ស្ត្រីសាច់ញាតិសកម្មជនបរិស្ថាន ខកខានទៅលុតជង្គង់សុំអន្តរាគមន៍នៅមុខផ្ទះនាយករដ្ឋមន្ត្រី
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៨:១៧
នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ស្ត្រីបីនាក់ដែលជាប្រពន្ធ និង ម្តាយរបស់សកម្មជនបរិស្ថានដែលត្រូវបានតុលាការខេត្តកោះកុងចាប់ដាក់ពន្ធនាគារ បានដើរកាន់ព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្ររូបថតលោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងភរិយា ព្រមទាំងរូបថតសកម្មជនបរិស្ថានបីនាក់ ពីវត្តភ្នំសំដៅទៅកាន់ផ្ទះរបស់លោកហ៊ុន សែន ។ គោលបំណង គឺដើម្បីទៅលុតជង្គង់សំពះសុំឲ្យលោកនាយករដ្ឋមន្ត្រី ជួយជំរុញឲ្យតុលាការខេត្តកោះកុងពន្លឿនបើកសវនាការលើសំណុំរឿងសកម្មជនបរិស្ថានដែលកំពុងឃុំអស់រយៈពេលជាង៧ខែមកហើយ។ ក៏ប៉ុន្តែក្តីរំពឹងមិនដូចការគិតឡើយ ពោល គឺពួកគេត្រូវបានរារាំងដោយអាជ្ញាធរ និង ប៉ូលីសបង្ក្រាបបាតុកម្មប្រមាណជា៥០នាក់ ទាំងមិនបានទៅដល់ក្បែររបងផ្ទះលោកនាយករដ្ឋមន្ត្រីផង។