ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 10/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 10/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 10/12 12h00 GMT
កម្ពុជា

អ្នក​នយោបាយ​ខ្មែរ​ប្រើ​ហ្វេសប៊ុក​ជូនពរ​ដល់​ប្រជាពលរដ្ឋ​នៅក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​

media  
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​ @Samdech Hun Sen, Cambodian Prime Minister

ថ្ងៃ​អង្គារ​នេះ ​គឺ​ជា​ថ្ងៃ​ភ្ជុំបិណ្ឌ​របស់​ខ្មែរ​។ ​អ្នក​នយោ​បាយ​ខ្មែរ​ទាំង​គណបក្ស​កាន់​អំណាច ​អតីត​បក្ស​ប្រឆាំង​ និង​គណបក្ស​មិន​ជាប់ឆ្នោត​ខ្លះ​ទៀត​ បាន​ប្រើប្រាស់​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន ​ដើម្បី​ជូនពរ​ដល់​ប្រជា​ពលរដ្ឋ​ទាំងអស់​ឲ្យ​ជួប​តែ​សេចក្តី​សុខ​សប្បាយ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​។ ក្នុងនោះ ​ក៏មាន​ដែរ​ ការ​អំពាវនាវ​កុំ​ឲ្យ​ពលរដ្ឋ​ផឹក​ស្រា​លើស​កម្រិត ​និង​ លុបបំបាត់​ចោល​នូវ​វប្បធម៌​លាប​ពណ៌​គ្នា។​

លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន ​មិន​បាន​ចូលរួម​ក្នុង​បុណ្យ​ភ្ជុំបិណ្ឌ​នៅ​ឆ្នាំនេះ​ទេ​ ដោយសារ​តែ​លោក​ជាប់​បំពេញ​បេសសក​កម្ម​នៅក្នុង​ប្រទេស​ជប៉ុន​។ ​តែ​ទោះជាបែបនេះ​ក្តី ​លោក​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​តាម​រយៈ​ហ្វេសប៊ុក​កាលពី​ថ្ងៃចន្ទ​ បាន​ជូនពរ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ ដែល​បាន​ទៅ​លេង​ស្រុក​កំណើត​ឲ្យ​បាន​សប្បាយ​រីករាយ​ក្នុង​ពេល​ភ្ជុំបិណ្ឌ​នេះ ​និង​សូម​ឲ្យ​មាន​សុវត្ថិភាព​ក្នុង​ការ​ធ្វើ​ដំណើរ​ជិតឆ្ងាយ​។

ជាមួយ​នឹង​ការ​ជូនពរ​នេះ ​លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន ​ក៏​បាន​ផ្តល់​កាដូពីរ​ ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ ជា​ពិសេ​ស​កម្មករ​ កម្មការិនី ​ផងដែរ​ នៅក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ។​ កាដូ​ទីមួយ​ គឺ​លោក​បាន​បញ្ជា​ឲ្យ​សាលា​រាជធានី​ភ្នំពេញ ​រៀបចំ​រថយន្ត​ក្រុង​សាធារណៈ​ជា​ច្រើន​គ្រឿង ​ដើម្បី​ដឹកជញ្ជូន​ពលរដ្ឋ​ទៅ​លេង​ស្រុក​កំណើត​ដោយ​មិន​គិត​ថ្លៃ។​ ចំណែក​កាដូ​ទីពីរ ​គឺ​លោក​បាន​រៀបចំ​ឲ្យ​កម្មករ ​កម្មការិនី ​ទទួល​បាន​ប្រាក់ខែ​កាន់​តែ​ច្រើន​ជាង​ឆ្នាំ​មុន ​និង​បាន​ឲ្យ​ថៅកែ​បើក​ប្រាក់ខែ​កន្លះ​ខែម្តង​។ ​នេះ​បើ​តាមហ្វេសប៊ុក​របស់​លោក​នាយករដ្ឋ​មន្រ្តី។​

ចំណែក​លោក​យ៉ែម បុញ្ញឫទ្ធិ ​ដែល​ជា​មន្រ្តី​ជាន់​ខ្ពស់​អតីត​គណបក្ស​សង្រ្គោះជាតិ​វិញ​ បើ​ទោះបី​លោក​មិនបាន​ចូលរួម​បុណ្យ​ភ្ជុំបិណ្ឌ​នៅ​ឆ្នាំនេះ​ក៏ដោយ ​ក៏លោក​បាន​ជូនពរ​ពលរដ្ឋខ្មែរ​ដូច​លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន​ដែរ​។ ​តាមរយៈ​ទំព័រហេ្វសប៊ុក​នៅ​ថ្ងៃអង្គារ​នេះ ​លោក​យ៉ែម បុញ្ញឫទ្ធិ ​បាន​បួងសួង ​និង​ជូនពរ​ប្រជា​ពល​រដ្ឋ​ខ្មែរ​ទាំងអស់​ឲ្យ​មាន​សុខភាព​ល្អ​បរិបូណ៍​ សុភមង្គល​​ និង​មាន​ស្មារតី​គិត​ជាតិ​។​ ក្រៅពី​ការ​ជូនពរ​ លោក​យ៉ែម បុញ្ញឫទ្ធិ ​ក៏បាន​ផ្ញើសារ​នយោបាយ​ផងដែរ ​ដោយ​អំពាវនាវ​ឲ្យ​លុប​បំបាត់​ចោល​នូវ​វប្បធម៌​លាបពណ៌​ ​មួលបង្កាច់​​ និង​ជេរប្រមាថ​គ្នា​ ​ដើម្បី​អាច​ឈាន​ទៅ​រក​ការ​ផ្សះផ្សា​ជាតិ​ខ្មែរ​។

ដោយឡែក​ ក្រៅពី​អ្នក​នយោបាយ​បក្ស​កាន់​អំណាច ​និង​អតីត​បក្ស​ប្រឆាំង ​លោក​ពេជ្រ ស្រស់ ​ដែល​ជាប្រធាន​គណបក្ស​យុវជន​កម្ពុជា​ក៏បាន​ជូន​ដល់​ពលរដ្ឋ​ខ្មែរ​ដូចគ្នា​ផង​ដែរ​។ ​តាមរយៈ​ហ្វេសប៊ុក​កាលពី​ថ្ងៃ​ចន្ទ ​លោក​ពេជ្រ ស្រស់ ​បាន​ជូនពរ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ជួប​តែ​សេចក្តី​សុខ​គ្រប់​ក្រុមគ្រួសារ ​និង​ធ្វើ​ដំណើរជិត​ ឆ្ងាយ​មាន​សុវត្ថិភាព​ទាំង​ទៅ ​និង​ មក​។ ​បន្ថែម​លើនេះ ​ ប្រធាន​គណបក្ស​យុវជន​កម្ពុជា ​ក៏​បាន​អំពាវនាវ​កុំឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ ​ពិសារ​ស្រា​លើស​កម្រិត ​ដើម្បី​ទប់ស្កាត់​គ្រោះថ្នាក់​នៅក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ៕​

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ