ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 10/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 10/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 10/12 12h00 GMT
កម្ពុជា

ស្អែក​នេះ​ កម្ពុជា​​នឹង​​រៀបចំ​​ប្រារព្ធ​​ខួប​៦ឆ្នាំ​​នៃ​​ការ​​សោយ​​ទិវង្គត​​របស់​​សម្តេច​​ សីហនុ​​នៅ​​ទូទាំង​ប្រទេស​

media  
ថ្ងៃទី​១៥ ​ខែតុលា ឆ្នាំ២០១៨ ​ជា​គម្រប់​ខូប​៦ឆ្នាំ​នៃ​ការ​យាង​សោយ​ទិវង្គត់​របស់​ព្រះ​ករុណា ​ព្រះ​បរមរតនកោដ្ឋ​ នរោត្តម ​សីហនុ​ @ Royal Du Cambodge

ថ្ងៃទី១៥ ខែតុលា ស្អែក​នេះ គឺជា​ខួប៦ឆ្នាំ​នៃ​ការយាង​សោយ​ទិវង្គត​របស់​ព្រះ​បរម​រតន​កោដ្ឋ សម្តេច ព្រះ​នរោត្តម សីហនុ ព្រះមហាវីរក្សត្រ​កម្ពុជា។ នៅ​ថ្ងៃស្អែក​នេះ រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​ព្រះបរមរាជវាំង នឹង​ប្រារព្ធ​ខួប​នេះ​នៅ​ទូទាំងប្រទេស ដោយមាន​ការរៀបចំ​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​នៅ​ទីតាំង​តម្កល់​រូបសំណាក់​ព្រះអង្គ​ជិត​វិមានឯករាជ្យ និង​ណែនាំ​គ្រប់​វត្ត​អារាម​ឲ្យ​រៀបចំ​ពិធី​គោរព និង​ឧទ្ទិស​ថ្វាយ​ព្រះរាជ​កុសល​ដល់​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះអង្គ​ផងដែរ។

នៅ​ឆ្នាំនេះ រដ្ឋាភិបាល​កម្ពុជា និង​ព្រះបរមរាជវាំង​នឹង​រៀបចំ​ប្រារព្ធ​ខួប៦ឆ្នាំ​នៃ​ការយាង​សោយ​ទិវង្គត​របស់​ព្រះ​បរម​រតន​កោដ្ឋ សម្តេច ព្រះ​នរោត្តម សីហនុ ដូចឆ្នាំមុនៗដែរ នៅ​ថ្ងៃទី១៥ខែតុលា។ ព្រះបរមរាជវាំង​តាមរយៈ​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ-អន្តរជាតិ នឹង​រៀបចំ​ឲ្យ​មាន​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះ​បរម​រតន​កោដ្ឋ នៅ​ទីតាំង​តម្កល់​រូបសំណាក់​របស់​ព្រះអង្គ ដែល​ស្ថិតនៅ​ខាងកើត​វិមានឯករាជ្យ។ ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​នេះ នឹង​ធ្វើឡើង​ចាប់ពី​វេលា​ម៉ោង ៧និង៣០នាទី​ព្រឹក​តទៅ។

ជាមួយគ្នានេះ ព្រះបរមរាជវាំង​ក៏បាន​ណែនាំ​រដ្ឋបាល​រាជធានី-ខេត្ត​នៅ​ទូទាំងប្រទេស ឲ្យ​ដាក់តាំង​ព្រះ​បរម​ឆាយាល័ក្ខណ៍​ព្រះ​បរម​រតន​កោដ្ឋ ដោយ​ប្រើប្រាស់​ព្រះ​បរម​ឆាយាល័ក្ខណ៍​ថ្មី មិន​ស្លក់​ពណ៌ បំភ្លឺ​ភ្លើងពណ៌ និង​តុបតែង​លម្អ​ទង់ជាតិ ទង់សាសនា ទង់​ព្រះមហាក្សត្រ ទង់​ក្អែប បដា ពាក្យស្លោក តាម​បណ្តា​មន្ទីរ អង្គភាព ក្រុមហ៊ុន រោងចក្រ សហគ្រាស គ្រឹះស្ថានសាធារណៈ សាលារៀន និង​បំផុស​ប្រជារាស្ត្រ​ឲ្យ​ចង​ទង់ជាតិ​គ្រប់​គេហដ្ឋាន​ឲ្យ​បានគ្រប់ៗគ្នា។

ក្រៅពីនេះ ព្រះបរមរាជវាំង​ក៏បាន​ណែនាំ​ដល់​ក្រសួង​ធម្មការ​និង​សាសនា ឲ្យ​ណែនាំ​បន្ត​ដល់​គ្រប់​វត្ត​អារាម និង​កន្លែង​សាសនា​ដទៃទៀត រៀបចំ​ពិធី​គោរព​និង​ឧទ្ទិស​ថ្វាយ​ព្រះរាជ​កុសល​ដល់​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​បរម​រតន​កោដ្ឋ។ ចំពោះ ក្រសួង​ព័ត៌មាន​វិញ ព្រះបរមរាជវាំង​បាន​តម្រូវ​ឲ្យ​ចាត់តាំង​រៀបចំ​កម្មវិធី​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ តាម​វិទ្យុ ទូរទស្សន៍​ជាតិ និង​ឯកជន អំពី​ព្រះរាជ​ជីវប្រវត្តិ ព្រះរាជ​សកម្មភាព និង​ស្នា​ព្រះហស្ត​របស់​សម្តេចព្រះ​នរោត្តម សីហនុ ចំពោះ​ជាតិ សាសនា និង​ប្រជារាស្ត្រ។ បន្ថែម​លើ​នេះ ព្រះបរមរាជវាំង​ក៏បាន​ប្រាប់​ឲ្យ​ក្រសួងការបរទេស ណែនាំ​គ្រប់​ស្ថាន​អគ្គរាជទូត​និង ស្ថាន​កុងស៊ុល​កម្ពុជា​ប្រចាំ​នៅក្រៅ​ប្រទេស ឲ្យ​ប្រារព្ធ​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា «ព្រះ​បរម​រតន​កោដ្ឋ» ឲ្យ​បាន​សមរម្យ​ផងដែរ។

សូម​រំឭកថា ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​នរោត្តម សីហនុ ព្រះមហាវីរក្សត្រ​របស់​កម្ពុជា​បាន​យាង​សោយ​ទិវង្គត​កាលពី​ថ្ងៃទី១៥ ខែ តុលា ឆ្នាំ ២០១២ នៅ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន ក្នុង​ព្រះ​ជន្មាយុ៩០ ព្រះវស្សា។ អតីតព្រះមហាក្សត្រ​កម្ពុ​ជា គឺជា​ឥស្សរជន​លេចធ្លោ​បំផុត​នៅក្នុង​ឆាកនយោបាយ​កម្ពុជា​ក្នុង​រយៈកាល​ប្រមាណ​ជា៧ទសវត្សរ៍​កន្លងទៅ ហើយក៏​ជា​សាក្សី​ដ៏​សំខាន់បំផុត​នៃ​ប្រវត្តិសាស្ត្រ​ខ្មែរ​សម័យ​ទំនើប​រាប់​ចាប់តាំងពី​កម្ពុជា​ស្ថិតក្រោម​អាណានិគម​បារាំង សម័យ​រុងរឿង​ក្រោយ​ឯករាជ្យ ទំព័រ​ខ្មៅ​ងងឹត​នៃ​របប​ខ្មែរក្រហម រហូតដល់​យុគសម័យ​សន្តិភាព ការផ្សះផ្សារ​ជាតិ និង​ការបង្កើត​របបរាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ​នៅក្នុង​ទសវត្សរ៍​ឆ្នាំ១៩៩0។ អ្វីដែល​ប្រជារាស្ត្រ​ខ្មែរ​ចងចាំ​មិន​ភ្លេច​ពី​ស្នា​ព្រះហស្ត​របស់​ព្រះអង្គ​ចំពោះ​ជាតិ​មាតុភូមិ​កម្ពុជា គឺ​ការទាមទារ​ឯករាជ្យ​ពី​ប្រទេស​បារាំង​មកវិញ នៅ​ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ