ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 17/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 16/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/09 12h00 GMT
general

លោក ​សម រង្ស៊ី ​ប្រកាស​បន្ត​សកម្មភាព​របស់​ខ្លួន​ បើ​ទោះ​តុលាការ​កម្ពុជា​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​៨​ឆ្នាំ​ថែម​ទៀត​

media  
លោក​សម រង្ស៊ី ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ នៅ​ទីលាន​ប្រជាធិបតេយ្យ ថ្ងៃ​ទី​១៩ កក្កដា​ ឆ្នាំ​២០១៣​។ @RFI

លោក ​សម រង្ស៊ី ​ប្រធាន​ស្តីទី​អតីត​គណបក្ស​សង្រ្គោះ​ជាតិ ​កាល​ពី​ថ្ងៃទី ​០៣​ ឧសភា​ បាន​បន្ត​ផ្គើន​សាល​ក្រម​កំបាំង​មុខ​របស់​តុលាការ​ក្រុង​ភ្នំពេញ​ថា ​លោក​នឹង​មិន​បញ្ឈប់​សកម្ម​ភាព​របស់​ខ្លួន​ ដោយ​បន្ត​អំពាវនាវ​ឲ្យ​កង​ទ័ព​ឈប់​ស្តាប់​បញ្ជា​របស់​រដ្ឋាភិបាល​កម្ពុជា​នោះ​ឡើយ​។ ​សូម​បញ្ជាក់​ថា ​តុលាការ​ក្រុង​ភ្នំពេញ ​កាល​ពីថ្ងៃទី ​០២ ​ឧសភា​ ទើប​តែ​បា​ន​កាត់​ទោ​ស​​កំ​បាំង​មុខ​លោ​ក​ សម​ រង្ស៊ី ​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​៨​ឆ្នាំ​ថែម​ទៀត​ នៅ​ក្នុង​សំណុំ​​រឿង​ថ្មី​ចំនួន​ពីរ​។  

ដោយ​មិន​ព្រម​ចុះញ៉ម​ចំពោះ​សម្ពាធ​តាម​ផ្លូវ​តុលាការ​ លោក​ សម​ រង្ស៊ី​​ប្រធាន​ស្តីទី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ​បាន​បន្ត​ផ្គើន​នឹង​សាល​ក្រម​របស់​តុលាការ​ក្រុង​ភ្នំពេញ​ ដែល​កាល​ពី​ថ្ងៃទី ​០២ ​ឧសភា ​កន្លង​ទៅ​នេះ ​ទើប​បាន​កាត់​ទោស​អតីត​ប្រធាន​គណបក្ស​ប្រឆាំង​រូប​នេះ ​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​៨​ឆ្នាំ​បន្ថែម​ទៀត​។ ​សម្រាប់​លោក​ សម ​រង្ស៊ី ​វា​គឺ​ជា​កិត្តិយស​វិញ​ទេ ​ដែល​លោក​ត្រូវ​បាន​របប​ក្រុង​​ភ្នំពេញ​​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​ច្រើន​ឆ្នាំ​បែប​នេះ​។ ​នេះ​បើ​តាម​សំណេរ​របស់​លោក​ សម ​រង្ស៊ី ​តាម​រយៈ​គណនីយ​ហ្វេស​បុក​ផ្លូវការ​របស់​លោក​ កាល​ពី​ថ្ងៃទី ​០៣ ​ឧសភា​។ ​លោក ​សម រង្ស៊ី ​គូស​​បញ្ជាក់​​បន្ថែម​​ថា​ ការ​កាត់​ទោស​ឲ្យ​លោក​ជាប់​ពន្ធនាគារ​ច្រើន​ឆ្នាំ​បែប​​នេះ​ ធ្វើ​ឡើង​ដោយ​គ្រាន់​តែ​លោក​ធ្វើ​សកម្មភាព​នយោបាយ​ដោយ​សន្តិវិធី​បែប​នេះ ​បាន​បង្ហាញ​ថា ​លោក​កំពុង​តែ​ធ្វើ​ត្រូវ ​ដោយ​ខិត​ខំ​ទាមទារ​សេរីភាព​ជូន​ប្រជារាស្ត្រ​ខ្មែរ​ទាំង​មូល​។ ​នេះ​បើតា​ម​សំណេរ​របស់​លោក ​សម រង្ស៊ី​។

សូម​រំលឹក​ជូន​ថា ​កាល​ពី​ថ្ងៃទី ​០២​ ឧសភា ​ឆ្នាំ ​២០១៩​នេះ ​លោក ​សម ​រង្ស៊ី ​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​កាត់​ទោស​កំបាំង​មុខ ​ឲ្យ​លោក​ជាប់​ពន្ធនាគារ​រយៈពេល​៨​ឆ្នាំ ​នៅ​ក្នុង​សំណុំ​រឿង ​ប្រមាថ​ព្រះមហាក្សត្រ ​និង​ញុះញង់​កុំ​ឲ្យ​យោធិន​ស្ដាប់​បង្គាប់​។ ​ជា​បណ្តឹង​ពីរ​ចុង​ក្រោយ ​បន្ថែម​លើ​បណ្តឹង​យ៉ាង​តិច​១០​ករណី​ទៀត ​ប្រឆាំង​នឹង​លោក ​សម រង្ស៊ី​ នៅ​ក្នុង​តុលាការ​។

ដោយ​ផ្គើន​នឹង​ការ​កាត់​ទោស​របស់​តុលាការ​ក្រុង​ភ្នំពេញ​នេះ ​លោក​ សម​ រង្ស៊ី ​បាន​អះ​អាង​ថា ​លោក​នឹង​នៅ​តែ​បន្ត​និង​រឹតតែ​អំពាវនាវ​និង​លើក​ទឹក​ចិត្ត​ដល់​កងកម្លាំង​ប្រដាប់​អាវុធ ​ឲ្យ​ឈប់​ស្តាប់​និង​ឈប់​ការពារ ​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន​។ ​លោក ​ហ៊ុន សែន ​ដែល​លោក​សម ​រង្ស៊ី ​បាន​ហៅ​ពេញៗ​មាត់​ថា ​ជា​មេដឹកនាំ​ផ្តាច់ការ​។ ​នេះ​បើ​តាម​សំណេរ​របស់​លោក ​សម រង្ស៊ី​៕​

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ