ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 10/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 10/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 10/12 12h00 GMT
កម្ពុជា

លោក​​សម រង្ស៊ី​៖​ការ​យក​​លោក​​កឹម សុខា ​ទៅ​​កាត់ទោស​​មិនមែន​ជា​​ដំណោះស្រាយ​​ដែល​​អឺរ៉ុប​​ចង់​​បា​នទេ​

media  
លោក សម រង្ស៊ី ប្រធាន​ស្ដី​ទី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ REUTERS

ប្រធានស្តីទី​អតីត​បក្ស​សង្គ្រោះ​ជាតិ លោក​សម រង្ស៊ី កាលពី​យប់មិញ​បានលើកឡើង​ពី​បញ្ហា១០ចំណុច​ដែល​ជួយ​ស្តារ​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា និង​បញ្ចៀស​ទណ្ឌកម្ម​ពាណិជ្ជកម្ម​ពី​អឺរ៉ុប។ ក្នុង១០ចំណុច​នេះ លោក​សម រង្ស៊ី ក៏បាន​គូស​បញ្ជាក់ដែរថា ការយក​លោក​កឹម សុខា​ទៅ​កាត់ទោស​ហើយ​ក្រោយមក​លើកលែងទោស​វិញ គឺ​មិនមែនជា​ដំណោះស្រាយ​ដែល​អឺរ៉ុប​ចង់បាន​ទេ។ ប៉ុន្តែ លោក​សុខ ឥសាន អ្នកនាំពាក្យ​បក្ស​កាន់អំណាច​ថា លោក​សម រង្ស៊ី មិន​ចង់ឱ្យ​លោក​កឹម សុខា រួច​ទោស​នោះទេ។

​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន លោក​សម រង្ស៊ី បានលើកឡើង​ដូច្នេះ​ថា បើ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន មានៈ​យក​លោក​កឹម សុខា ទៅ​កាត់ទោស ហើយ​ក្រោយពី​ការកាត់ទោស​ហើយ​នោះ ស្រាប់តែ​លោក​ហ៊ុន សែន ស្នើឱ្យ​ព្រះមហាក្សត្រ​លើកលែងទោស​ឱ្យ​លោក កឹម សុខា យ៉ាងណាក៏ដោយ ក៏​សហភាព​អឺរ៉ុប​មិនអាច​ទទួលយក​បានទេ។ មិនអាច​ទទួលយកបាន បើតាម​លោក​សម រង្ស៊ី គឺ​ដោយសារតែ​ដំណោះស្រាយ​នេះ​ជា​បាយឡុកបាយឡ ពីព្រោះ​វា​មិន​នាំមក​នូវ​ការស្តារ​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ​បានឡើយ។ ជាមួយគ្នានេះ លោក​សម រង្ស៊ី ក៏បាន​គូស​បញ្ជាក់ដែរថា លោក​ហ៊ុន សែន មិនអាច​បង្ហាញ​ភស្តុតាង​អ្វី ឬ​សាក្សី​ណា​ដែល​សហភាព​អឺរ៉ុប​អាច​ជឿ​បាន ហើយ​ដែល​អាច​បញ្ជាក់ថា​លោក កឹម សុខា បានធ្វើ​ខុស​ដូច​ចោទប្រកាន់។

ក៏ប៉ុន្តែ ការលើកឡើង​នេះ ត្រូវបាន​លោក​សុខ ឥសាន ដែលជា​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​អះអាងថា លោក​សម រង្ស៊ី មិន​ចង់ឱ្យ​លោក​កឹម សុខា​រួច​ពី​នីតិវិធី​របស់​តុលាការ​ទេ ដោយសារតែ​ខ្លាច និង​ព្រួយបារម្ភ​លោក​កឹម សុខា ចេញ​ចោល​ដោយ​ទុកឱ្យ​លោក​សម រង្ស៊ី ឯកោ​នៅតែ​ម្នាក់ឯង។

លោក​កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បានប្រកាស​បិទ​បញ្ចប់​ការស៊ើបអង្កេត​លើ​សំណុំរឿង​របស់លោក​កាលពី​ថ្ងៃទី ១៥ ខែវិច្ឆិកា កន្លងទៅ។ ការប្រកាស​បិទ​ការស៊ើបអង្កេត​នេះ ធ្វើឡើង​មិន​ដល់​មួយ​សប្តាហ៍​ផង​ទេ​ក្រោយ​ពី​លោក​ត្រូវបាន​តុលាការ​ពង្រីក​សេរីភាព​ឱ្យ​ដើរហើរ​បាន​តាមចិត្ត​នៅក្នុង​ប្រទេស​កម្ពុជា។ ការប្រកាស​បិទ​ការស៊ើបអង្កេត​នេះ​ទៀតសោត ក៏បាន​ធ្វើឡើង​បន្ទាប់ពី​សហភាព​អឺរ៉ុប​បាន​ផ្ញើ​របាយការណ៍​បឋម​ស្តីពី​ការផ្អាក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBAជា​បណ្តោះអាសន្ន​សម្រាប់​ក​ម្ពុ​ជា​កាលពី​ថ្ងៃទី១២ ខែវិច្ឆិកា និង ទុកពេល១ខែ​ឱ្យ​ភាគី​កម្ពុជា​ធ្វើការ​ឆ្លើយតប។

សម្រាប់​លោក​សម រង្ស៊ី របាយការណ៍​របស់​ស​ហ​ភាព​អឺរ៉ុប​នេះ​អាច​នឹង​ជួយ​ជំរុញ​ឱ្យ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​ខិត​ទៅរក​ទីបញ្ចប់។ ទោះជា​បែបនេះ​ក្តី លោក​ក៏​នៅតែ​ចោទ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ថា ចង់​បំបែក​លោក​កឹម សុខា ពី​រូបលោក ដើម្បី​ប្រាប់​ទៅ​សហភាព​អឺរ៉ុប​វិញ​ថា មិនចាំបាច់​ទាមទារ​ឱ្យ​អតីត​បក្ស​សង្គ្រោះ​ជាតិ​ដំណើរការ​ឡើងវិញ​ទេ ពីព្រោះ​គណបក្ស​នេះ​កំពុងតែ​បែកបាក់​គ្នា និង​កំពុងតែ​រលាយ​ដោយ​ខ្លួនឯង។ ប៉ុន្តែ លោក​សុខ ឥសាន ចាត់ទុក​ការលើកឡើង​របស់លោក​សម រង្ស៊ី​នេះ​ថា ជាការ​ខិតខំ​អូសទាញ​លោក​កឹម សុខា ឱ្យមក​ជាប់​ជាមួយ​ខ្លួន។ តែ​ទោះជា​យ៉ាងណា លោក​ថា មិនអាច​ទៅរួច​ឡើយ ដោយសារ​មនុស្ស២នាក់​នេះ​ចែកដាច់​ពីគ្នា​ស្រឡះ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ