ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 17/08 12h00 GMT

សក់​និង​ជំងឺ​ស្បែក​ក្បាល

សក់​និង​ជំងឺ​ស្បែក​ក្បាល
 
©RFI

សក់​ក្បាល​ជា​ចំណែក​មួយ​នៃ​ការ​លើក​សម្រស់​មនុស្ស​ជា​ទូទៅ ដោយ​ភាព​រលើប​រលូន​ល្អ។ សក់​ជ្រុះ​ខ្លាំង​ពេក​ អាច​នាំ​ឱ្យ​មើល​ទៅ​មនុស្ស​ចាស់​ជាងអាយុ ឬ​បើ​មាន​អង្គែ​ មើល​ទៅ​ហាក់​ដូច​ជា​គ្មាន​អនាម័យ​ក្នុង​ខ្លួន។ ប៉ុន្តែ​នេះ​គ្រាន់​តែ​ជា​ការ​គិត​ និងការ​យល់​ឃើញ​តែ​ប៉ុណ្ណោះ តាមពិត​សក់​ជ្រុះ ​ឬ​មាន​អង្គែ​លើក្បាល គឺ​បណ្តាលមក​ពី​​មាន​ជំងឺ។

លោកសាស្ត្រាចារ្យ​វេជ្ជបណ្ឌិត ម៉ី ស៊ីថាច សូម​ជម្រាប​ជូន​អស់​លោក​អ្នក​នាង​អំពី​ជំងឺ​ផ្សេងៗ ដែល​អាច​កើត​មាន​នៅ​លើ​ស្បែក​ក្បាល​របស់​មនុស្ស​យើង។

ដំណើរ​ជីវិត​របស់​សក់​មួយ​សរសៃ​មាន​បី​ដំណាក់កាល ៖

-​ ដំណាក់កាល​លូតលាស់។ សក់​ក្បាល​ប្រមាណ​៨៥% ស្ថិត​ក្នុង​ដំណាក់កាល​លូត​លាស់​នេះ ដែល​មាន​រយៈ​ពេល​ពី ២​ទៅ​៧​ឆ្នាំ។
- ដំណាក់កាល​​​វិវឌ្ឍន៍។ ដំណាក់កាល​នេះ​មាន​រយៈ​ពេល​ពី ពីរ​ទៅ​បី​សប្តាហ៍ សម្រាប់​សក់ក្បាល​តែ​ប្រមាណ​១%​ប៉ុណ្ណោះ។
- ដំណាក់​កាល​ទី​បី គឺ​ដំណាក់​កាល​សំរាក។ ដំណាក់កាល​នេះ​អាច​អូស​បន្លាយ​ដល់​ពីរ​ឬ​បី​ខែ និង​ពាក់​ព័ន្ធ​លើ​សក់​ក្បាល​ ​ប្រមាណ​១៤%។
រាល់​សក់​មួយ​សសែ​ៗដែល​មាន​នៅ​លើក្បាល​របស់​យើង​ មិន​ដូច​គ្នា​។ មួយ​សសែ​នេះ​ស្ថិត​ក្នុង​ដំណាក់​កាលលូត​លាស់ មួយ​​សរសៃ​​នោះ​​ទៀត​ដល់​អាយុ​ត្រូវ​ជ្រុះ ដូច្នេះ​វា​ជា​ការធម្មតា​ទេ ដែល​យើង​ឃើញ​មាន​សក់​ជ្រុះ​ក្នុង​មួយ​ថ្ងៃៗ ប្រមាណ​ពី ៣០ ទៅ​៥០​សរសៃ​ ឬ​ក៏​ច្រើន​ជាង​នេះ​នោះ។

សក់​មួយ​សរសៃៗ​អាច​ដុះ​លូត​លាស់​​ ប្រែ​ប្រួល​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត និង​ពី​កន្លែងមួយ​ទៅ​កន្លែង​មួយ​ ទៅ​តាម​ទីតាំង​នៃ​សក់​លើ​លលាដ៏ក្បាល។

កាត់​សក់​ខ្លី នឹង​ជួយ​ឲ្យ​សក់​លូត​លាស់​ឆាប់​ មិន​មែន​ជា​គំនិត​ត្រឹម​ត្រូវ​ទេ ព្រោះ​សក់​ដុះ​លូតលាស់​ដោយ​សារ​ឬស​របស់​វា។

ដំបូន្មាន​​ចុងក្រោយ​​ ដែលសំខាន់​នោះ គឺ​ការធ្វើ​ម៉ាស្សា​ស្បែក​ក្បាល​ ដើម្បី​ជួយ​ឲ្យ​មាន​ដំណើរ​ឈាម​ល្អ។ បើ​ដំណើរ​ឈាម​ល្អ វា​អាច​ជួយ​កម្ចាត់​កោសិកាងាប់ៗ​ និង​អាច​ជួយ​សក់​ថ្មីឲ្យ​ដុះបាន​ស្រួល។

ប៉ុន្តែ​សូម​ចង​ចាំ​ថា ការ​លូត​លាស់​នៃ​សក់​ក្បាល ក៏​ដូច​ការ​ជ្រុះ​ដែរ មាន​ពាក់​ព័ន្ធ​មួយ​ផ្នែក​នៅ​នឹង​កត្តា​អ័រមូន និង​ពូជ។
 
សត្រូវ​របស់​សក់

ជា​ប្រចាំ​ថ្ងៃ​ សក់ក្បាលត្រូវ​ប្រឈម​នឹង​បញ្ហា​អាកាសធាតុ​ជាច្រើន មានជា​អាទិ៍ កម្តៅ​ព្រះ​អាទិត្យ ខ្យល់ អាកាស​ធាតុ​ត្រជាក់។​ បរិយាកាស​ទាំង​នេះ​ ​អាច​ធ្វើ​ឲ្យ​សក់​ងាយ​នឹង​រង​គ្រោះ។
លើស​ពី​នេះ​ទៅ​ទៀត សក់​ក្បាល​ត្រូវ​ប្រឈម​នឹង​ការ​គំរាម​កំហែង​ពី​យន្តការ​មួយ​ចំនួន ដូច​ជា​ ទាញ​សិត កន្ទាក់ ចង​រឹត​ ដែល​បង្ក​ឲ្យ​សក់​ងាយ​បាក់។ បើ​សក់​កំពុង​សើម​ ជា​សក់​ដែល​ងាយ​រង​គ្រោះ​ ដូច្នេះ​គួរ​ប្រើ​ស្និតសក់​ដែល​មាន​ធ្មេញ​រង្វើលៗ ទើប​ប្រសើរ។

ការ​ប្រើ​ប្រាស់​ម៉ាស៊ីន ផ្លុំ​ ម៉ាស៊ីនអ៊ុត ទាញ ក្តៅៗ ធ្វើ​ឲ្យ​សក់​​មាន​សភាព​ស្ងួត​ខុស​ពី​ធម្មតា។ យកល្អ​មុន​នឹង​ប្រើ​កម្តៅ លើសក់ លោក​អ្នក​គួរ​តែ​ប្រើ​ផលិតផល​ព្យាបាល ឬ​ការពារ​សក់​ស្ងួត ដែលលាប​ដោយ​​មិន​ត្រូវ​ការ​លាង​ទឹក​ចេញ​ជាមុន​សិន។ ម៉ាស៊ីន​ផ្លុំសក់ ត្រូ​វ​ដាក់​ឲ្យ​បាន​ចម្ងាយ​យ៉ាង​ហោចណាស់ ១០ ទៅ​១៥​សង់ទីម៉ែត្រ ពី​ក្បាល។

​សត្រូវ​របស់​សក់​ក្បាល​មួយ​ទៀត គឺ​ផលិតផល​គីមី។ ផលិតផល​គីមី ដែល​គេ​ដាក់លាយ​សម្រាប់​ប្តូរ ឬ​លាប​ពណ៌សក់ នេះ​ ជា​ញឹក​ញាប់​ច្រើន​បង្ក​ឲ្យ​សក់​មាន​លក្ខណៈ​ទន់​ខ្យោយ ពោល​ គឺ​ងាយ​នឹង​ឆាប់​មាន​សភា​ព​ស្ងួត​ ស្រួយ។​ បើ​លោក​អ្នក​ចូល​ចិត្ត​ប្តូរ​ផ្លាស់​ពណ៌សក់ សូមមេត្តា​គិត​គូរ​រក​ប្រើ​ថ្នាំ​ចាំ​បាច់​ ដែល​​ផ្តល់​​សំណើម​ដល់​សក់ ឲ្យ​បាន​ជា​ប្រចាំ​ទើប​អាច​ជួយ​ការពារ​សុខភាព​សក់​ក្បាល​បាន​ល្អ៕

 

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ