អានតួអត្ថបទ
កម្ពុជា

លោកសុខ ឥសាន​៖​ច្បាប់ថ្មី​មិន​ឲ្យ​ទណ្ឌិត​ជាប់ព័ន្ធ​នឹង​បក្ស​នយោបាយ​អាច​ចេញ​រូបរាង​ពី​៣​ទៅ​៤ខែ​ខាង​មុខ​

ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ថ្មី​ដែល​តម្រូវ​មិន​ឲ្យ​ទណ្ឌិត​មាន​សិទ្ធិ​ធ្វើ​សកម្មភាព​ជាប់​ទាក់ទង​នឹង​គណបក្ស​នយោបាយ​នៅក្នុង​ប្រទេស​កម្ពុជា​នោះ ​អាច​នឹង​ចេញ​រូបរាង​នៅ​ប្រមាណ​ជា​ពី​៣​ទៅ​៤​ខែ​ខាងមុខ​។​ នេះ​បើ​តាម​ការព្យាករណ៍​របស់​លោក​សុខ ឥសាន ​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​។ ​គម្រោង​ស្នើ​វិសោធនកម្ម​ច្បាប់​ស្តីពី​បក្ស​នយោបាយ​ថ្មីនេះ​ គឺ​ធ្វើឡើង​ការ​ស្នើ​លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន​ កាល​ពី​ថ្ងៃពុធ​។

លោក ​សុខ ឥសាន ដែល​ជា​អ្នក​តំណាង​រាស្ត្រ​ និង​ជា​អ្នក​នាំ​ពាក្យ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា។ ​
លោក ​សុខ ឥសាន ដែល​ជា​អ្នក​តំណាង​រាស្ត្រ​ និង​ជា​អ្នក​នាំ​ពាក្យ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា។ ​ សហការី
ផ្សាយពាណិជ្ជកម្ម

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោកសុខ ឥសាន ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ​នៅ​ពេលនេះ​ ក្រុម​អ្នកច្បាប់​របស់​គណបក្ស​កាន់​អំណាច​កំពុង​តែ​ពិភាក្សា​គ្នា​អំពី​ការ​ស្នើ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ដោយ​មិន​ឲ្យ​ទណ្ឌិត​មក​ជាប់​ពាក់ព័ន្ធ​នឹង​គណបក្ស​នយោបាយ​ទៀត​ឡើយ​។ ​ បើ​តាម​អ្នកនាំ​ពាក្យ​រូបនេះ ​បន្ទាប់ពី​ក្រុម​អ្នកច្បាប់​ពិភាក្សា ​និង​រៀបចំ​ចេញ​ជា​សេចក្តី​ស្នើ​វិសោធនកម្ម​ច្បាប់​រួចហើយ​នឹង​បញ្ជូន​ទៅ​កាន់​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​ដែល​នឹង​បញ្ជូន​បន្ត​ទៅ​គណៈកម្មការ​ជំនាញ​ដើម្បី​ពិនិត្យ​ជា​បន្ត​បន្ទាប់​ តាម​បទបញ្ជា​ផ្ទៃក្នុង​នៃ​រដ្ឋសភា​។

បើ​តាម​កត់សម្គាល់​ គោលដៅ​ពិតប្រាកដ​នៃ​គម្រោង​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្សនយោបាយ​ថ្មី​នេះ​ គឺសំដៅ​ទៅលើ​លោកសម រង្ស៊ី​តែម្តង​ បើទោះ​លោកហ៊ុន សែន​ដែល​ជា​ប្រធាន​គណបក្ស​ប្រជាជនកម្ពុជា​ដែល​បាន​ស្នើ​ឲ្យ​មាន​វិសោធកម្ម​ច្បាប់​នេះ​មិន​បញ្ចេញ​ឈ្មោះ​លោកសម រង្ស៊ី​ដោយផ្ទាល់​យ៉ាងណា​ក៏ដោយ​។ លោកហ៊ុន សែន ​បាន​លើក​ហេតុផល​ថា ​នេះ​គឺ​ដើម្បី​ធ្វើយ៉ាងណា​កុំ​ឲ្យ​ទណ្ឌិត​មក​ជាប់​ពាក់ព័ន្ធ​ជាមួយ​គណបក្ស​នយោបាយ​ទៀត​។ ​លោកហ៊ុន សែន ​បាន​សង្កត់ធ្ងន់​ថា​ ការ​ស្នើ​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ​ គឺ​មិនមែន​លោក​ខ្លាច​ទេ​ ប៉ុន្តែ​មិន​ចង់​ឲ្យ​ទណ្ឌិត​មក​ជាប់​ពាក់ព័ន្ធ​ជាមួយ​នឹង​សមិទ្ធផល​របស់​ប្រទេស​ជាតិ​។

គេ​នៅ​ចាំ​បាន​ថា ​កាល​ពីថ្ងៃ​ទី​២០ ​កុម្ភៈ​កន្លង​ទៅ ​រដ្ឋសភា​ដែល​មាន​តែ​សមាជិក​គណបក្ស​ប្រជាជនកម្ពុជា​បាន​អនុម័ត​លើ​សេចក្តី​ស្នើ​វិសោធនកម្ម​ច្បាប់​ពី​គណបក្ស​នយោបាយ​នេះ​ម្តង​រួច​មក​ហើយ​ ដោយ​បន្ថែម​ចំណុច​សំខាន់​ជា​អាទិ​ថា​ ថ្នាក់​ដឹកនាំ​ដែល​មាន​ទោស​ មិន​ត្រូវ​មាន​តួនាទី​ក្នុង​គណបក្ស​នយោបាយ​ឡើយ​។ វិសោធនកម្ម​ច្បាប់​នេះ​ បាន​ជំរុញ​ឲ្យ​លោក​សម រង្ស៊ី​សុំ​លាលែង​ពី​តំណែង​ជា​ប្រធាន​គណបក្ស​សង្រ្គោះជាតិ​តាំង​តែ​ពី​រដ្ឋសភា​មិន​ទាន់​អនុម័ត​ផង​ ដើម្បី​ការពារ​កុំ​ឲ្យ​ប៉ះពាល់​គណបក្ស​សង្រ្គោះជាតិ​នៅ​ពេល​ច្បាប់​នេះ​ប្រកាស​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នោះ​។

ចំពោះ​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ទាំង​លើក​មុន​ និង​ទាំង​គម្រោង​ធ្វើ​លើក​នេះ ​លោក​សម រង្ស៊ី​អះអាង​ថា ​គឺ​ដើម្បី​ចង់​កម្ចាត់​លោក​ចេញ​ពី​ឆាក​នយោបាយ​កម្ពុជា​។ ​លោក​សម រង្ស៊ី ​បាន​សង្កត់ធ្ងន់​ត្រង់ចំណុច​នេះ​ថា​ អ្នក​ដែល​មាន​គំនិត​បែបនេះ​ ជា​មនុស្ស​ល្ងង់​ផុត​លេខ​ពីព្រោះ​ថា​ សម័យ​នេះ​មិន​អាច​រារាំង​ឬ​ក៏​ទប់ស្កាត់​ការ​ផ្សព្វផ្សាយ​ការ​ពិត ​គំនិត​ស្នេហា​ជាតិ​ គំនិត​យុត្តិធម៌​ និង​គំនិត​ជឿនលឿន​បានទេ​តាមរយៈ​បច្ចេកវិទ្យា​ទំនើប​ ដូចជា​ អ៊ីនធើណេត​ (Internet)​ និង​ ហ្វេសប៊ុក​ (Facebook)​។ ​ទោះបី​មិន​បង្ហាញ​ឈ្មោះ​ឲ្យ​ចំ​តែ​បែប​ទំនង​សំដៅ​ទៅកាន់​លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន​វិញ ​លោកសម រង្ស៊ី​ថា​មនុស្ស​បែបនេះ ​ក៏ជា​ជន​ផ្តាច់ការ​យ៉ាងព្រៃផ្សៃ​ថែមទៀត​ ពីព្រោះ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​គេ​មិន​ដែល​ធ្វើ​ច្បាប់ ​ដើម្បី​គ្រាន់តែ​សំដៅ​ក្នុង​គោលបំណង​កម្ចាត់​បុគ្គលណា​ម្នាក់​នោះទេ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ