អានតួអត្ថបទ
ចិន-សហរដ្ឋ​អាមេរិក

សិទ្ធិមនុស្ស ៖ ប៉េកាំង​ស្នើ​ឲ្យ​​វ៉ាស៊ីនតោន​ឆ្លុះ​កញ្ចក់​មើល​ខ្លួន​ឯង​សិន មុន​នឹង​រិះគន់​អ្នក​ដទៃ

ឆ្លើយ​តប​នឹង​ការ​រិះគន់​មិន​ចេះ​ឈប់​ឈរ ​ពី​សំណាក់​សហរដ្ឋ​អាមេរិក និង​​ពីសំណាក់​អង្គការ​សិទ្ធិមនុស្ស​ផ្សេងៗ អំពី​ការ​រំលោភ​សិទ្ធិមនុស្ស​នៅ​ក្នុង​ប្រទេស​ចិន អាជ្ញាធរ​ក្រុង​ប៉េកាំង​បាន​​​ធ្វើ​​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​​​វាយ​បក​វិញ​នៅ​ថ្ងៃ​នេះ។ សម្រាប់​រដ្ឋាភិបាល​ចិន ​សហរដ្ឋ​អាមេរិក​មហាប្រទេស​ប្រជាធិបតេយ្យ មាន​បង្កប់ជំងឺ​សង្គម​​ច្រើន​ណាស់ មាន​ជាអាទិ៍ អំពើ​​ឧក្រិដ្ឋកម្ម ភាព​ក្រីក្រ ការ​ប្រកាន់​ពូជសាសន៍ ពណ៌​សម្បុរ និង​ភេទ។

© Reuters
ផ្សាយពាណិជ្ជកម្ម
01:46

សេចក្តី​រាយការណ៍​របស់ អៀង សុខម៉ិញ

បោះផ្សាយដោយ​សារព័ត៌មាន​​ផ្លូវការ​នៅ​ថ្ងៃ​ចន្ទ​ទី​១១​មេសា​នេះ របាយការណ៍​ចិន​បាន​សម្តែង​ការ​សោក​ស្តាយ​ចំពោះ​ទង្វើ​របស់​សហរដ្ឋ​អាមេរិក​ជា​គូ​សត្រូវ ថា​បាន​ជីក​​​ថ្លុក​ដាក់​ឈាម​ នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់ និង​នៅ​ក្នុង​ប្រទេស​អាហ្វហ្កានិស្ថាន និង​បាន​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​ដាក់​​ទារុណកម្មដល់​សត្រូវ​របស់​ខ្លួន។ សម្រាប់​រដ្ឋាភិបាល​ចិន ប្រព័ន្ធ​នយោបាយ​សហរដ្ឋ​​អាមេរិក​គឺ​ជា​ចំណាប់​ថ្នូរ​នៃ​ផល​ប្រយោជន៍​សេដ្ឋកិច្ច។

​បើ​យោង​តាម​របាយ​ការណ៍​ប្រចាំ​ឆ្នាំ​របស់​ចិន​នេះ​​ដដែល​ សហរដ្ឋ​អាមេរិក​កម្រ​លើក​ឡើង​ណាស់​អំពី​សា្ថនភាព​រំលោភ​សិទ្ធិមនុស្ស​ក្នុង​ប្រទេស​របស់​ខ្លួន​។ ជានិច្ចកាល​ ក្រុង​វ៉ាស៊ីនតោន​តែង​បិទ​ភ្នែក​ មើល​រំលង​​កំហុស​​ខ្លួន​ឯង។

សូម​បញ្ជាក់​ថា​របាយការណ៍​ចិនថ្ងៃ​នេះ​ ​ជា​ចម្លើយ​តប​​ទៅ​នឹង​របាយ​ការណ៍​របស់​សហរដ្ឋ​អាមេរិក ចេញ​ផ្សាយ​កាលពីថ្ងៃ​សុក្រ​ទី ៨​មេសា​។ របាយ​ការណ៍​អាមេរិកនោះ បាន​រិះគន់​រដ្ឋាភិបាល​ចិន ថា​បាន​ប្រើ​​វិធានការ​រឹត​ត្បិត​សេរីភាព​ក្នុង​សង្គម​ជាទូទៅ ទាំង​ផ្នែក​វប្បធម៌ និង​សាសនា មិន​ថា​ចំពោះ​ជន​ស៊ីវិល ឬ​អង្គការ​ការ​ពារ​សិទ្ធិមនុស្ស​។ សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ ទាំង​តាម​រយៈ​ប្រព័ន្ធ​អ៊ីនធឺណែត និង​ទាំង​តាម​រយៈ​សារព័ត៌មាន​ ទទួល​រង​ការ​ត្រួត​ពិនិត្យ​​យ៉ាង​ខ្លាំង។ ករណី​ចាប់​ខ្លួន​វិចិត្រករ​ អៃវៃវៃ (Ai Weiwei) ក៏​មាន​លើក​ឡើង​នៅ​ក្នុង​របាយ​ការណ៍​នេះ​ដែរ។

ក៏​ប៉ុន្តែ​អាជ្ញាធរ​ចិន ដែល​ហាម​ឃាត់​ប្រទេស​ដទៃ​មិន​ឲ្យ​ជ្រៀត​ជ្រែកកិច្ច​ការ​ផ្ទៃក្នុង​របស់​ខ្លួន បាន​ណែ​នាំ​សហរដ្ឋ​អាមេរិក​ឲ្យ​គិត​គូរ​អំពី​ស្ថានភាព​សិទ្ធិមនុស្ស​ក្នុង​ប្រទេស​របស់​ខ្លួន​ផង។​ព្រោះ​តាម​ការ​ពិត​ទៅ​នោះ សហរដ្ឋ​អាមេរិក​ជា​រដ្ឋ​ដែល​មាន​នយោបាយ​​រំលោភ​សិទ្ធិមនុស្ស​ រំលោភ​សិទ្ធិ​ជន​ស៊ីវិល ​និង​ប្រជាពលរដ្ឋ​យ៉ាង​ខ្លាំង។ ម្យ៉ាង​ទៀត​ សង្គម​អាមេរិក​ជា​សង្គម​មួយ​ដែល​មាន​ពោរពេញ​ទៅ​ដោយ​ឧក្រិដ្ឋកម្ម ទារុណកម្ម និង​ដែល​មាន​ការ​ប្រើ​ប្រាស់​អាវុធ​យ៉ាង​ផុសផុល​បំផុត។ នេះ​បើ​តាម​ការ​អត្ថាធិប្បាយ​រៀប​រាប់​លម្អិត​ក្នុង​របាយការណ៍​​ចិន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ