អានតួអត្ថបទ
កម្ពុជា

អង្គការ​តម្លាភាព​កម្ពុជា៖ ​យុវជន​មិន​សូវ​យល់​ដឹង ​ឬ​យល់​ដឹង​តិច​តួច ​ពី​ច្បាប់​និង​បទ​បញ្ញត្តិ​ក្នុង​ការ​ប្រឆាំង​អំពើ​ពុក​រលួយ​​

 របាយ​ការណ៍​​របស់​​អង្គការ​​តម្លាភាព​​កម្ពុជា ​ដែល​​ទើប​តែ​​ចេញ​ផ្សាយ​​ក្នុង​​សប្ដាហ៍​​នេះ ​​បាន​​បង្ហាញ​​ថា ​​៩៩​ភាគរយ​​នៃ​​យុវជន​​ដែល​​ត្រូវ​បាន​​ស្ទង់​​មតិ ​ឯកភាព​​ថា ​អំពើពុក​រលួយ​​​ជា​​ឧបសគ្គ​​​ដ៏​​ធំ​​​មួយ​ ​ដល់​​ការ​​អភិវឌ្ឍ​​ជាតិ។​ ​ប៉ុន្តែ​​ជា​មួយ​គ្នា​នេះ​ដែរ ​​យុវជន​​ម្នាក់​​​ក្នុង​​ចំណោម​​២​​នាក់​​ គឺ​​​ធ្លាប់​​បាន​​​ឆ្លង​កាត់​​អំពើ​ពុក​រលួយ​​នៅ​ក្នុង​​ការ​សុំ​​ឯកសារ​​ និង​​នៅ​ក្នុង​​សាលា។​ ​​បើ​ផ្អែក​​តាម​​របាយ​ការណ៍​​​ដដែល​ ​​​យុវ​ជន​​ខ្មែរ​​មិន​សូវ​​យល់ដឹង ​ឬ​​យល់ដឹង​​តិចតួច​​បំផុត ​អំពី​​ច្បាប់​​និង​​បទបញ្ញត្តិ​របស់​​​រដ្ឋាភិបាល ​ក្នុង​ការ​​លើក​ស្ទួយ​​សុចរិត​​ភាព​ និង​​បង្ការ​​អំពើពុក​រលួយ។​​ 

អង្គការតម្លាភាពកម្ពុជាចេញផ្សាយរបាយការណ៍ស្តីពីយុវជនមិនសូវយល់ដឹង ឬយល់ដឹងតិចតួច ពីច្បាប់និងបទបញ្ញត្តិក្នុងការប្រឆាំងអំពើពុករលួយ
អង្គការតម្លាភាពកម្ពុជាចេញផ្សាយរបាយការណ៍ស្តីពីយុវជនមិនសូវយល់ដឹង ឬយល់ដឹងតិចតួច ពីច្បាប់និងបទបញ្ញត្តិក្នុងការប្រឆាំងអំពើពុករលួយ RFI/ សហការី
ផ្សាយពាណិជ្ជកម្ម

ដើម្បី​ស្វែងយល់​និង​ប៉ាន់ប្រមាណ​ឥរិយាបថ ព្រមទាំង​ការយល់ឃើញ​អំពី​សុចរិត​ភាព និង​អំពើ​ពុក​រលួយ​នៅក្នុង​ចំណោម​ក្រុមយុវជន អង្គការ​តម្លាភាព​កម្ពុ​ជា​បានធ្វើ​ការស្ទង់មតិ​ថ្នាក់ជាតិ​មួយ ស្ដីអំពី​ការយល់ឃើញ​របស់​យុវជន អំពី​អំពើពុករលួយ និង​សុចរិត​ភាព​នៅ​កម្ពុជា។ ការស្ទង់មតិ​នោះ ត្រូវបានធ្វើ​ទៅលើ​យុវជន​ដែលមាន​អាយុ​ពី១៥ដល់៣០ឆ្នាំ ចំនួន១២០០នាក់ ក្នុង​ខេត្ត​ក្រុង​​ចំនួន។

 

របាយការណ៍​​នៃ​ការស្ទង់មតិ ដែល​ទើបតែ​ត្រូវបាន​ចេញផ្សាយ​ជា​ផ្លូវការ​នៅ​ក្នុង​សប្ដាហ៍​​នេះ បាន​បង្ហាញ​ឲ្យ​ឃើញថា ៩៩ភាគរយ​នៃ​អ្នក​ដែល​ត្រូវបាន​ស្ទង់​មតិ ឯកភាព​ថា អំពើពុករលួយ​ជា​ឧប​​សគ្គ​ដ៏​ធំ​មួយ ដល់​ការអភិវឌ្ឍ​ជាតិ។ ប៉ុន្តែ​ជាមួយគ្នានេះ បើតាម​របាយការណ៍ យុវជន​ម្នាក់​ក្នុងចំណោម២នាក់ ធ្លាប់បាន​ឆ្លងកាត់​អំពើពុករលួយ ក្នុងការ​ព្យាយាម​សុំ​ឯកសារ​ឬ​អាជ្ញាប័ណ្ណ និង​នៅក្នុងពេល​ប្រឡង​នៅ​សាលារៀន។

៩៨ភាគរយ​នៃ​យុវជន​ដែល​ត្រូវបាន​ស្ទង់​មតិ​យល់ថា មនុស្ស​មាន​សុចរិត​ភាព គឺជា​អ្នក​ដែល​មិន​ប្រព្រឹត្ត​ខុសច្បាប់ ទោះ​ក្នុងស្ថានភាព​បែបណាក៏ដោយ។ យ៉ាងណាក៏ដោយ ៤០ភាគរយ​នៃ​អ្នក​ដែល​ត្រូវបាន​ស្ទង់​មតិ ក៏​ជឿ​ដែរ​ថា មនុស្ស​មាន​សុចរិត​ភាព អាច​ចូលរួម​ប្រព្រឹត្ត​អំពើពុករលួយ ដើម្បី​ដោះស្រាយ​បញ្ហាលំបាក​ផ្ទាល់ខ្លួន​ផងដែរ។

បើ​ផ្អែក​តាម​របាយការណ៍​ដដែល យុវជន៧១ភាគរយ បាន​រាយការណ៍​ថា ពួកគេ​មិនសូវ​យល់​ដឹង ឬ​យល់ដឹង​តិចតួច​បំផុត អំពី​ច្បាប់​និង​បទបញ្ញត្តិ​របស់​រដ្ឋាភិបាល ក្នុងការ​លើកស្ទួយ​សុចរិត​ភាព និង​បង្ការ​អំពើពុករលួយ។

ទន្ទឹមនឹង​ការរកឃើញ​អស់ទាំង​នេះ អង្គការ​តម្លាភាព​កម្ពុ​ជា​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​បង្កើត​ឲ្យ​មានច្បាប់​ស្ដីពី​ការការពារ​អ្នករាយការណ៍​អំពី​អំពើពុករលួយ។ ជា​ច្បាប់ ដែល​បើតាម​អង្គការ​តម្លាភាព​កម្ពុជា គឺអាច​បង្កើត​បរិយាកាស​អំណោយផល​មួយ​សម្រាប់​ឲ្យ​យុវជន រាយការណ៍​ក៏ដូចជា​ប្រឆាំង​អំពើពុករលួយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ