ្រ​និង​ចូលរួម​អមដំណើរ​លោក​សម រង្ស៊ី ចូលមក​កម្ពុជា​វិញ។ ការសម្រេច​នេះ ធ្វើឡើង​ស្របពេល​ដែល​ក្រសួងការបរទេស​កម្ពុ​ជា​ទើប​បង្ហាញ​ការខកចិត្ត និង បាន​ប្រាប់​សមាជិកសភា​អឺរ៉ុប​ដែល​ចង់​អមដំណើរ​លោក​សម រង្ស៊ី​ចូល​ស្រុក​ឱ្យ​គិត​ឡើងវិញ​ពី​បញ្ហា​នេះ។

លោក​សម រង្ស៊ី ​និង ​លោកស្រី​ មួរ សុខហួរ ​
លោក​សម រង្ស៊ី ​និង ​លោកស្រី​ មួរ សុខហួរ ​ @ Mu Sochau
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សេចក្តីសម្រេច​របស់ខ្លួន អង្គការ​សេរីនិយម​អន្តរជាតិ(Liberal International) ដែលមាន​មូលដ្ឋាន​នៅក្នុង​ទីក្រុង​ឡុង​ដ៍ ចក្រភព​អង់គ្លេស បាន​អំពាវនាវ​ជាថ្មី​ដល់​អាជ្ញាធរ​កម្ពុជា​ឱ្យ​ទម្លាក់​រាល់​បទចោទប្រកាន់​ទាំងអស់​មកលើ​លោក​កឹម សុខា និង​ការប្រើប្រាស់​ច្បាប់​ប្រឆាំង​អ្នកនយោបាយ​ប្រឆាំង​រួមទាំង​លោក​សម រង្ស៊ី​ផង។ បន្ថែម​លើ​នេះ អង្គការ​អន្តរជាតិ​នេះ​ក៏បាន​បង្ហាញ​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ទៅនឹង​គម្រោងការ​វិលត្រឡប់​ចូល​ស្រុក​វិញ​របស់​ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ស្វែងរក​ដំណោះស្រាយ​ឈានទៅរក​ការដោះលែង​លោក​កឹម សុខា និង ស្ដារ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើងវិញ។

មិនតែប៉ុណ្ណោះ អង្គការ​សេរីនិយម​អន្តរជាតិ(Liberal International)ក៏បាន​ប្រកាស​អញ្ជើញ​សមាជិក​របស់ខ្លួន ដើម្បី​ចូលរួម​អមដំណើរ​ថ្នាក់ដឹកនាំ​អតីត​គណបក្សប្រឆាំង​វិល​ចូល​កម្ពុជា​វិញ និង ធានា​សុវត្ថិភាព​ដល់​ពួកគេ។ លើសពីនេះ​ទៀត ប្រធាន​អង្គការ​សេរីនិយម​អន្តរជាតិ គឺ លោកស្រី Hakima El Haite ក៏បាន​ប្រកាស​ផ្ទាល់មាត់​តែម្តង​ពី​ការគាំទ្រ​ដល់​ក្រុម​លោក​សម រង្ស៊ី និង បានបញ្ជាក់ច្បាស់ៗថា លោកស្រី​នឹងចូលរួម​អមដំណើរ​លោក​សម រង្ស៊ី និង មន្ត្រីជាន់ខ្ពស់​អតីត​បក្សប្រឆាំង​ផ្សេងទៀត​ចូលមក​ប្រទេស​កម្ពុជា​វិញ។

សូម​កត់សម្គាល់ថា អង្គការ​សេរីនិយម​អន្តរជាតិ(Liberal International) គឺជា​អង្គការ​អន្តរជាតិ​ទីមួយ​ហើយ​ដែល​បានប្រកាស​គាំទ្រ និង អមដំណើរ​ក្រុម​លោក​សម រង្ស៊ី ចូលមក​ប្រទេស​កម្ពុជា​វិញ។ កន្លងទៅថ្មីៗនេះ មាន​សមាជិកសភា​អឺរ៉ុប​ចំនួន៦ រូប​បានប្រកាសថា នឹងចូលរួម​អមដំណើ​រ​ក្រុម​លោក​សម រង្ស៊ី។ ក្រុម​លោក​សម រង្ស៊ី បាន​អះអាងថា នឹង​វិល​ចូល​ស្រុក​វិញ​ក្នុងអំឡុង​ខែសីហា ឫ​យ៉ាងយូរ​នៅក្នុង​ខែកញ្ញា​ខាងមុខនេះ។

ប៉ុន្តែ​ក្រុម​សមាជិកសភា​អឺរ៉ុប​ទាំងនេះ បាន​រង​នូវ​ការព្រមាន​ឱ្យ​គិតពិចារណា​ឡើង​ចំពោះ​ការសម្រេចចិត្ត​របស់​ពួកគេ​ពី​សំណាក់​ក្រសួងការបរទេស​កម្ពុ​ជា។ ក្រសួងការបរទេស​ក​ម្ពុ​ជាតា​មរយៈ​អ្នកនាំពាក្យ​កាលពី​សៅរ៍ បាន​បញ្ជាក់ថា បើសិន​សមាជិកសភា​អឺរ៉ុប​ទាំងនេះ​ពិតជា​ចូលមក​កម្ពុជា​ជាមួយ​លោក​សម រង្ស៊ី មែន នោះ​គឺ ជា​ទង្វើ​គ្មាន​លក្ខណៈ​ការទូត មិន​គោរព​អធិបតេយ្យភាព និង​នីតិរដ្ឋ​របស់​កម្ពុជា។ ដូច្នេះហើយ អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា​បាន​ស្នើឱ្យ​ពួកគេ​ត្រូវ​បញ្ឈប់​ជាបន្ទាន់​នូវ​ទង្វើ​ដែល​បង្កប់​ដោយ​ឧបាយកល​នយោបាយ និង​គ្មាន​លក្ខណៈ​ការទូត​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ