អានតួអត្ថបទ
ភូមិសាស្រ្តនយោបាយ

យុទ្ធសាស្រ្ត​របស់​ចិន នៅ​ទ្វីប​អាហ្វ្រិក

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃ​នេះ ហ្សង់-ហ្វ្រង់ស័រ តាន់​សូម​បន្ត​និយាយ​ពី​ភូមិសាស្រ្ត​នយោបាយ​នៃ​ប្រទេស​ចិន​ត​ទៅ​ទៀត ដោយ​សូម​លើក​ឡើង​ពី​ទំនាក់ទំនង​រវាង​ប្រទេស​ចិន​និង​ទ្វីប​អាហ្រ្វិក។ ទស្សនកិច្ច​កាន់​តែ​ញឹកញាប់​របស់​ថ្នាក់ដឹកនាំ​ចិន​និង​វត្តមាន​ច្រើន​ឡើងៗ​របស់​ជនជាតិ​ចិន នៅ​អាហ្វ្រិក​នា​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​បាន​និង​កំពុង​បន្ត​ហុច​ប្រយោជន៍​សេដ្ឋកិច្ច​និង​នយោបាយ​មិន​តិច​ទេ​ដល់​ប្រទេស​មហាយក្ស​អាស៊ី។

ផ្សាយពាណិជ្ជកម្ម

 

តាំង​ពី​បាន​ឡើង​ធ្វើ​ជា​ប្រធានាធិបតី​នៃ​ប្រទេស​ចិន​នៅ​ឆ្នាំ​២០០៣​មក លោក​ហ៊ូ ជីនតៅ (Hu Jintao) បាន​ទៅ​បំពេញ​ទស្សនកិច្ច​បួន​លើក​នៅ​អាហ្វ្រិក​រួច​មក​ហើយ បាន​ជាន់​ដី​បណ្តា​ប្រទេស​អាហ្វ្រិក​ចំនួន​១៨ ក្នុង​នោះ​រួម​មាន​ជា​អាទិ៍ ម៉ាលី សេណេហ្កាល់ កាមេរូន ហ្កាបុង ស៊ូដង់ នីហ្សេរីយ៉ា និង​អាហ្វ្រិកខាងត្បូង។

នៅ​ក្រោយ​ទស្សនកិច្ច​​ទាំងអស់​នេះ​ មាន​ជា​បឋម​ប្រយោជន៍​សេដ្ឋកិច្ច​។ ការ​ផ្តោះប្តូរ​ពាណិជ្ជកម្ម​ រវាង​ប្រទេស​ចិន​និង​ទ្វីប​អាហ្វ្រិក​ បាន​កើនជាង៣០​ដង​ ក្នុង​រយៈ​ពេល​តែ​១៣​ឆ្នាំ​ប៉ុណ្ណោះ​ កើន​ពី​៣ពាន់​លាន​ដុល្លារ​ នៅ​ឆ្នាំ​១៩៩៥​ ទៅ​១០ម៉ឺន៧ពាន់លាន​ដុល្លារ​ នៅ​ឆ្នាំ​២០០៨។ និយាយ​បែប​ផ្សេង​ ចិន​បាន​ក្លាយ​ជា​ដៃ​គូ​ពាណិជ្ជកម្ម​ទី​១​ របស់​ទ្វីប​អាហ្វ្រិក​ នៅ​ពីមុខ​សហរដ្ឋ​អាមេរិក​ និង​ប្រទេស​បារាំង។

ដៃគូ​ពាណិជ្ជកម្ម​សំខាន់ៗ​ជាង​គេរបស់​ចិន​នៅ​ទ្វីប​អាហ្វ្រិក​ គឺ​អាហ្វ្រិក​ខាង​ត្បូង​ អង់ហ្គោឡា​ ស៊ូដង់​ និងនីហ្សេរីយ៉ា។ ចិន​លក់​ទៅ​ឲ្យ​ទ្វីប​អាហ្រ្វិក​ សម្លៀក​បំពាក់​ គ្រឿង​សំណង់​ រថយន្ត​ដឹកជញ្ជូន​ និង​អង្ករ​ ហើយ​ទិញ​ពី​អាហ្វ្រិក​មក​វិញ​ វត្ថុធាតុ​ដើម​ ដូច​យ៉ាង​ ដែក​ ស្ពាន់​ ឈើ​ សំឡី​កប្បាស​និងជា​ពិសេស​ប្រេងកាត។

សូម​ជំរាប​ថា​ ចិន​ជា​ប្រទេស​ទី​៣​នៅ​ក្នុងពិភពលោក ​ដែល​ប្រើប្រាស់​ប្រេងកាត​ច្រើន​ជាង​គេ​ ​ក្រោយ​សហរដ្ឋ​អាមេរិកនិង​ជប៉ុន។ នៅ​ឆ្នាំ​២០០៦​ ចិន​បាន​ទិញ​៣០%​នៃ​ប្រេង​កាត​ដែល​ខ្លួន​ត្រូវការ​ពី​ទ្វីប​អាហ្វ្រិក​ ជា​ពិសេស​ពី​ប្រទេស​អង់ហ្គោឡា និងស៊ូដង់​ ​។ ក្រៅ​ពី​នេះ​ រដ្ឋ​ចិន​និង​ក្រុមហ៊ុន​ឯកជន​ចិន​ បាន​និង​កំពុង​បន្ត​ដាក់ទុន​រកស៊ី​យ៉ាង​សន្ធឹក​សន្ធាប់​ នៅ​លើ​ទ្វីប​អាហ្វ្រិក​ ក្នុង​វិស័យ​រុករក​និង​ចម្រាញ់​ប្រេងកាត​ ក្នុង​វិស័យ​ទូរគមនាគមន៍​ ក្នុង​វិស័យ​សំណង់​។ល។​និង​។ល។​ មិន​តែ​ប៉ុណ្ណោះ​រដ្ឋ​ចិន​និង​ក្រុមហ៊ុន​ឯកជន​ចិន​ទាំង​នេះ​ ថែម​ទាំង​បាន​យក​ពលករ​ចិន​ យ៉ាង​តិច​ ៥សែន​នាក់​ មក​ធ្វើការ​នៅ​ក្នុង​ទ្វីប​អាហ្វ្រិក​ទៀត​ផង។

យ៉ាង​ណា​មិញ​ ប្រយោជន៍​សេដ្ឋកិច្ច​ដែល​ចិន​ទាញ​បាន​ពី​ទ្វីប​អាហ្វ្រិក​ នៅ​មាន​លក្ខណៈ​តិច​តួច​ស្តួច​ស្តើង​នៅ​ឡើយ។ ជាក់​ស្តែង​ នៅ​ក្នុង​ពេល​នេះ​ ទ្វីប​អាហ្វ្រិក​តំណាង​តែ​៣%​ប៉ុណ្ណោះ​នៃ​ការ​ផ្តោះប្តូរ​ពាណិជ្ជកម្ម​ទាំង​ស្រុង​របស់​ចិន​ជា​មួយ​ពិភពលោក​។ ដៃ​គូ​ពាណិជ្ជកម្ម​សំខាន់​ជាង​គេ​របស់​ចិន​ គឺ​តំបន់​អាស៊ី​បូព៌ា​ដែល​តំណាង​៤០%​ បន្ទាប់​មក​ទៀត​គឺ​សហភាពអឺរ៉ុប​ ដែល​តំណាង​១៧%​ និង​សហរដ្ឋ​អាមេរិក​ដែល​តំណាង​១៥%​។ ម៉្លោះ​ហើយ​ សួរ​ថា​ តើ​ហេតុអ្វី​បាន​ជា​ចិន​ចាប់​អារម្មណ៍​ខ្លាំង​ម៉្លេះ​ ទៅ​លើ​ទ្វីប​អាហ្វ្រិក​?

គេ​អាច​អះអាង​បាន​ថា​ គោលដៅ​សំខាន់​របស់​ចិន​ តាម​រយៈ​ការ​បង្កើន​វត្តមាន​របស់​ខ្លួន​ នៅ​អាហ្វ្រិក​ គឺ​នយោបាយ​និង​ការទូត។ ម្យ៉ាង​ ចិន​ចង់​កាត់​បន្ថយ​ឥទ្ធិពល​របស់​អាមេរិក​ ដែល​ជា​គូ​ប្រជែង​សំខាន់​ជាង​គេ​របស់​ខ្លួន​ ក្នុង​ការ​ដណ្តើម​យក​ប្រេងកាត​របស់​ទ្វីប​អាហ្វ្រិក។ ម្យ៉ាង​ទៀត​ ចិន​ចង់​កាត់​បន្ថយ​ឥទ្ធិពល​របស់​ជប៉ុន​ ដែល​កំពុង​ប្រឹងប្រែង​បញ្ចុះបញ្ចូល​បណ្តា​ប្រទេស​អាហ្វ្រិក​ឲ្យ​គាំ​ទ្រ​ខ្លួន​ ក្នុង​ការ​ទាមទារ​អាសនៈ​អចិន្រ្តៃយ៍​មួយ​ នៅ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ។ ម្យ៉ាង​ចុង​ក្រោយ​ ចិន​ដែល​កំពុង​បង្កើន​ទំនាក់ទំនង ជាមួយ​អាហ្វ្រិក​ ចង់​បង្ហើយ​ភាព​ឯកា​របស់​តៃវ៉ាន់​ នៅ​លើ​ឆាក​អន្តរជាតិ​។ សូម​ជំរាប​ថា​ សព្វ​ថ្ងៃ​នេះ​ នៅ​មាន​តែ​ប្រទេស​អាហ្វ្រិក​៥​ប៉ុណ្ណោះ​ ដែល​នៅ​មាន​ទំនាក់ទំនង​ទូត​ជា​មួយ​តៃវ៉ាន់​ នោះ​គឺ​សៅតូម៉េ(Sao Tomé) បួគីណាហ្វាសូ(Burkina faso) ហ្កំប៊ី(Gambie) ម៉ាឡាវី(Malawi)​ និង​ ស្វាស៊ីឡង់ (Swaziland) ។

វត្តមាន​របស់​ចិន​នៅ​អាហ្វ្រិក​ និង​ទំនាក់ទំនង​ស្អិត​ល្មួត​រវាង​ចិន​និង​អាហ្វ្រិក​ ពិត​ជា​បាន​ជួយ​ឲ្យ​ទ្វីប​ដ៏​ក្រីក្រ​មួយ​នេះ​ស្គាល់​ការ​អភិវឌ្ឍន៍។ ក៍​ប៉ុន្តែ​ ផលិតផល​Made in China ដែល​មាន​តម្លៃ​ថោក​ និង​ដែល​ហូរ​ចូល​មក​ក្នុង​ទ្វីប​នេះ​ កំពុង​តែ​ផ្តើម​សម្លាប់​កសិកម្ម​ និង​ឧស្សាហកម្ម​នៃ​បណ្តា​ប្រទេស​អាហ្វ្រិក។ ដូច​គ្នា​អ៊ីចឹង​ដែរ​ ពលករ​ចិន​ដែល​មក​ធ្វើ​ការ​នៅ​អាហ្វ្រិក​ កំពុង​ប្រជែង​ជើង​គ្នា​នឹង​ពលករ​អាហ្វ្រិក​ ក្នុង​ការ​ដណ្តើម​ការងារ​គ្នា​ធ្វើ។ ដោយ​ឡែក​ វត្តមាន​ចិន​នៅ​អាហ្វ្រិក​ កំពុង​បង្ក​ឲ្យ​ទំនាក់​ទំនង​អន្តរជាតិ​ស្មុគស្មាញ​ កាន់​តែ​ខ្លាំង។ មូល​ហេតុ​ គឺ​បណ្តាល​មក​ពី​ថ្នាក់​ដឹក​នាំ​ចិន​មិន​រវល់​ពី​អភិបាលកិច្ច​ល្អ​។ ជាក់​ស្តែង​ ចិន​គាំ​ទ្រ​របប​ផ្តាច់ការ​របស់​Mugabe​ នៅ​ស៊ីមបាវ៉េ(Zimbabwe)​ និង​របប​ Omar el-Béchir នៅ​ស៊ូដង់។

តាំង​ពី​ឆ្នាំ​២០០៣​មក​ សង្គ្រាម​ស៊ីវិល​នៅ​ស៊ូដង់​ រវាង​ប្រជាជននៅ​តំបន់​Darfour​ និង​កង​ទ័ព​របស់​Omar​ el​-Béchir​ បាន​បណ្តាល​ឲ្យ​មាន​ស្លាប់​ជិត៣សែន​នាក់​ ភាគ​ច្រើន​ជាប្រជាជន​ស៊ីវិល​នៅ​Darfour។ ចិន​មិន​ព្រម​ដាក់​សម្ពាធ​ទៅ​លើ​រដ្ឋាភិបាល​ស៊ូដង់ តាម​ការស្នើ​របស់ អង្គការ​សហប្រជាជាតិ ពី​ព្រោះ​ស៊ូដង់​លក់​ផ្តាច់​មុខ​ទៅ​ឲ្យ​ចិន​៧០%​ នៃ​ប្រេង​កាត​ ដែល​ខ្លួន​លក់​ចេញ​ទៅ​ក្រៅ​ក្នុង​មួយ​ឆ្នាំៗ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ការ​ទូត​និង​ជំនួញ​របស់​ចិន​នៅ​អាហ្វ្រិក​ ទទួល​បាន​ជោគជ័យធំ​ណាស់។ ថ្នាក់​ដឹក​នាំ​អាហ្វ្រិក​ ជា​ពិសេស​អ្នកកាន់​អំណាច​ផ្តាច់ការ​ចូល​ចិត្ត​រក​ស៊ី​ជា​មួយ​ចិន​ ដែល​មិន​ដាក់​ល័ក្ខខ័ណ្ឌ​នយោបាយ​ ជា​ជាង​ជា​មួយ​អាមេរិក​ឬ​អឺរ៉ុប​ដែល​អាហ្វ្រិក​នៅ​តែ​មើល​ឃើញ​ថា​មាន​អាកប្បកិរិយា​អាណា​និគម​និយម។ ជ័យ​ជំនះ​របស់​ចិន​នៅ​អាហ្វ្រិក​ បាន​ស្តែង​ឡើង​ជា​ពិសេស​ តាម​រយៈ​ជំនួប​កំពូល​ចិន​-អាហ្វ្រិក​ដែល​ត្រូវ​បាន​រៀប​ចំ​នៅ​ប៉េកាំង​ កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​២០០៦។ កាល​នោះ​ ប្រមុខរដ្ឋ​និង​ប្រមុខ​រដ្ឋាភិបាល​អាហ្វ្រិក​ចំនួន​៤៨​ប្រទេស​ ក្នុង​ចំណោម​ប្រទេស​អាហ្វ្រិកទាំង​អស់​៥៣​ បាន​ទៅ​ចូល​រួម​ក្នុង​ជំនួប​កំពូល​នោះ៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ