អានតួអត្ថបទ
ចិន-សេដ្ឋកិច្ច

អត្រា​អតិផរណា​ថយចុះ ​ផលិតផល​ឧស្សាហកម្ម​ក៏ស្រុតចុះ​ដូចគ្នា​ដែរ​

ប្រទេសចិន​បាន​ប្រកាស​នៅថ្ងៃសុក្រ​ទី១១​ឧសភា​នេះ​ឲ្យដឹងថា​ ​ អត្រា​អតិផរណា​បាន​ធ្លាក់​ស្រុត​ចុះ​ ​ ហើយ​កំណើន​ផលិតផល​ឧស្សាហកម្ម​ក៏​បាន​ថយ​ចុះ​ដូចគ្នា​អ៊ីចឹង​ដែរ។​ នេះ​ជា​កំណើន​ដ៏​តិចទាប​បំផុត​សម្រាប់​រយៈកាល​បីឆ្នាំ​ចុងក្រោយនេះ។

សៀងហៃ​ទីក្រុង​​​ហិរញ្ញវត្ថុ​​​និង​​​ឧស្សាហកម្ម​​​ដ៏​​សំខាន់​​​នៃ​​​ប្រទេស​ចិ​ន​​
សៀងហៃ​ទីក្រុង​​​ហិរញ្ញវត្ថុ​​​និង​​​ឧស្សាហកម្ម​​​ដ៏​​សំខាន់​​​នៃ​​​ប្រទេស​ចិ​ន​​ Reuters/Aly Song
ផ្សាយពាណិជ្ជកម្ម

អត្រា​អតិផរណា​ឬ​អត្រា​នៃ​ទំនិញ​ឡើងថ្លៃ​នៅ​ប្រទេស​ចិន​សម្រាប់​ខែមេសា​ឆ្នាំ២០១២​បាន​កើនឡើង​៣,៤%​សម្រាប់​រយៈពេល​​មួយឆ្នាំ​ ​ ទល់នឹង​៣,៦%​នៅ​ខែមីនា​កន្លងទៅ។​ នេះ​បើយោងតាម​តួលេខ​របស់​ការិយាល័យ​ជាតិ​ខាង​ស្ថិតិ។

 
ចំណែកឯ​កំណើន​ផលិតផល​ឧស្សាហកម្មវិញ​បាន​កើនឡើង​តែ​៩,៣%​ប៉ុណ្ណោះ​ក្នុង១ឆ្នាំ​សម្រាប់​ខែមេសា​ឆ្នាំ២០១២​ ​ ទល់នឹង​១១,៩%​ក្នុង១ឆ្នាំ​សម្រាប់​ខែមីនា​កន្លងទៅ។
ដូច្នេះ​ឃើញថា​ ​ អត្រា​កំណើន​ផលិផល​ឧស្សាហកម្ម​ចិន​នៅខែ​មេសា​ឆ្នាំ២០១២​គឺជា​អត្រា​ទាបបំផុត​ពុំដែល​កើតមាន​តាំងពី​ខែឧសភា​ឆ្នាំ២០០៩មក។​ ទាំងនេះ​មានកម្រិត​ទាបជាង​ការប្រមាណ​របស់​ទីភ្នាក់ងារ​ Dow Jones ​ដែលបាន​គ្រោងថា​ មាន​ប្រមាណ​១២,២%​ឯណោះ។

រីឯ​អត្រា​អតិផរណា​ឬ​អត្រា​នៃ​ទំនិញ​ឡើងថ្លៃ​នៅ​ប្រទេស​ចិន​សម្រាប់​ខែមេសា​ឆ្នាំ២០១២​វិញ​ ​ មាន​កម្រិត​សមស្រប​នឹង​ការ​វិភាគ​របស់​ ទីភ្នាក់ងារ​ Dow Jones ​ឬ​របស់​សារព័ត៌មាន​សេដ្ឋកិច្ច​ចិន​ឈ្មោះ​ Diyi Caijing Ribao ( China Business News)​ ដែល​គ្រោងថា​ ​ អាចថយចុះ​ប្រមាណ​០,១%​នៅខែ​មេសា​ឆ្នាំ២០១២។​ ទាំងនេះ​ក៏​ដោយសារតែ​តម្លៃ​ចំណី​អាហារ​បាន​ស្រុតចុះ​អស់​០,៩%។

ដូច្នេះ​ឃើញថា​ ​ តម្លៃ​ចំណី​អាហារ​នៅ​ប្រទេសចិន​បាន​កើនឡើង​តែ​៧%​ប៉ុណ្ណោះ​ក្នុង១ឆ្នាំ។​ អត្រា​កើនឡើង​នៃ​ចំណី​អាហារ​គឺជា​កត្តា​មួយ​ដ៏​សំខាន់​ ​ ដោយហេតុថា​សម្រាប់​គ្រួសារ​ក្រីក្រ​ ​ ការចំណាយ​ទៅលើ​ចំណី​អាហារ​គឺជា​ការចំណាយ​មួយ​ដ៏​សំខាន់​សម្រាប់​ពួកគេ។

សញ្ញា​មួយទៀត​បង្ហាញ​ឲ្យឃើញ​នូវ​ភាព​ទន់ខ្សោយ​របស់​សេដ្ឋកិច្ច​ចិន​គឺ ​ការទិញ​ដូរ​ហូបចុក​ផ្ទៃក្នុង​នៅ​ខែមេសា​បាន​កើន​ឡើងតែ​១៤,១%​ប៉ុណ្ណោះ​ក្នុង១ឆ្នាំ​ទល់នឹង​១៤,៨%​សម្រាប់​ត្រីមាស​ទីមួយ​កន្លងទៅ។

សូមបញ្ជាក់ថា​ ​ ជាងមួយឆ្នាំ​មកហើយ​សន្ទុះ​កំណើន​ផលិតផល​ដុល​សរុប​របស់​ប្រទេសចិន​បាន​ថយស្រុតចុះ​ ​ ធ្លាក់មកនៅ​ប្រមាណ​៨,១%​សម្រាប់​ត្រីមាស​ទី១​ឆ្នាំនេះ​ ​ ទល់នឹង​៩,៧%​ក្នុង១ឆ្នាំ​សម្រាប់​ត្រីមាស​ទី១​ឆ្នាំ២០១១។​ ហើយ​បញ្ហា​ទំនិញ​ឡើងថ្លៃ​ក៏​ជា​ប្រភព​នៃ​ “អស្ថិរភាព​សង្គម”​ មួយ​ដ៏​គ្រោះថ្នាក់។​ ម្យ៉ាងទៀត​នារយៈកាល​នេះ​ ជា​រយៈកាល​មួយ​ដ៏​រសើប​សម្រាប់​ប្រទេសចិន​ ​ ដោយហេតុថា​អ្នកដឹកនាំចិន​ជំនាន់ថ្មី​នឹង​ឡើងមក​កាន់កាប់​អំណាច​ដឹកនាំប្រទេស​នៅ​សរទរដូវ​ខាងមុខនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ