អានតួអត្ថបទ
ភូមិសាស្រ្តនយោបាយ

តេង សៀវប៉េង (Deng Xiaoping) បិតា​នៃ​វឌ្ឍនភាព​សេដ្ឋកិច្ច​ចិន

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃនេះហ្សង់-ហ្វ្រង់ស័រ​ តាន់​សូមបន្ត​ពិនិត្យ​មើល​ទៅ​លើ​ស្ថានភាព​ភូមិសាស្រ្ត នយោបាយ​របស់​ប្រទេស​ចិន តទៅទៀត។សព្វថ្ងៃ ចិន​បាន​ក្លាយ​ជា​មហាអំណាច​តំបន់​មួយ​ប្រកែក​មិនបាន និង​មាន​មហិច្ឆតា​ចង់​ក្លាយ ជា​មហាអំណាច​ពិភពលោក។ ទាំងនេះ គឺ​ដោយសារ​តែ​មរតក​សេដ្ឋកិច្ច និង​សម្បត្តិ មនោគមវិជ្ជា​ដ៏​ធំធេង​ដែល​លោក តេង សៀវប៉េង​បាន​បន្សល់ទុក​ឲ្យ​ប្រជាជាតិ​ចិន​ដែរ។

ម៉ៅ សេទុង និង​​តេង សៀវប៉េង​
ម៉ៅ សេទុង និង​​តេង សៀវប៉េង​ ©
ផ្សាយពាណិជ្ជកម្ម

ថ្នាក់​ដឹកនាំ​បស្ចិម​លោក អ្នក​សង្កេតការណ៍ និង​អ្នក​ការទូត​ចាប់​អារម្មណ៍​ខ្លាំង​ឡើងៗ ទៅ​លើ​មហិច្ឆតា​របស់​ចិន ពីព្រោះ​ចិន​ទុក​ចិត្ត​ខ្លួន​ឯង​កាន់​តែ​ខ្លាំង ចង់​ឲ្យ​ពិភពលោក​ទទួល​ស្គាល់​ខ្លួន ថា​ជា​មហាអំណាច​មួយ​ពិត​ប្រាកដ។ សកម្មភាព​អន្តរជាតិ​របស់​មហាយក្ស​អាស៊ី​មួយ​នេះ ដែល​ច្របាច់​បញ្ចូល​គ្នា​យ៉ាង​ប៉ិន​ប្រសប់​ជំនួញ​និង​ការទូត កំពុង​ជះ​ឥទ្ធិពល​ខ្លាំង​ទៅ​លើ​អាស៊ី អាហ្វ្រិក និង​អាមេរិក​ខាង​ត្បូង។

 
គេ​នឹង​មិន​អាច​យល់​បាន​ឡើយ​ថា​ហេតុអ្វី​បាន​ជា​នៅ​ដើម​សតវត្សរ៍​ទី​២១​នេះ ចិន​បាន​ក្លាយ​ជា​មហាអំណាច​តំបន់ និង​មាន​មហិច្ឆតា​ចង់​ក្លាយ​ជា​មហា​អំណាច​ពិភពលោក បើ​សិន​ជា​គេ​មិន​សាកល្បង​យល់​ជា​មុន​សិន​ទេ​នូវ​មរតក​សេដ្ឋកិច្ច​និង​សម្បត្តិ​មនោគមវិជ្ជា​ដ៏​ធំធេង​ដែល​តេង សៀវប៉េង (Deng Xiaoping) បាន​បន្សល់​ទុក​ឲ្យ​ប្រជាជាតិ​ចិន។ គឺ​តេង សៀវប៉េង​នេះ​ហើយ ដែល​បាន​ប្តូរ​ទិសដៅ​យុទ្ធសាស្រ្ត​របស់​ប្រទស​ចិន​មុន​គេ​បង្អស់ ដោយ​បាន​ទាញ​ប្រជាជាតិ​ទាំង​មូល​ចេញ​ពី​សករាជ​មនោគមវិជ្ជា​ដើម្បី​បោះជំហាន ទៅ​រក​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច។

ពី​ឆ្នាំ​១៩៤៩ ឆ្នាំ​ដែល​សាធារណរដ្ឋ​ប្រជាមានិត​ចិន​បាន​បដិសន្ធិ​ឡើង រហូត​ដល់​ឆ្នាំ​១៩៧៦ ឆ្នាំ​នៃ​មរណភាព​របស់​ជូ អេនឡាយ (Chou En Lai) និង​របស់​ម៉ៅ សេទុង (Mao Tsé-Tong) យុទ្ធសាស្រ្ត​របស់​ប្រទេស​ចិន​ពឹង​ផ្អែក​ទាំង​ស្រុង​ទៅ​លើ​កត្តា​មនោគមវិជ្ជា ទៅ​លើ​ទ្រឹស្តី​របស់​អគ្គមគ្គទេសក៍​ម៉ៅ ទឹ្រស្តី​ដែល​គេ​បាន​ចង​ក្រង​ទុក​ក្នុង​កូន​សៀវភៅ​ក្រហម(Le petit livre rouge)។

ចំពោះ​ម៉ៅ សេទុង វីរបុរស​ចិន​គឺ​ជា​អ្នក​ដែល​បាន​ចាប់​កំណើត នៅ​ក្នុង​ភាព​ក្រ​តោក​យ៉ាក តែ​ធំ​ដឹង​ក្តី​ក្នុង​ភាព​រុងរឿង ដោយសារ​តែ​គណបក្ស​កុម្មុយនិស្ត។ តាម​រយៈ​ការ​សង្វាត​អាន​កូន​សៀវភៅ​ក្រហម​របស់​ម៉ៅ សេទុង រៀង​រាល់​ថ្ងៃ វីរបុរស​កុម្មុយនិស្ត​ចិន​ប្រែ​ក្លាយ​ទៅ​ជា​គោលគំនិត​របស់​ម៉ៅ សេទុង ដែល​កំពុង​តែ​មាន​ចលនា និង​សកម្មភាព​ជាក់​ស្តែង នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​តែ​ម្តង។

ចំពោះ​ម៉ៅ សេទុង មនោគមវិជ្ជា​ម៉ៅនិយម​គឺ​ជា​អាវុធ​ភូមិសាស្រ្ត​នយោបាយ​មួយ​ដ៍​មាន​ប្រសិទ្ធភាព សម្រាប់​ទប់ទល់​នឹង​ការ​គំរាមកំហែង​ពី​សំណាក់​សហរដ្ឋអាមេរិក និង​ពី​សំណាក់​សហភាព​សូវៀត។ ឧទាហរណ៍ ទ័ព​កុម្មុយនិស្ត​នៅ​វៀតណាម នៅ​កម្ពុជា និង​នៅ​ឡាវ សុទ្ធ​តែ​បាន​អនុវត្ត​ទ្រឹស្តី​យោធា​របស់​ម៉ៅ ដើម្បី​រុញ​ច្រាន​អាមេរិក​ ចេញ​ពី​ឥណ្ឌូចិន​នៅ​ឆ្នាំ​១៩៧៥។

ផ្ទុយ​ពី​ម៉ៅ សេទុង តេង សៀវប៉េង យល់​ឃើញ​ថា​ប្រទេស​ចិន​ត្រូវ​តែ​ចាកចេញ​ជា​បន្ទាន់​ពី​សករាជ​មនោគមវិជ្ជា​ឆ្វេង​និយម​ជ្រុល ដែល​បាន​ជះ​ឥទ្ធិពល​អវិជ្ជមាន​ទៅ​លើ​សង្គម​ចិន​ទាំង​មូល​ តាម​រយៈ​បដិវត្តន៍​វប្បធម៌​ពី​ឆ្នាំ​១៩៦៦​ដល់​ឆ្នាំ​១៩៧៦។ តេង សៀវប៉េង យល់​ឃើញ​ថា មនោគមវិជ្ជា​ឆ្វេង​និយម​ជ្រុល​បាន​បង្កឲ្យ​មាន​ភាពតាន​តឹង​ជា​អចិន្ត្រៃយ៍ ទាំង​នៅ​ក្នុង​ប្រទេស​ចិន ទាំង​នៅ​លើ​ឆាក​អន្តរជាតិ។ តេង សៀវប៉េង​មាន​ជំនឿ​យ៉ាង​មាំ​ថា ដើម្បី​ទប់ទល់​នឹង​អាមេរិក ប្រឈម​មុខ​នឹង​សូវៀត ប្រទេស​ចិន​ត្រូវ​បោះ​ជំហាន​ទៅ​រក​ភាព​រុងរឿង​ផ្នែក​សេដ្ឋកិច្ច​ជា​មុន​សិន រួច​ហើយ​បើ​សិន​ជា​ចាំបាច់ បើ​សិន​ជា​កាលៈទេសៈ​ទាមទារ ចាំ​វិល​មក​ពង្រឹង​មនោគមវិជ្ជា នៅ​ពេល​ក្រោយ​វិញ។

នៅ​ខែ​ធ្នូ​ឆ្នាំ​១៩៧៨ នា​ឱកាស​សម័យ​ប្រជុំ​ពេញ​អង្គ​ទី​៣​នៃ​មហាសន្និបាត​លើក​ទី​១១​របស់​បក្ស​កុម្មុយនិស្ត​ចិន តេង សៀវប៉េង បាន​ប្រកាស​ប្តូរ​ទិសដៅ​យុទ្ធសាស្រ្ត​នៃ​ប្រទេស​ចិន។ គេ​អាច​សង្ខេប​គោល​គំនិត​របស់​តេង សៀវប៉េង ថា​ជា​យុទ្ធសាស្ត្រ​ដែល​មាន​គោលដៅ​ធ្វើ​ឲ្យ​ប្រទេស​ចិន​លេច​ត្រដែត​ឡើង​ដោយ​សន្តិវិធី​នៅ​លើ​ឆាក​អន្តរជាតិ។ លោក​អគ្គមគ្គទេសន៍​តេង សៀវប៉េង​មាន​មហិច្ឆតា​ចង់​ធ្វើ​ឲ្យ​«ខ្លា​ក្រដាស​ចិន»ក្លាយ​ជា​មហា​អំណាច​មួយ​ពិត​ប្រាកដ តាម​រយៈ​កំណែទម្រង់​សេដ្ឋកិច្ច។

ដើម្បី​បោះ​ជំហាន​ទៅ​រក​ភាព​រុងរឿង​សេដ្ឋកិច្ច​បាន ប្រទេស​ចិន​ត្រូវ​ការ​បរិយាកាស​ធូរ​ស្រាល នៅ​លើ​ឆាក​អន្តរជាតិ និង​សន្តិភាព​នៅ​ក្នុង​តំបន់។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ នៅ​លើ​សាច់ការ​ជាក់​ស្តែង គោលគំនិត​ធ្វើ​ឲ្យ​ប្រទេស​ចិន​លេច​ត្រដែត​ឡើង​ដោយ​សន្តិវិធី​របស់​តេង សៀវប៉េង ត្រូវ​បាន​បំផុសបំផុល​ឡើង​ជួន​ចំ​ពេល​មួយ​ដែល​ប្រទេស​ចិន​ជួប​ប្រទះ​នឹង​ភាព​តានតឹង នៅ​លើ​ឆាក​អន្តរជាតិ ជាពិសេស នៅ​ខ្ទង់​ឆ្នាំ​១៩៧៨-១៩៧៩។ ពីព្រោះ​កាល​នោះ ចិន​និង​សូវៀត ប្រជែង​ឥទ្ធិពល​គ្នា​ខ្លាំង និង​ពីព្រោះ វៀតណាម​ដែល​កាល​ណោះ​ជា​ប្រទេស​រណប​សូវៀត​បាន​ចូល​ឈ្លានពាន​កម្ពុជា​ប្រជាធិបតេយ្យ​របស់​ប៉ុល ពត​ដែល​រណប​ប្រទេស​ចិន។

ដើម្បី​ទប់ទល់​នឹង​ការ​គំរាម​កំហែង​ពី​សំណាក់​សហភាពសូវៀត តេង សៀវប៉េង បាន​អនុវត្ត​នយោបាយ«សត្រូវ​របស់​សត្រូវ​ខ្ញុំ​ជា​មិត្រ​របស់​ខ្ញុំ»។ នៅ​ក្នុង​ន័យ​នេះ នៅ​ថ្ងៃ​ទី​១​មករា​ឆ្នាំ​១៩៧៩ ប្រទេស​ចិន​បាន​សម្រួល​ទំនាក់ទំនង​ទូត​ជាមួយ​សហរដ្ឋអាមេរិក​ដែល​ជា​សត្រូវ​របស់​សហភាពសូវៀត។ ចាប់​ដៃ​ជាមួយ​អាមេរិក​រួច​ហើយ ថ្នាក់​ដឹកនាំ​ចិន​ដែល​កក់​ក្តៅ​ចិត្ត​ជាង​មុន បាន​សម្រេច​បញ្ជូន​សារ​ធម៌​ក្តៅ​មួយ​ទៅ​កាន់​សហភាពសូវៀត ដោយ​បាន​វាយ​លុកលុយ​ទៅ​លើ​ប្រទេស​វៀតណាម នៅ​ថ្ងៃ​១៧​កុម្ភៈ​ឆ្នាំ​១៩៧៩។ គឺ​ជា​សង្រ្គាម​មួយ​ដ៏​ខ្លី ដែល​ថ្នាក់​ដឹក​នាំ​ចិន​ចាត់​ទុក​ថា ជា​ការ​ផ្តល់​មេរៀន​មួយ​ដល់​ទីក្រុង​ហាណូយ​(Hanoï)។

នៅ​ទី​បំផុត យុទ្ធសាស្រ្ត​ភូមិសាស្រ្ត​នយោបាយ​នេះ​របស់​តេង សៀវប៉េង បាន​បើក​លទ្ធភាព​ឲ្យ​ចិន​ហែល​ឆ្លង​កាត់​ទសវត្សរ៍​ទី​៨០ ដោយ​ទទួល​បាន​ជោគជ័យ​ទាំង​នៅ​ក្រៅ​ប្រទេស ទាំង​នៅ​ក្នុង​ប្រទេស។ នៅ​ក្រៅ​ប្រទេស សម្ព័ន្ធភាព​យុទ្ធសាស្រ្ត​រវាង​ចិន​និង​អាមេរិក មិន​ត្រឹម​តែ​បាន​រំងាប់​ភាព​តានតឹង​រវាង​ទីក្រុង​ប៉េកាំង(Pékin)និង​វ៉ាស៊ីនតោន(Washington) ​ប៉ុណ្ណោះ​ទេ តែ​វា​ថែម​ទាំង​បាន​អនុញ្ញាត​ឲ្យ​ប្រទេស​ចិន​ទប់ទល់​នឹង​ការ​គាបសង្កត់ ពី​សំណាក់​សហភាព​សូវៀត​ទៀត​ផង។ ម្យ៉ាង​វិញ​ទៀត បរិយាកាស​ធូរស្រាល នៅ​លើ​ឆាក​អន្តរជាតិ​ក៏​បាន​អនុញ្ញាត​ឲ្យ​ប្រទេស​ចិន​ប្រមូល​កម្លាំង​កាយ​និង​កម្លាំង​ប្រាជ្ញា ដើម្បី​ធ្វើ​កំណែ​ទម្រង់​សេដ្ឋកិច្ច នៅ​ក្នុង​ប្រទេស ស្រប​ទៅ​តាម​ទ្រឹស្តី​របស់​តេង សៀវប៉េង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ